ចូលឆ្នាំខ្មែរ៖ អាជីវករលក់ផ្លែអង្គញ់ ខាតដើមទាំងស្រុង ដោយសារជំងឺកូវីដ-១៩ រាតត្បាត
ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំខ្មែរ៖ អាជីវករលក់ផ្លែអង្គញ់ ខាតដើមទាំងស្រុង ដោយសារជំងឺកូវីដ-១៩ រាតត្បាត
14, Apr 2021 , 8:39 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ផ្លែអង្គញ់ ត្រូវបានប្រជាជនខ្មែរយកមកលេងជាល្បែងប្រជាប្រិយ ដែលគេហៅថា «ល្បែងបោះអង្គញ់» ។ ល្បែងប្រជាប្រិយខ្មែរនេះ និយមលេងនារដូវចូលឆ្នាំ ។ ប៉ុន្តែឆ្នាំនេះ អាជីវករលក់ផ្លែអង្គញ់ លក់មិនដាច់សោះ ដោយសារបម្រាមជួបជុំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។



ជាអាជីករលក់ផ្លែអង្គញ់ ១០ឆ្នាំមកហើយ អ្នកស្រី សុខ ឃេម មិនដែលជួបស្ថានការណ៍ស្ងាត់ភ្ញៀវទិញអង្គញ់ដូចពេលនេះទេ។ អ្នកស្រី សុខ ឃេម ក៏យល់ពីស្ថានភាពស្ងាត់ភ្ញៀវទិញអង្គញ់ ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ អាជីករលក់អង្គញ់ នៅផ្សារអូឫស្សីរូបនេះ បាននិយាយដូច្នេះថា៖«អត់មានអ្នកមករកទិញទេ ប្រហែលជាមកពីកូវីដ(១៩)ហើយ។ ត្រូវរក្សាគម្លាត យើងលេង(ល្បែងបោះអង្គញ់)អត់បានដូចរាល់ឆ្នាំទេ ណាមួយទៀតដោយសារឆ្នាំនេះ ប្រជាជនយើងក៏ពិបាករកលុយដែរ»។
 
ផ្លែអង្គញ់ឆ្នាំនេះ មិនមានអ្នកមករកទិញនោះ ក៏ជាបញ្ហាដែល អ្នកស្រី គៀង អាជីវករលក់នៅផ្សារអូរឬស្សី ត្អូញត្អែរដែរ។ បើតាមអាជីវកររូបនេះ និន្នាការនៃការលេងបោះអង្គញ់ធ្លាក់ចុះ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យអ្នកលក់មិនសូវដាច់ ហើយរឹតតែមិនមានអ្នកទិញទៀតនៅក្នុងឆ្នាំនេះ។ « រាល់ឆ្នាំលក់មិនសូវដាច់ប៉ុន្មានទេ បើឆ្នាំនេះទៀតស្ងាត់តែម្ដង ហើយចំពេលគេបិទផ្សារអូរឫស្សីអ៊ីចឹងទៀត »។ នេះបើតាមអ្នកស្រី គៀង ។
 
ជាអ្នកលក់ឱសថបុរាណ និងជាអ្នកផ្លែអង្គញ់ម្នាក់ទៀតនោះ ក៏មិនសប្បាយចិត្តដែរ ខណៈដែលតម្លៃអង្គញ់ មួយគ្រាប់៣០០រៀលប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ ក្រោមស្ថានភាពដ៏ស្ងប់ស្ងាត់ប្លែកខុសពីបុណ្យចូលឆ្នាំខ្មែរមុនៗ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត ដែលបង្គំចិត្តឲ្យពលរដ្ឋកាត់បន្ថយការជួបជុំ និងផ្អាករៀបចំកម្មវិធីនានា ដែលប្រមូលផ្តុំមនុស្សច្រើន។
 
រដ្ឋាភិបាលបានហាមឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្តចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។លើកលែងតែការធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ដែលរដ្ឋាភិបាល អនុញ្ញាតក្នុងអំឡុងពេលនេះ។ រាល់វិធានការរបស់រដ្ឋាភិបាល ទាក់ទងនឹងបម្រាមធ្វើដំណើរ តែងមានការលើកលែងចំពោះករណីចាំបាច់មួយចំនួន៕ 
 
 
 
 
 
 
 

Tag:
 ThmeyThmey25
  ចូលឆ្នាំថ្មី
  ផ្សារអូរឫស្សី
  ផ្លែអង្គញ់
© រក្សាសិទ្ធិដោយ thmeythmey.com