អន្តរជាតិ
រូម៉ានីជាប្រទេសទី២៤ដែលមានអ្នកឆ្លងកូវីដ-១៩លើសពី១លាននាក់
13, Apr 2021 , 7:29 pm        
រូបភាព
ដោយ: រួបរួម
រូម៉ានី ដែលស្ថិតនៅអឺរ៉ុបខាងកើត ក្លាយជាប្រទេសទី២៤លើពិភពលោកដែលមានអ្នកឆ្លងកូវីដ-១៩ ឡើងដល់ជាង១លាននាក់ ដោយគិតត្រឹមថ្ងៃទី១៣ ខែមេសា នេះ ដែលក្នុងនោះអ្នកស្លាប់មានជាង២៥០០០នាក់ និងសះស្បើយជាង៩១ម៉ឺននាក់។

 
ក្នុងចំណោមអ្នកឆ្លងជាង១៣៧លាននាក់លើពិភពលោក សហរដ្ឋអាមេរិក មានជិតដល់៣២លាននាក់ តាមពីក្រោយដោយឥណ្ឌា និងប្រេស៊ីល ដែលមានអ្នកជំងឺជាង១៣,៥លានរៀងៗខ្លួន។ បារាំងស្ថិតនៅលំដាប់ទី៤ ដែលមានអ្នកជំងឺជាង៥លាននាក់ ខណៈរុស្ស៊ី និងចក្រភពអង់គ្លេស សុទ្ធតែមានជាង៤លាននាក់។
 
តួលេខនៅតួកគី មានអ្នកជំងឺជិត៤លាននាក់ បន្ទាប់មក អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ ដែលមានជាង៣លាននាក់។ ប៉ូឡូញ កូឡុំប៊ី អាល្លឺម៉ង់ ម៉ិកស៊ិក និងអ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលមានជាង២លាននាក់។
 
រីឯបណ្តាប្រទេសដែលមានអ្នកជំងឺជាង១លាននាក់ មានដូចជា អ៊ុយក្រែន ប៉េរូ ឆេក ឥណ្ឌូណេស៊ី អាហ្វ្រិកខាងត្បូង ហូឡង់ ស៊ីលី កាណដា និងរូម៉ានី។
 
ជាង៩០ម៉ឺនករណី មាននៅអ៊ីរ៉ាក់ និងបែលហ្ស៊ិក ខណៈហ្វីលីពីន ស្ថិតក្នុងចំណោមប្រទេសដែលមានជាង៨០ម៉ឺនករណី ជាមួយស៊ុយអែត អ៊ីស្រាអែល និងព័រទុយហ្គាល់។ ប៉ាគីស្ថាន និងហុងគ្រី មានជាង៧០ម៉ឺនករណី។
 
ប្រទេសផ្សេងៗ ដែលមានអ្នកឆ្លងលើសកន្លះលានករណី មាន បង់ក្លាដែស ហ្ស៊កដានី ស៊ែប៊ី ស្វីស អូទ្រីស ជប៉ុន និងម៉ារ៉ុក។
 
ក្នុងចំណោមអ្នកស្លាប់ជិត៣លាននាក់ សហរដ្ឋអាមេរិក មានជាង៥៧,៦ម៉ឺននាក់ ប្រេស៊ីលជាង៣៥,៥ម៉ឺននាក់ ម៉ិកស៊ិកជិត២១ម៉ឺននាក់ ឥណ្ឌាជាង១៧ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២,៧ម៉ឺននាក់ អ៊ីតាលីជាង១១ម៉ឺននាក់ និងរុស្ស៊ី ជាង១០ម៉ឺននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com