ជាតិ
សេដ្ឋកិច្ច
បិទផ្លូវឆ្លងខេត្ត ធ្វើឲ្យរបរលក់ចង្រិតរបស់លោក ញឿក ភារម្យ នៅតាកែវ បាត់ម៉ូយដុំ
17, Apr 2021 , 9:59 pm        
រូបភាព
ដោយ:
ការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០កុម្ភៈនៅតែមិនទាន់ថមថយ ធ្វើឲ្យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង។ ដើម្បីទប់ស្កាត់បញ្ហានេះ ប្រមុខរដ្ឋាភិបាល បានសម្រេចផ្អាកចរាចរណ៍ធ្វើដំណើរឆ្លងខេត្តទូទាំងប្រទេស ដែលធ្វើឲ្យការលក់ចង្រិតរបស់លោក ញឿក ភារម្យ ធ្លាក់ចុះខ្លាំង។

 
មានទីលំនៅក្នុងខេត្តតាកែវ លោក ញឿក ភារម្យ ជាអ្នកចិញ្ចឹមចង្រិត និងផ្គត់ផ្គង់ចង្រិតជាង ១០ឆ្នាំមកហើយប្រចាំខេត្តតាកែវ និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារ ភ្នំពេញ ខេត្តតាកែវ កំពង់ចាម និងខេត្តព្រៃវែង។
 អ្នកចិញ្ចឹមចង្រិតរូបនេះ កំពុងជួបបញ្ហាលក់ចង្រិតមិនចេញ ដោយសារការបិទចរាចរណ៍ឆ្លងខេត្ត។ 
 
លោក ញឿក ភារម្យ អះអាងថា ចង្រិតរបស់លោកនៅតែមានអ្នកទិញ តែទិញក្នុងបរិមាណតិចតួច។ លោកបានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«កាលពីមុនមួយថ្ងៃធ្លាប់លក់បាន ៦០០ ទៅ ៧០០គីឡូក្រាម។ តែតាំងប៉ុន្មានថ្ងៃនេះ មួយថ្ងៃលក់បានតែ ១០០ ទៅ ២០០គីឡូក្រាមទេ»។
 
មិនត្រឹមតែបរិមាណនៃការលក់ចង្រិតថយចុះនោះទេ តម្លៃក៏ធ្លាក់ចុះផងដែរ។ ស្ថិតក្នុងស្រុកដូនកែវ ខេត្តតាកែវ អ្នកចិញ្ចឹមចង្រិតវ័យ ៣១ឆ្នាំរូបនេះ បន្តថា កាលពីរដ្ឋាភិបាលមិនទាន់ប្រកាសបិទការឆ្លងខេត្ត ចង្រិតរបស់លោកអាចលក់បានក្នុងតម្លៃ ១២ ០០០រៀល ក្នុងមួយគីឡូក្រាម តែពេលនេះលក់បានត្រឹម ៨ ០០០រៀល ទៅ ៩ ០០០រៀលប៉ុណ្ណោះ៕ 


កន្លែងចិញ្ចឹមចង្រិត


 ចង្រិតរៀបចំដឹកឲ្យអតិថិជន



Tag:
 ចង្រិត
 ញឿក ភារម្យ
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com