អន្តរជាតិ
ប្រធានាធិបតីអាមេរិក៖ វាដល់ពេលបញ្ចប់សង្រ្គាមនៅអាហ្វហ្កានីស្ថានជារៀងរហូតហើយ
15, Apr 2021 , 7:59 pm        
រូបភាព
អាហ្វហ្កានីស្ថាន, អាមេរិក
អាហ្វហ្កានីស្ថាន, អាមេរិក
វាដល់ពេលបញ្ចប់សង្រ្គាមដ៏វែងបំផុតរបស់អាមេរិកនៅអាហ្វហ្កានីស្ថានហើយ។ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងបែបនេះ នៅថ្ងៃទី១៤ ខែមេសា។ សង្រ្គាមនៅអាហ្វហ្កានីស្ថាន គឺជាសង្រ្គាមដ៏វែងបំផុតរបស់អាមេរិក ដែលមានរយៈពេលរហូតដល់ ២ទសវត្សរ៍។

 
រយៈពេល ២០ឆ្នាំហើយ ដែលអាមេរិក បានធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន ក្រោមយុទ្ធនាការ «ប្រឆាំងនឹងភេរវកម្ម»។ ពេលនេះ អាមេរិក បានសម្រេចបិទបញ្ចប់សង្រ្គាមដ៏វែងមួយនេះហើយ តាមរយៈការដកទ័ពដោយគ្មានលក្ខខណ្ឌចេញពីអាហ្វហ្កានីស្ថាន ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា និងបញ្ចប់ត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខ ដែលជាខួប២០ឆ្នាំ នៃការវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ។ 
 
«វាដល់ពីបញ្ចប់សង្រ្គាមជារៀងរហូតហើយ»។ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងបែបនេះ នៅលើសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ដោយបន្ថែមថា ការវាយប្រហារកាលពី ២០ឆ្នាំមុនពីសំណាក់ក្រុមជីហាតលើមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ គឺមិនអាចពន្យល់បានទៀតទេ ថាអាមេរិកគួរបន្តសង្រ្គាមនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០២១។ បើតាមប្រធានាធិបតីអាមេរិក ការដកទ័ពនេះ នឹងមិនធ្វើឡើងដោយរហ័សពេកទេ។ 
 
ជាមួយគ្នានេះ លោកបៃឌិន ក៏បានលើកឡើងផងដែរថា វាដល់ពេលហើយ ដែលអាមេរិក គួរទទួលការពិត ព្រោះអាមេរិក មិនអាចបន្តបន្ថែមវត្តមានកងទ័ពនៅអាហ្វហ្កានីស្ថានទៀតឡើយ និងមិនអាចសង្ឃឹមលើលក្ខខណ្ឌបន្ទាប់ពីដកកងទ័ព និងលទ្ធផលផ្សេងទៀតដែរ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បានរំលឹកផងដែរថា មានប្រធានាធិបតី ៤រូបហើយ រួមទាំងរូបលោក ដែលបានកាន់កាប់សំណុំរឿងទ័ពអាមេរិកនៅប្រទេសអាស៊ីខាងត្បូងមួយនេះ ហើយលោកមិនអាចបន្តបញ្ហានេះទៅប្រធានាធិបតីផ្សេងទៀតឡើយ។ 
 
កាលពីឆ្នាំ២០២០ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានព្រមព្រៀងជាមួយពួកតាលីបង់ ក្នុងការដកទ័ពអាមេរិកត្រឹមថ្ងៃទី១ ខែឧសភា។ កន្លកមក កងទ័ពអាមេរិក បានដកខ្លះហើយចេញពីអាហ្វហ្កានីស្ថាន។ ពេលនេះ កងទ័ពអាមេរិកប្រមាណ ២៥០០នាក់ប៉ុណ្ណោះ បូករួមនឹងកងកម្លាំងសម្ព័ន្ធមិត្តប្រមាណ ៧ពាន់នាក់ នៅក្នុងទឹកដីប្រទេសមួយនេះ។ សារព័ត៌មានខ្លះ បានរាយការណ៍ថា កងទ័ពអាមេរិក អាចមានរហូតដល់ជាង ៣ពាន់នាក់។ 
 
ក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោកAshraf Ghani ក៏មានកិច្ចសន្ទនាតាមទូរសព្ទជាមួយលោកបៃឌិនផងដែរ ដោយលោកអះអាងថា កងកម្លាំងរបស់លោក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេស និងទប់ទល់ជាមួយក្រុមតាលីបង់។ ជាការឆ្លើយតប លោកបៃឌិន បញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្ររដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនត្រឹមតែយោធាប៉ុណ្ណោះទេ។ 
 
គួររំលឹកថា ការចាប់ផ្តើមសង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន បានធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងមន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។ ម្យ៉ាងការសម្រេចធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាននេះ គឺដោយសារតែរដ្ឋាភិបាលប្រទេសមួយនេះ ដែលដឹកនាំដោយក្រុមតាលីបង់(Taliban) មិនបានប្រគល់មេដឹកនាំអាល់ កៃដា (Al Qaeda) តាមសំណើរបស់អាមេរិក។ កាលសម័យនោះ អាហ្វហ្កានីស្ថាន គឺជាកន្លែងមួយដែលមានវត្តមានរបស់ក្រុមជីហាត។ ដោយសារយុទ្ធនាការ «សង្រ្គាមប្រឆាំងនឹងភេរវកម្ម» អាមេរិក បានសម្រេចធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន ដើម្បីប្រឆាំងនឹងភេរវកម្ម៕ 
 

Tag:
 អាហ្វហ្កានីស្ថាន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com