COVID-19
ជាតិ
ជំងឺកូ​វីដ​-១៩ សម្លាប់​ពលរដ្ឋ​ខ្មែរ​២​នាក់​ទៀត
16, Apr 2021 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​កូ​វីដ​-១៩ បានសម្លាប់​ពលរដ្ឋ​ខ្មែរ​២​នាក់​ទៀត កាលពី​ថ្ងៃទី​១៥ មេសា ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​នៅ​កម្ពុជា​កើន​ដល់​៣៨​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦​មេសា​នេះ​។​



​បើតាម ក្រសួងសុខាភិបាល ក្នុងចំណោម​អ្នកស្លាប់​ទាំង​២​នាក់ គឺមាន លោក ម៉ៅ អាយុទ្ធ ជា​អ្នកនិពន្ធ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ម្នាក់ទៀត​ជា​បុរស​អាយុ ៦៥ រស់នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
 
​ករណី​បុរស​អាយុ​៦៥​ឆ្នាំ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ និង​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៥ មេសា ដោយមាន​អាការ​ហត់​ដង្ហក់​ខ្លាំង​។ ដោយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស និង​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម នៅតែ​មិនអាច​ព្យាបាល​បាន​។ អ្នកជំងឺ​បាន​បាត់បង់​ជីវិត នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១៥​មេសា​។ តាមក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារកូវីដ-១៩។ 
 
​ចំណែកឯ​អ្នកជំងឺ​ម្នាក់ទៀត គឺជា​លោក ម៉ៅ អាយុទ្ធ ដែលមាន​វ័យ​៧៧​ឆ្នាំ រស់នៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ គាត់​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​៥ មេសា ដោយមាន​ស្ថានភាព​ដង្ហក់​ខ្លាំង ហើយ​ក៏មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​ផង​។ អាការ​អ្នកជំងឺ​រូបនេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ក្រុមគ្រូពេទ្យ មិនអាច​ព្យាបាល​បាន​។ លោក ម៉ៅ អាយុទ្ធ បាន​បាត់​បង់ជីវិត នៅ​ម៉ោង ៦ និង​៥០​នាទី ថ្ងៃទី​១៥ មេសា​។​ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាងសងខាងធ្ងន់ធ្ងរ ដោយសារកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។ 

អត្ថបទទាក់ទង
 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ចំនួន​៣៨​នាក់​ហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com