អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មលើរុស្ស៊ី និងបណ្ដេញអ្នកការទូត១០នាក់
16, Apr 2021 , 11:39 am        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១៥ ខែមេសា បានចេញបញ្ជាដាក់ទណ្ឌកម្មលើរុស្ស៊ី និងបណ្ដេញអ្នកការទូត១០នាក់ ជាការឆ្លយនូវដែលអាមេរិកចាត់ទុកជាសកម្មភាពមិនល្អដូចជាការលូកលាន់ការបោះឆ្នោតឆ្នាំ២០២០, ការវាយប្រហារតាមអនឡាញ និងការបំពានអ្នកប្រឆាំងជាដើម។ រុស្ស៊ីព្រមានចាត់វិធានការតបវិញ ហើយថា ទណ្ឌកម្មនេះ នឹងប៉ះពាល់ការរៀបចំជំនួបមេដឹកនាំផងដែរ។

 
ក្នុងបញ្ជាប្រតិបត្តិចេញថ្ងៃទី១៥ ខែមេសា លោក ចូ បៃឌិន បានពង្រីកការរឹតត្បិតក្រុមហ៊ុនអាមេរិកពីការទិញបណ្ណបំណុលរដ្ឋរបស់រុស្ស៊ីមិនថាពីរដ្ឋាភិបាល ធនាគារកណ្ដាល ឬមូលនិធិរដ្ឋឡើយ។ វិធានការដែលនឹងអនុវត្តពីថ្ងៃទី១៤ ខែមិថុនា មានគោលដៅបង្អាក់ការព្យាយាមរបស់រុស្ស៊ីក្នុងការប្រមូលហិរញ្ញវត្ថុពីទីផ្សារអន្តរជាតិ។ 
 
ជាមួយគ្នានេះ អាមេរិក ក៏ដាក់ទណ្ឌកម្មលើបុគ្គលចំនួន៣២នាក់ដែលត្រូវចោទថា លូកលាន់ការបោះឆ្នោតឆ្នាំ២០២០ និងបណ្ដេញមន្រ្តីទូតរុស្ស៊ី១០នាក់ចេញពីប្រទេសដោយចោទថាធ្វើសកម្មភាពចារកម្មផងដែរ។ ជាលើកដំបូង អាមេរិកក៏ចោទចំៗលើអង្គភាពចារកិច្ចបរទេសរបស់រុស្ស៊ី SRV ពាក់ព័ន្ធការវាយប្រហារអនឡាញលើប្រព័ន្ធកុំព្យូទ័ររដ្ឋាភិបាលអាមេរិកកាលពីឆ្នាំ២០២០ ទៀតផង។ 
 
សេចក្ដីថ្លែងការណ៍របស់សេតវិមានបញ្ជាក់ថា បញ្ជារបស់លោក បៃឌិន បានផ្ញើសារទៅកាន់រុស្ស៊ីថា អាមេរិកនឹងទណ្ឌកម្មលើសកម្មភាពសេដ្ឋកិច្ច និងយុទ្ធសាស្រ្តរបស់រុស្ស៊ី ប្រសិនបើមូស្គូបន្តសកម្មភាពខ្លួនទៀតផង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ទោះជាដាក់ទណ្ឌកម្មក៏ដោយ មន្ត្រីអាមេរិកអះអាងថា វ៉ាស៊ីនតោនមិនចង់ឱ្យបញ្ហារាលដាលឡើយ ហើយចង់ឱ្យជំនួបមេដឹកនាំប្រទេសទាំងពីរបន្តតាមការរៀបចំ។ 
 
វិមានក្រេមឡាំងវិញ អះអាងនៅថ្ងៃទី១៥ ខែមេសា ថា ទណ្ឌកម្មនេះ នឹងមិនជួយអ្វីដល់ការរៀបចំជំនួបកំពូលមេដឹកនាំឡើយ ហើយនៅពេលទណ្ឌកម្មចេញជារូបរាង រុស្ស៊ីនឹងឆ្លើយតបមិនខាន។ នៅឯមូស្គូ ក្រសួងការបរទេសរុស្ស៊ី ក៏កោះហៅអគ្គរដ្ឋទូតអាមេរិកទៅសួរនាំ និងព្រមានថា ទណ្ឌកម្មរបស់រុស្ស៊ី នឹងចេញឆាប់ៗនេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីឯណោះ ក៏លើកឡើងថា ជំនួបមេដឹកនាំដែលត្រូវរៀបចំនៅប្រទេសទីបី ទំនងជួបរឿងរាំងស្ទះ។
 
លោក បៃឌិន ជាអ្នកស្នើរៀបចំជំនួបកំពូលជាមួយសមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន អំឡុងជំនួបតាមទូរសព្ទនៅក្នុងសប្ដាហ៍នេះ។ រុស្ស៊ីមិនទាន់ឆ្លើយតបយ៉ាងណាឡើយលើសំណើនេះ។ ច្បាស់ណាស់ថា ទណ្ឌកម្មថ្មីនេះ នឹងធ្វើឱ្យរុស្ស៊ីខកចិត្តខ្លាំងមិនខាន ព្រោះចេញមិនទាន់បានប៉ុន្មានថ្ងៃក្រោយការជជែកតាមទូរសព្ទរបស់មេដឹកនាំផងនោះ៕   
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com