ជាតិ
សង្គមជាតិ
រូបកាយលោក ម៉ៅ អាយុទ្ធ បាត់បង់ទៅមែន តែស្នាដៃ និងកិត្តិនាមស្ថិតនៅ!
16, Apr 2021 , 1:29 pm        
រូបភាព
ភ្នំពេញ៖ ការបាត់បង់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការនៃក្រសួងព័ត៌មានដោយសារមេរោគកូវីដ គឺជាដំណឹងមួយដ៏សែនសោកសៅក្នុងមជ្ឈដ្ឋានអ្នកសារព័ត៌មាន ក្នុងពិភពអ្នកនិពន្ធ ក្នុងពិភពអ្នកភាពយន្ត ក្នុងពិភពអ្នកសិល្បៈ និងក្នុងមជ្ឈដ្ឋានដទៃទៀត។ លោក ម៉ៅ អាយុទ្ធ បានលាចាកលោកមែន។ តែលោកបានបន្សល់ស្នាដៃជាច្រើនដែលធ្វើឲ្យអ្នកជំនាន់ក្រោយចងចាំមិនភ្លេច។


 
«រូបកាយបាត់បង់ទៅមែន។ តែស្នាដៃ និងកិត្តិនាមស្ថិតនៅ!»។ ក្រោយពីទទួលដំណឹងនៃការស្លាប់របស់លោកភ្លាម មិត្តភក្តិដែលស្គាល់លោក សហការីដែលធ្លាប់ធ្វើការជាមួយ អ្នកដែលស្គាល់តែស្នាដៃគាត់ និងអ្នកគា្រន់តែស្គាល់គាត់សើៗ បានបង្ហាញអារម្មណ៍សោកស្តាយស្រណោះជាពន់ពេកចំពោះការបាត់បង់រូបលោក។ លោក ម៉ៅ អាយុទ្ធ បានស្លាប់ក្នុងអាយុ៧៧ឆ្នាំដោយជំងឺកូវីដ-១៩កាលពីថ្ងៃទី១៥ខែមេសានៅមន្ទីពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញ។ 
 
ក្រៅពីស្តាយស្រណោះរូបកាយរបស់លោក អ្នកដែលសម្តែងអារម្មណ៍ក្រៀមក្រំទាំងឡាយ បានចែករំលែកតាមបណ្តាញហ្វេសប៊ុកនូវស្នាដៃរបស់លោកច្រើនរាប់មិនអស់។ លោកជាអ្នកនិពន្ធបទចម្រៀង, អ្នកនិពន្ធ និងដឹកនាំភាពយន្ត, អ្នកនិពន្ធរឿងល្ខោន, អ្នកនិពន្ធកំណាព្យ និងលោកធ្លាប់ធ្វើជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទទក)។ លោកធ្លាប់និពន្ធ និងដឹកនាំរឿង នេសាទក្រពើ, ហ្លួងព្រះសេ្តចកន, អណ្តាតដុះឆ្កឹង, សម្តីចុងក្រោយ រីឯកំណាព្យដែលទាក់ទាញចំណាំអារម្មណ៍មហាជនខ្លាំង គឺមានចំណងជើងថា«លុយ»។ 
 
សម្រាប់អ្នកនៅក្នុងវិស័យសារព័ត៌មាន និងនៅក្នុងវិស័យសិល្បៈជាពិសេស, លោក ម៉ៅ អាយុទ្ធ គឺជាធនធានមនុស្សដ៏កម្រ និងជាសាស្រ្តាចារ្យដ៏សំខាន់ដែលបានសាបព្រួសចំណេះដឹង និងចំណេះជំនាញទៅកាន់មនុស្សជំនាន់ក្រោយដោយមិននឿយហត់។ សម្រាប់អ្នកខ្លះ, លោក ម៉ៅ អាយុទ្ធ គឺជា«ជង្រុក» ឬជាឃ្លាំងនៃគំនិត និងបញ្ញាស្មារតី។ នៅពេលនេះ អ្នកជំនាន់ក្រោយ មិនបានសិក្សាពីគាត់ផ្ទាល់មែន តែស្នាដៃដែលលោក ម៉ៅ អាយុទ្ធ បានបន្សល់ទុកឲ្យ នឹងក្លាយទៅជាមេរៀនផ្តល់ចំណេះមិនចេះរីងស្ងួត និងក្លាយទៅជា«គ្រូ»បង្រៀនមិនចេះនឿយហត់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com