COVID-19
ជាតិ
វ៉ាក់សាំងកូវីដ-១៩​ ប្រភេទ Sinovac របស់ចិន៥០ម៉ឺន​ដូសទៀត​ នឹង​មកដល់​កម្ពុជានៅថ្ងៃស្អែក​
16, Apr 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងចិន ប្រភេទ Sinovac ដែល​រដ្ឋាភិបាល​កម្ពុជាបាន​បញ្ជាទិញ​ជំហានទីពីរចំនួន ៥០​ម៉ឺន​ដូស​ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែ​មេសា​នេះ។ នេះបើតាម​ទំព័រហ្វេសប៊ុ​ក​ស្ថានទូតចិន​ប្រចាំ​កម្ពុជា។

 
រដ្ឋាភិបាលកម្ពុជា បាន​បញ្ជាទិញ​វ៉ាក់សាំងពី​ក្រុម​ហ៊ុន Sinovac ជំហានទីពីរចំនួន ៥០ម៉ឺនដូស​បន្ថែម​ទៀត​ ដែលនឹង​មក​ដល់កម្ពុជា នៅ​ថ្ងៃ​ស្អែកនេះ។ ដោយ​ឡែក ក្នុង​ជំហានទីមួយកន្លងទៅ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ប្រមាណ ១,៥លានដូស ពីចិនក្នុងតម្លៃ១៥លានដុល្លារ។
 
​ទាក់ទងនឹងការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ នេះដែរ កាលពីថ្ងៃទី១០មេសា ប្រមុខរាជរដ្ឋាភិបាល អះអាង​ថា បើគ្មានអ្វីប្រែប្រួលនោះ វ៉ាក់សាំង ប្រមាណ ៨លានដូសទៀត នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ នៅចន្លោះខែមេសា ដល់ខែសីហា ឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង ដែលនឹងមកដល់នោះទេ។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖ ​«នៅថ្ងៃទី១៧នេះនឹងមកដល់ (វ៉ាក់សាំង) ចំនួនកន្លះលានដូសទៀត។ ខែឧសភា នឹងមកដល់ ចំនួន១លាន៥សែនដូស ។ ខែមិថុនានឹងមកដល់ចំនួន៣លានដូស។ ខែកក្កដានឹងមកដល់២លានដូស ខែសីហានឹងមក ដល់១លានដូស»។ ​ 
 
គួរជម្រាបថា កម្ពុជា ទើបទទួលបានវ៉ាក់សាំងជាង ៣លានដូស ក្នុងនោះមាន វ៉ាក់សាំង Sinopharm ១,៣លានដូស, វ៉ាក់សាំង Sinovac ចំនួន ១,៥សែនដូស និង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ជាង៣០ម៉ឺនដូស។ 
 
សូម​បញ្ជាក់ថា គិតត្រឹមថ្ងៃ១៥មេសា កម្ពុជា មានមនុស្សសរុប ១,២២៣,៣២២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៩៥៤,០៦៧នាក់ ជាក្រុមពលរដ្ឋមានអាទិភាព និង ២៦៩,២៥៥នាក់ទៀត គឺជាកងកម្លាំងយោធា។ នេះយោងបើទិន្នន័យផ្សេងពីគ្នារបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល៕​
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com