ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ឈ្វេងយល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
14, Apr 2021 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
ការវិលទៅនៃផែនដីចំនួន៣៦៥ថ្ងៃ ៦ម៉ោង ១២នាទី និងជាង ២៩វិនាទី បានវិលជុំវិញព្រះអាទិត្យម្តង គេហៅថា ១ឆ្នាំ។ ១ឆ្នាំ មាន៣ ឬ ៤ ឬក៏ ៦រដូវ ស្របទៅតាមកន្លែងនីមួយៗ។

 
ការកំណត់ពេល និងពិធីចូលឆ្នាំថ្មី គឺប្លែកៗគ្នា ស្របទៅតាមជំនឿទំនៀបទម្លាប់ និង ប្រពៃណីរបស់ពួកគេ។ ខ្មែរយើង ក៏មានពិធីបុណ្យចូលឆ្នាំថ្មីដែរ។ ពីដើម ខ្មែរ យើងកំណត់ពេលធ្វើបុណ្យចូលឆ្នាំថ្មីនៅខែមិគសិរ បានជារាប់ខែមិគសិរនេះ ជាខែទី១។ លុះមកដល់សម័យមហានគរ ខ្មែរយើង បានកែប្រែមកធ្វើបុណ្យចូលឆ្នាំថ្មី នៅខែចេត្រ (១៣មេសា) វិញ ព្រោះខែមិគសិរ ប្រជាជន នៅមានកិច្ចការមមាញឹកច្រើនពេក ជាពិសេសជារដូវប្រមូលផលស្រូវ។
 
បុណ្យចូលឆ្នាំខ្មែរ ប្រជាជន មិនមែនត្រឹមការឈប់សម្រាក និងការជួបជុំគ្នា រៀបចំពិធីសប្បាយរីករាយប៉ុណ្ណោះទេ តែក៏ត្រូវធ្វើកិច្ចតបស្នងសងគុណ និងសន្សំបុណ្យកុសលផ្សេងៗផងដែរ។
 
កិច្ចការដែលត្រូវធ្វើមុនថ្ងៃចូលឆ្នាំថ្មី មាន៣យ៉ាងគឺ៖
 
ទី១. សម្អាតផ្ទះសម្បែង វត្តអារាម និងកាត់សម្លៀកបំពាក់ថ្មី។ 
ទី២. រៀបចំទេយ្យវត្ថុ សម្រាប់ជូនលោកអ្នកមានគុណ និងវត្ថុផ្សេងៗ សម្រាប់សប្បាយក្នុងពេល ចូលឆ្នាំថ្មី។
ទី៣. រៀបចំទេយ្យវត្ថុ សម្រាប់ធ្វើបុណ្យកុសលក្នុងវត្តអារាម។
 
បុណ្យចូលឆ្នាំថ្មី គេកំណត់ធ្វើ៣ថ្ងៃ គឺ៖
 
ទី១. ថ្ងៃចូលឆ្នាំថ្មី ហៅថា ថ្ងៃសង្ក្រាន្ត។ ក្នុងថ្ងៃនេះ គេនាំគ្នាទៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា ជាដើម។
ទី២. ថ្ងៃកណ្តាល ហៅថា ថ្ងៃវ័នប័ត។ ក្នុងថ្ងៃនេះ គេជូនទេយ្យវត្ថុដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃមុន។
ទី៣. ថ្ងៃឆ្លងបុណ្យ ហៅថ្ងៃឡើងស័ក។ ក្នុងថ្ងៃនេះ គេនាំគ្នាទៅឆ្លងបុណ្យ នៅវត្តរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា ស្រង់ព្រះ និងស្រង់ភិក្ខុសង្ឃ ជាដើម។ 
 
ដោយវត្តអារាម ជាមជ្ឈមណ្ឌលវប្បធម៌ខ្មែរ ពិធីបុណ្យទាំងឡាយ គេច្រើនតែនាំគ្នាទៅធ្វើក្នុងទីវត្តអារាម សូម្បីតែល្បែងប្រជាប្រិយផ្សេងៗ ដូចលេងអង្គញ់ ចោលឈូង ជាដើម ក៏គេអាចទៅលេងក្នុងទីវត្តអារាមបានដែរ។ 
 
យ៉ាងណាក៏ដោយ សម្រាប់បុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ២០២១នេះ ការរៀបពិធីសប្បាយរីករាយ និងការលែងល្បែងប្រជាប្រិយ មិនត្រូវអនុញ្ញាតឲ្យមាននៅតាមវត្តអារាមឬតាមកន្លែងផ្សេងនោះទេ ដោយសារតែកម្ពុជា កំពុងជួបប្រទះនូវការរាលដាលជំងឺកូវីដ-១៩។ 
 
ប្រភព៖ សៀវភៅពុទ្ធសាសនា និងការអប់រំសង្គម
 

Tag:
 អត្ថន័យសង្ខេបនៃបុណ្យចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com