អន្តរជាតិ
កូរ៉េខាងត្បូង ពិចារណាប្ដឹងជប៉ុនទៅតុលាការសមុទ្រជុំវិញគម្រោងបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ
14, Apr 2021 , 4:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបថត AFP
កូរ៉េខាងត្បូង កំពុងពិចារណាដាក់ពាក់បណ្ដឹងទៅកាន់តុលាការសមុទ្រពាក់ព័ន្ធគម្រោងរបស់ជប៉ុនក្នុងការបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរនៅ Fukushima ។ នេះបើតាមការប្រកាសរបស់វិមានប្រធានាធិបតី Cheong Wa Dae នៅថ្ងៃទី១៤ ខែមេសា។ ទីក្រុងតូក្យូអះអាងថា ទឹកទាំងនោះ ត្រូវបានសម្អាតមុនបង្ហូរចូលសមុទ្រ ប៉ុន្តែវាមិនអាចធ្វើឱ្យសេអ៊ូលស្ងប់ចិត្តឡើយ។ មតិប្រឆាំងលើគម្រោងនេះ ក៏មានចេញពីក្នុងស្រុកជប៉ុនដែរ ខណៈចិនដែលនៅមិនឆ្ងាយនោះ ក៏ចេញមុខជំទាស់ផងដែរ។

 
 
គម្រោងបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi របស់ជប៉ុនចូលមហាសមុទ្រប៉ាស៊ីហ្វិក រងប្រតិកម្មយ៉ាងខ្លាំងពីមិនថាមតិក្នុងស្រុក និងនៅប្រទេស។ កូរ៉េខាងត្បូង និងចិន ដែលនៅមិនឆ្ងាយពីជប៉ុន ចេញមុខប្រតិកម្មខ្លាំងៗចំពោះគម្រោងនេះ ព្រោះបារម្ភពីផលប៉ះពាល់ដែលនឹងកើតមាន ។ កូរ៉េខាងត្បូង ថែមទាំងគំរាមប្ដឹងជប៉ុនទៅតុលាការសមុទ្រទៀត។
 
 
លោក Kang Min-seok អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់នៅថ្ងៃទី១៤ ខែមេសា ថា លោក មូន ចេអ៊ីន បានបញ្ជាឱ្យមន្រ្តីពិចារណាយកករណីនេះទៅកាន់តុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ។ លោក មូន ក៏ប្រាប់អគ្គរដ្ឋទូតជប៉ុនប្រចាំសេអ៊ូល Koichi Aiboshi នៅថ្ងៃដដែលពីក្ដីបារម្ភរបស់កូរ៉េខាងត្បូងដែលប្រើប្រាស់សមុទ្រនេះដែរ និងស្នើឱ្យប្រេសិតរូបនេះពាំនាំការបារម្ភទៅប្រាប់មេដឹកនាំជប៉ុនផង។
 
ទាក់ទងរឿងនេះ លេខាធិការប្រធានាធិបតីកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការច្បាប់ ក៏កំពុងពិនិត្យលើជម្រើសនានាដោយរាប់បញ្ចូលការស្នើឱ្យតុលាការអន្តរជាតិចេញបញ្ជាផ្អាកគម្រោងរបស់ជប៉ុនផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
នាសន្និសីទសារព័ត៌មានថ្ងៃទី១៣ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនចាត់ទុកផែនការរបស់ជប៉ុន ជាទង្វើគ្មានការទទួលខុសត្រូវ ដែលប៉ះពាល់សុខភាពមនុស្សជាតិ និងផលប្រយោជន៍មនុស្សជាច្រើនក្នុងប្រទេសជិតខាងជប៉ុន។ មន្ត្រីរូបនេះ ទទូចជប៉ុនឱ្យជជែកជាមួយភាគីពាក់ព័ន្ធទាំងអស់សិន មុនបញ្ចេញទឹកពីរោងចក្រ។ លើសពីនោះ ចិនក៏រក្សាសិទ្ធិដើម្បីចាត់វិធានការផ្សេងៗផងដែរ៕
 
រោងចក្រនុយក្លេអ៊ែរ Fukishima Daiichi រងផលប៉ះពាល់ខ្លាំងដោយសារគ្រោះរញ្ជូយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១ ។ នេះជាមហន្តរាយដ៏ធំមិនធ្លាប់មានតាំងពីហេតុការណ៍នៅ Chernobyl ក្នុងឆ្នាំ១៩៨៦ មក៕ 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com