អន្តរជាតិ
រុស្ស៊ី បណ្តេញអ្នកការទូតអាមេរិកវិញ ដើម្បីជាការសងសឹក
17, Apr 2021 , 1:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ រូបភាព៖ AFP
រុស្ស៊ី នៅថ្ងៃទី១៦ ខែមេសា បានដាក់ទណ្ឌកម្ម និងបណ្តេញមន្រ្តីអាមេរិក ជាការសងសឹកនឹងចំណាត់ការរបស់អាមេរិក ដែលបានដាក់ទណ្ឌកម្មលើមន្រ្តីរុស្ស៊ី។ មិនតែប៉ុណ្ណោះ រុស្ស៊ី ក៏បានដាក់បណ្តេញមន្រ្តីប៉ូឡូញចេញពីប្រទេសផងដែរ។


 
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៥ ខែមេសា បានដាក់ទណ្ឌកម្មលើរុស្ស៊ី និងបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០នាក់ថែមទៀត ដោយរដ្ឋបាលលោកចូ បៃឌិន សំអាងថា រុស្ស៊ីបានប្រព្រឹត្តសកម្មភាពមិនល្អ ដូចជាលូកលាន់ក្នុងការបោះឆ្នោតឆ្នាំ២០២០, ការវាយប្រហារតាមអនឡាញ និងការបំពានអ្នកប្រឆាំងជាដើម។ 
 
ជាការឆ្លើយតប រុស្ស៊ី បានដាក់វិធានការសងសឹកលើមន្រ្តីអាមេរិកជំនួសវិញ។ នៅក្នុងចំណាត់ការសងសឹកនេះ រុស្ស៊ីបានហាមឃាត់រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោកMerrick Garland, ទីប្រឹក្សាគោលនយោបាយក្នុងប្រទេស លោកស្រីSusan Rice និងប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Christopher Wray ជាដើម មិនឱ្យចូលមកក្នុងទឹកដីរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ី ក៏បានបណ្តេញអ្នកការទូតអាមេរិកចំនួន ១០រូបចេញពីប្រទេសផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergei Lavrov បានអះអាងថា ចំណាត់ការរបស់ក្រុងមូស្គូ គឺជាការឆ្លើយតបនឹងចំណាត់ការរបស់អាមេរិក។ ជាមួយគ្នានេះ រុស្ស៊ីក៏បានបណ្តេញមន្រ្តីទូតរបស់ប៉ូឡូញចំនួន ៥រូបចេញពីប្រទេសផងដែរ។ 
 
បន្ទាប់ពីចំណាត់ការរបស់រុស្ស៊ីដូចខាងលើ ក្រសួងការបរទេសអាមេរិក បានបង្ហាញការសោកស្តាយ និងធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើង៕
 

Tag:
 រុស៊ី
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com