អន្តរជាតិ
ក្នុងបរិបទកូវីដ-១៩ តើថៃ មីយ៉ាន់ម៉ា និងឡាវ រៀបចំពិធីអបអរឆ្នាំថ្មីដោយរបៀបណា?
14, Apr 2021 , 9:59 am        
រូបភាព
ការបាញ់ទឹកនៅក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅទីក្រុងបាងកក ក្នុងឆ្នាំ២០១៩។ រូបភាព៖ Reuters
ការបាញ់ទឹកនៅក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅទីក្រុងបាងកក ក្នុងឆ្នាំ២០១៩។ រូបភាព៖ Reuters
ដូចកម្ពុជាដែរ ថៃ មីយ៉ាន់ម៉ា និងឡាវ ក៏មានពិធីអបអរឆ្លងឆ្នាំថ្មីដែរ ដែលជាប្រពៃណីមួយ។ នៅក្នុងឆ្នាំ២០២០ កន្លងទៅ ថៃ មីយ៉ាន់ម៉ា និងឡាវ សុទ្ធតែបានលុបចោលពិធីចូលឆ្នាំថ្មី ដោយសារបារម្ភពីការរីកសាយនៃកូវីដ-១៩ ។ រហូតដល់ឆ្នាំ២០២១ ពិធីប្រពៃណីនៅតាមបណ្តាប្រទេសទាំង៣ នេះ នៅតែប្រឈមនឹងឧបសគ្គដដែល។ សម្រាប់ថៃ និងឡាវ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីបង្ការការរីកសាយកូវីដ-១៩ ខណៈពេលមីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិនយោបាយ ដែលកើតចេញដោយសាររដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ។


តើថៃ មីយ៉ាន់ម៉ា ឡាវ ប្រារព្ធពិធីឆ្លងឆ្នាំថ្មីបែបណា? 
 
ថៃ
 
ប្រសិនបើគ្មានការផ្ទុះកូវីដ-១៩ នៅក្នុងទីក្រុងបាងកកជាថ្មីទេ ការអបអរឆ្លងឆ្នាំថ្មីរបស់ថៃ ឬសង្រ្កាន នឹងប្រារព្ធឡើងតាមបែបបទប្រពៃណីនៅក្នុងទីក្រុងបាងកក និងទីក្រុងធំៗរបស់ថៃផ្សេងទៀត ដោយភ្ជាប់ជាមួយការអនុវត្តគន្លងបែបថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ ស្របពេលថៃអាចគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានហើយ កូវីដ-១៩ បានផ្ទុះឡើងវិញនៅក្នុងទីក្រុងបាងកក និងតំបន់ក្បែរនោះ។ 
 
ការប្រារព្ធពិធីបែបប្រពៃណី ដែលត្រូវបានគ្រោងទុកជាច្រើនត្រូវលុបចោលនៅក្នុងរាជធានីមួយនេះ និងទីក្រុងផ្សេងទៀត ដោយសារការរីកសាយកូវីដ-១៩ ។ អាជ្ញាធរ បានហាមឃាត់ការជះទឹក ការប្រគំតន្រ្តី និងពិធីជប់លៀងរាំកម្សាន្តដែលមានលក្ខណៈធំៗជាដើម។ 
 
យ៉ាងណាមិញ អាជ្ញាធរថៃ បានអនុញ្ញាតឱ្យធ្វើពិធីសាសនាដូចជា ស្រង់ព្រះ ងូតទឹកឱ្យម្តាយឪពុក ឬមនុស្សចាស់ និងពិធីផ្សេងៗ ដែលមានលក្ខណៈជាគ្រួសារប៉ុណ្ណោះ។ 
 
កន្លងទៅ អាជ្ញាធរថៃ ក៏បានអនុញ្ញាតឱ្យប្រជាជនពីទីក្រុងបាងកក និងខេត្តដែលត្រូវបានចាត់ទុកជាតំបន់ឆ្លងខ្លាំង អាចធ្វើដំណើរទៅស្រុកកំណើតបាន ដោយមិនតម្រូវឱ្យដាក់ចត្តាឡីស័ក។ បើតាមការអះអាងរបស់រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul នៅថ្ងៃទី៦ ខែមេសា មានតែប្រជាជន ដែលឆ្លងកូវីដ-១៩ ឬទំនងជាមានអត្រាឆ្លងកម្រិតខ្ពស់ ទើបតម្រូវឱ្យដាក់ចត្តាឡីស័ក។ យ៉ាងណាមិញ លោករដ្ឋមន្រ្តីសុខាភិបាល ក៏បានជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការជុំគ្នាសប្បាយ ដែលនាំឱ្យឆ្លងកូវីដ-១៩។ 
 
ដ្បិតមានការអនុញ្ញាតពីអាជ្ញាធរក៏ពិតមែន ប៉ុន្តែប្រជាជនថៃមួយចំនួន ចង់ស្នាក់នៅផ្ទះ ជាជាងទៅស្រុកកំណើត ឬទៅកន្លែងផ្សេងៗ ស្របពេលអាជ្ញាធរនៅខេត្តខ្លះ បានទាមទារឱ្យប្រជាជនមកពីបាងកក ដាក់ចត្តាឡីស័ក។ នៅក្នុងការស្ទង់មតិរបស់សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ(UTCC) ដែលត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ ប្រជាជន ២៦,៥ ភាគរយ នៃចំនួនប្រជាជន ១ ពាន់នាក់ បានអះអាងថា ពួកគេនឹងស្នាក់នៅផ្ទះ។  
 
ជាមួយគ្នាដែរ មន្រ្តីសុខាភិបាលខេត្តឈៀងម៉ៃ បានស្នើរឱ្យប្រជាជន ដែលធ្វើដំណើរមកពីទីក្រុងបាងកក និងខេត្តចំនួន៤ ដែលជាប់នោះ ត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ទន្ទឹមនេះ ថៃក៏បានដាក់ចេញបទបញ្ញាត្តិ ដើម្បីពិន័យលើបុគ្គល ដែលល្មើសគោលការណ៍ និងចំណាត់ការខាងលើផងដែរ។ អ្នកដែលបំពានគោលការណ៍ខាងលើ នឹងត្រូវដាក់ពន្ធនាគាររហូតដល់ពីរឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ជាង ១២០០ដុល្លារ (៤ម៉ឺនបាត) ឬដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ដោយផ្អែកទៅតាមអនុក្រិត្យស្ថានភាពអាសន្ន។  
 
ឡាវ
 
ដោយឡែកឡាវឯណោះវិញ ក៏បានអនុញ្ញាតឱ្យប្រជាជនខ្លួនប្រារព្ធពិធីឆ្លងឆ្នាំថ្មី (Pi Mai)  ផងដែរ។ ខុសពីថៃបន្តិច ពិធីប្រពៃណីរបស់ឡាវ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ការអបអរឆ្នាំថ្មីនេះ នឹងត្រូវរឹតបន្តឹង និងមិនអនុញ្ញាតឱ្យមានមនុស្សជួបជុំច្រើនទេ ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ ទោះឡាវគ្រប់គ្រងករណីឆ្លងបានល្អក៏ដោយ។ 
 
ស្របគ្នាដែរ ប្រជាជនឡាវ ត្រូវបានអនុញ្ញាតទៅជួបជុំគ្រួសារ មិត្តរួមការងារ ឬទៅវត្តអារាមជាដើម ដោយផ្អែមទៅតាមទំនៀមទំលាប់ ដោយភ្ជាប់ជាមួយវិធានអនាម័យដូចជា ការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងដៃជាដើម។ ប៉ុន្តែការកម្សាន្តនៅខាងក្រៅផ្ទះ ការតាំងពិព័រណ៍ ការរាំកម្សាន្តនៅទីសាធារណៈ គឺត្រូវហាមឃាត់។ 

មីយ៉ាន់ម៉ា
 
មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងវិបត្តិនយោបាយ ដែលកើតចេញដោយសាររដ្ឋប្រហារនៅដើមខែកុម្ភៈ កន្លងទៅ។ ទាក់ទិននឹងបញ្ហានេះ ការប្រារព្ធពិធីចូលឆ្នាំថ្មី ឬ Thingyan ទំនងជាមិនអាចធ្វើឡើងទេ ស្របពេលក្រុមបាតុករ បានអំពាវនាវឱ្យប្រជាជនពហិការប្រារព្ធពិធីប្រពៃណីមួយនេះ។ 
 
ជារៀងរាល់ឆ្នាំមីយ៉ាន់ម៉ា តែងតែធ្វើពិធីមួយនេះ ដើម្បីសាទរឆ្នាំថ្មីនៅពាក់កណ្តាលខែមេសា លើកលែងតែឆ្នាំ២០២០ មួយទេ ដែលត្រូវបានរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ប្រកាសលុបចោល ដោយសារការរីកសាយកូវីដ-១៩។ មកទល់ពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយទាក់ទិននឹងការប្រារព្ធពិធីចូលឆ្នាំថ្មីនៅឡើយទេ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy ក្រុមយុវជនមីយ៉ាន់ម៉ា នៅក្នុងទីក្រុងយ៉ាំងហ្គោន ទីក្រុងTaunggyi និងតំបន់ផ្សេងទៀត បានចាប់ផ្តើមយុទ្ធនាការតាមប្រព័ន្ធអនឡាញ និងវិធានការផ្សេងទៀត ដើម្បីអំពាវនាវឱ្យប្រជាជនកុំអបអរឆ្នាំថ្មី។ ប្រសិនបើយុទ្ធនាការនេះ ចូលរួមពីសំណាក់ប្រជាជនមីយ៉ាន់ម៉ា ទីក្រុងយ៉ាំងហ្គោន និងទីក្រុងផ្សេងទៀត នឹងគ្មានមនុស្សដើរហូរហែរ ដែលអាចមានរូបភាពដូចគ្នានឹងការបិទក្រុងកាលពីឆ្នាំ២០២០៕ 
 

Tag:
 ថៃ
  មីយ៉ាន់ម៉ា
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com