ជាតិ
កូវីដ-១៩៖ វត្តសិរិសាគរ ដូនស្ដើង ត្រៀមស្បៀងគ្រប់គ្រាន់សម្រាប់ចូលឆ្នាំ
14, Apr 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្តសិរិសាគរ ដូនស្ដើង ក្នុងខេត្តព្រៃវែង បានត្រៀមស្បៀងមួយចំនួនដូចជា អង្ករ បន្លែបង្ការ រួមទាំងគ្រឿងទេស សម្រាប់ពិធីបុណ្យចូលឆ្នាំ ដោយមិនបារម្ភពីបញ្ហាកូវីដ-១៩ ទោះគ្មានបរិស័ទធ្វើចង្ហាន់មកប្រគេនក៏ដោយ។


ស្ថិតក្នុងភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង វត្តសិរិសាគរ ដូនស្ដើង មានព្រះសង្ឃចំនួន១៤អង្គរ ក្មេងៗជាង១០នាក់ និងយាយជី៤នាក់ ។ ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្តសិរិសាគរ ដូនស្ដើង បាននាំព្រះសង្ឃ និងបរិសទ ធ្វើស្រែចម្ការ ដាំដំណាំជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ការបរិភោគប្រចាំថ្ងៃ។ 
 
នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ បន្លែបង្ការទាំងអស់នោះ ជាផ្នែកមួយជួយផ្គត់ផ្គង់វត្ត ខណៈពុទ្ធបរិស័ទភាគច្រើន ពិបាកក្នុងការយកចង្ហាន់មកប្រគេនព្រះសង្ឃ ទោះក្នុងពិធីបុណ្យក្តី។ ម្យ៉ាងវិញទៀត ព្រះសង្ឃក៏ពិបាកនិមន្តសូត្រមន្ត បិណ្ឌបាត្រ ព្រោះបរិស័ទមិនអាចប្រារព្ធពិធីអ្វីឡើយ ក្នុងគ្រាទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏លំបាកនេះ។


 ព្រះតេជគុណ អ៊ឹម ទៀង ចៅអធិការវត្តសិរិសាគរ ដូនស្ដើង
 
ព្រះតេជគុណ អ៊ឹម ទៀង មានសង្ឃដីការថា ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងផ្ទុះឡើង ប៉ុន្តែសម្រាប់វត្តសិរិសាគរ ដូនស្ដើង មានស្បៀងគ្រប់គ្រាន់សម្រាប់ឆាន់ ព្រោះព្រះអង្គ រួមទាំងព្រះសង្ឃផ្សេងទៀត អាចធ្វើស្រែ និងដាំបន្លែបង្ការ បានដោយអង្គឯង មិនពឹងផ្អែកលើបរិស័ទទាំងស្រុងឡើយ។ ព្រះតេជគុណ មានសង្ឃដីការប្រាប់សារព័ត៌មានថ្មីៗ២៥ ពីការត្រៀមស្បៀងសម្រាប់ពិធីបុណ្យចូលឆ្នាំ ដូច្នេះថា៖«អាត្មាបានត្រៀម! យើងមានបន្លែ៥-៦រង ទុកផ្គត់ផ្គង់នូវអាហារសម្រាប់យើង៣-៤ថ្ងៃចូលឆ្នាំហ្នឹង។ យើងអត់ខ្វះទេ បន្លែទាំងហ្នឹងអាចបន្តទៅមុខទៀតបាន។ យើងមានអង្ករ ទឹកត្រី ត្រីងៀត ត្រីខ ទឹកស៊ីអ៊ីវ គឺត្រៀមសម្រាប់វត្តមិនឲ្យខ្វះទេ ល្មមអាចរួចជីវិតបាន»។
 
ទោះបីជាមានស្បៀងគ្រប់គ្រាន់ ប៉ុន្តែការប្រារព្ធពិធីបុណ្យចូលឆ្នាំ ព្រះតេជគុណនៅតែធ្វើ ដោយមិនអាចហាមឃាត់បរិស័ទ មិនឲ្យមកវត្តឡើយ។ ផ្ទុយទៅវិញ ព្រះតេជគុណ បានណែនាំឲ្យពួកគេ ដាក់វេនគ្នាមកវត្ត ដើម្បីកុំឱ្យមានមនុស្សច្រើន នាំឱ្យហានិភ័យ នៃការឆ្លងជំងឺកាចសាហាវនេះ។«(ពលរដ្ឋដាក់វេន)មកមុនក៏បាន និងមកក្រោយចូលឆ្នាំក៏បាន»។ នេះជាសង្ឃដីការរបស់ចៅអធិការវត្តសិរិសាគរ ដូនស្ដើង ដោយបន្ថែមទៀត ចំណែកឯព្រះសង្ឃ ក៏ត្រូវរក្សាគម្លាតពីគ្នា និងពាក់ម៉ាស់ ហើយក៏មានអាកុលនៅជាប់ខ្លួនផងដែរ៕






 

Tag:
 វត្តសិរិសាគរ ដូនស្ដើង
 ចៅអធិការ
 ព្រះសង្ឃ
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com