អន្តរជាតិ
ឡាវ មិនបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍ឡើយ ទោះមានករណីឆ្លងថ្មី
14, Apr 2021 , 3:29 pm        
រូបភាព
វិមាន Patuxai ក្នុងរដ្ឋធានីវៀងចន្ទន៍។ រូបថត AFP
វិមាន Patuxai ក្នុងរដ្ឋធានីវៀងចន្ទន៍។ រូបថត AFP
រដ្ឋាភិបាលឡាវ នៅថ្ងៃទី១៣ ខែមេសា សម្រេចចិត្តមិនបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍តាមសំណើរបស់អាជ្ញាធរក្រុងឡើយព្រោះប៉ះពាល់សេដ្ឋកិច្ចខ្លាំង។ អាជ្ញាធរក្រុងវៀងចន្ទន៍ បានស្នើចាត់វិធានការតឹងរ៉ឹងក្នុងទីក្រុងនេះ ក្រោយមានករណីឆ្លងជំងឺកូវីដ-១៩ លើជនជាតិថៃម្នាក់ ស្របពេលឡាវអបអរពិធីបុណ្យចូលឆ្នាំផងនោះ។ ជំនួសឱ្យការបិទក្រុង រដ្ឋាភិបាលឡាវ ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការដើម្បីគ្រប់គ្រងជំងឺនេះ។

 
ការិយាល័យនាយករដ្ឋមន្រ្តីឡាវ បានចេញសេចក្ដីសម្រេចមួយនៅថ្ងៃទី១៣ ខែមេសា ដោយបដិសេធសំណើរបស់រដ្ឋធានីវៀងចន្ទន៍ដែលចង់បិទខ្ទប់ទីក្រុង ក្រោយការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើពាណិជ្ជករថៃម្នាក់ដែលរស់នៅក្នុងទីក្រុងនេះ។ អាជ្ញាធរក្រុងវៀងចន្ទនន៍ បារម្ភពីការផ្ទុះករណីឆ្លងក្នុងសហគមន៍ព្រោះបុរសថៃដែលជាករណីឆ្លងទី៥០ មានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលម្នាក់ដែលឆ្លងដែនដោយខុសច្បាប់ពីទឹកដីថៃ។ 
 
បើតាមក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឡាវ អ្នកពាក់ព័ន្ធបុរសវិជ្ជមានខាងលើ មានលទ្ធផលតេស្តអវិជ្ជមាន តែអាជ្ញាធរនៅតែបារម្ភដោយយោងតាមប្រវត្តិធ្វើដំណើររបស់គេ។ រឿងកាន់តែបារម្ភនោះ គឺការអបអរឆ្នាំថ្មីរបស់ឡាវដែលចាប់ផ្ដើមពីថ្ងៃទី១៤ ខែមេសា ពេលដែលប្រជាជនជួបគ្នា។ វិធានការតឹងរ៉ឹងជាច្រើន ត្រូវបានអនុវត្តរួចហើយដូចជាការបិទកន្លែងកម្សាន្ត និងការរឹតត្បិតការជួបជុំជាដើម។ នេះបើតាមកាសែតឡាវ Vientiane Times ។
 
ក្នុងសេចក្ដីខាងលើ ការិយាល័យនាយករដ្ឋមន្រ្តីឡាវបញ្ជាក់ថា ដោយយោងតាមការស៊ើបអង្កេតលើដំណើររបស់ជនជាតិថៃខាងលើ និងការវាយតម្លៃរបស់ក្រុមការងារប្រយុទ្ធជំងឺកូវីដ-១៩ ការរាលដាលនៅតែអាចគ្រប់គ្រងបាន។ សេចក្ដីសម្រេចបន្តថា ការបិទខ្ទប់ នឹងមានផលប៉ះពាល់ខ្លាំងលើសង្គមមិនខាន ដូចនេះការពង្រឹងវិធានការកន្លងមក និងវិធានការដែលទើបដាក់ចេញ នឹងជួយទប់ទល់ការរាលដាលបាន។
 
គិតត្រឹមថ្ងៃទី១៣ ខែមេសា ឡាវមានករណីវិជ្ជមានចំនួន៥២នាក់ប៉ុណ្ណោះ ដែលជាប់ប្រទេសជិតខាងរបស់ខ្លួនយ៉ាងខ្លាំង។ ប៉ុន្តែការផ្ទុះឡើងករណីឆ្លងនៅប្រទេសក្បែរខាងឡាវ កំពុងក្លាយជារឿងឈឺក្បាលសម្រាប់រដ្ឋាភិបាលក្រុងវៀងចន្ទន៍ តួយ៉ាងករណីបុរសជនជាតិថៃដែលពាក់ព័ន្ធអ្នកឆ្លងដែនខុសច្បាប់ខាងលើ៕
 
 
 
  
 

Tag:
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com