អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ទៅដល់អាមេរិកដើម្បីជជែករឿងចិនជាមួយលោក បៃឌិន
16, Apr 2021 , 4:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ បានទៅដល់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៥ ខែមេសា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងគោលបំណងបង្ហាញពីសម្ពន្ធភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ប្រធានបទចិន ទំនងជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចនេះ  ស្របពេលក្រុងតូក្យូ និងក្រុងវ៉ាស៊ីនតោនសុទ្ធតែព្រួយបារម្ភជាមួយនឹងការកើនឡើងឥទ្ធិពលផ្នែក សេដ្ឋកិច្ច និងយោធារបស់ចិន។


 
ជំនួបរវាងលោក ស៊ូហ្កា យូស៊ីហ៊ីដេ និងលោក ចូ បៃឌិន នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា (ម៉ោងនៅអាមេរិក) ។ នេះជាជំនួបទល់មុខគ្នាលើកដំបូងរបស់លោក បៃឌិន ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកចូលកាន់តំណែងនៅដើមឆ្នាំ២០២១ ។ 
 
«ខ្ញុំសង្ឃឹមថា នឹងអាចអភិវឌ្ឍទំនាក់ទំនងដោយសេចក្តីទុកចិត្តជាមួយលោកប្រធានាធិបតី បៃឌិន និង ពង្រឹងសម្ពន្ធភាពជប៉ុ-អាមេរិកដែលចងភ្ជាប់ដោយតម្លៃសកល សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ»។ លោក ស៊ូហ្កា បានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែមេសា មុនចាកចេញទៅអាមេរិក។
 
ប្រមុខរដ្ឋាភិបាលជប៉ុន បានអះអាងថា ខ្លួនលោកផ្ទាល់ និងលោក បៃឌិន នឹងប្រៀបធៀបគោល នយោបាយប្រទេសទាំងពីរ ហើយកែសម្រួលគោលនយោបាយជាមួយគ្នា ដើម្បីបង្ហាញដល់ ពិភពលោកទាំងមូលនូវភាពជាអ្នកដឹកនាំរបស់ជប៉ុន និងអាមេរិក ឆ្ពោះទៅរកការសម្រេចឱ្យបានតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី។ ទស្សនកិច្ចរបស់លោក ស៊ូហ្កា ពេលនេះ ត្រូវរំពឹងថា នឹងស្តារ ឡើងវិញចំណងមិត្តភាពទ្វេភាគី ដ្បិត៤ឆ្នាំនៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ មិន មានភាពប្រាកដ ប្រជាឡើយ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AP មន្ត្រីក្រុងតូក្យូលើកឡើងថា មេដឹកនាំជប៉ុន និងអាមេរិក ក៏ផ្ដោតលើការ ប្រឹងប្រែងដើម្បីការពារតម្លៃប្រជាធិបតេយ្យ ក៏ដូចជាប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ក្នុងតំបន់ផងដែរ។ ប្រធានបទតៃវ៉ាន់ ហុងកុង សំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំង ក៏ជារបៀបវារៈ សំខាន់ដែរ។ 
 
ជារឿយៗ ចិនប្រាប់ជប៉ុនឱ្យនៅឆ្ងាយពីគោលនយោបាយរបស់អាមេរិកចំពោះខ្លួន និងត្រូវចេះថ្លឹងថ្លែង ផលប្រយោជន៍ក្នុងទំនាក់ទំនងទ្វេភាគី ជាជាងដើរតាមអាមេរិក។ យ៉ាងណាមិញ រដ្ឋបាលលោក ស៊ូហ្កា ហាក់ប្រកាន់ជំហរតឹងតែងខ្លាំងចំពោះចិន ខណៈទីក្រុងប៉េកាំងបង្កើនឥទ្ធិពលកាន់តែខ្លាំងទៅៗក្នុង តំបន់នោះ៕
 

Tag:
 ជប៉ុន
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com