អន្តរជាតិ
លោក ម៉ូរីសុន៖ អូស្ត្រាលី នឹងមិនទាន់បើកព្រំដែនឡើយ
18, Apr 2021 , 3:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៨ ខែមេសា ប្រកាសថា អូស្ត្រាលី នឹងមិនទាន់បើកព្រំដែនទទួលអ្នកដំណើរទូទៅឡើយ។ លោក ម៉ូរីសុន អះអាងថា លោកមិនឱ្យអូស្ត្រាលីដែលមានស្ថានភាពជំងឺកូវីដ-១៩ ខុសពីផ្នែកឯទៀតរបស់ពិភពលោក ប្រឈមមុខហានិភ័យដូចដែលប្រទេសផ្សេងជួបឡើយ។ លោកក៏អំពាវនាវឱ្យប្រជាជនទៅទទួលវ៉ាក់សាំងផងដែរ។

 
អូស្ត្រាលី បិទព្រំដែនរបស់ខ្លួនតាំងពីខែមីនា ឆ្នាំ២០២០ មក ដោយមិនអនុញ្ញាតឱ្យប្រទេសអ្នកដំណើរមិនមែជាជនជាតិអូស្ត្រាលី និងបុគ្គលដែលមិនមែនជាអ្នករស់នៅក្នុងអូស្ត្រាលីចូលឡើយ។ វិធានការនេះ បូកផ្សំនឹងការបិទតំបន់ដែលមានផ្ទុះករណីឆ្លង ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធរហ័ស និងការចូលរួមរបស់ប្រជាជន ជួយឱ្យអូស្ត្រាលីអាចគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ បានល្អ ជាមួយករណីឆ្លងសរុបជាង២៩០០០នាក់ និងស្លាប់៩១០នាក់។
 
ខណៈស្ថានភាពក្នុងប្រទេសស្ទើរតែគ្មានជំងឺនេះទៅហើយនោះ នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បញ្ជាក់ថា អូស្ត្រាលីនឹងបន្តបិទព្រំដែនរបស់ខ្លួនទៀតសិន។ លោកបន្តថា ការសម្រេចចិត្តណាមួយលើការព្យួរការរឹតត្បិតនេះ នឹងធ្វើឡើងដោយម៉ត់ចត់បំផុត។
 
«អូស្ត្រាលី មិនប្រញាប់បើកព្រំដែនឡើយ។ ខ្ញុំធានាឱ្យអ្នក។» ប្រមុខរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍នៅថ្ងៃទី១៨ ខែមេសា មុនសង្កត់ធ្ងន់ថា លោកមិនយកស្ថានភាពរស់នៅសព្វថ្ងៃនៅអូស្ត្រាលីដែលល្អប្រសើរជាងផ្នែកឯទៀតរបស់ពិភពលោកទៅប្រថុយឡើយ។ 
 
ជាច្រើនខែមកហើយ ប្រជាជនអូស្ត្រាលី អាចរស់នៅក្នុងលក្ខខណ្ឌល្អប្រសើរដោយអាចចេញទៅក្រៅ ដោយមិនចាំបាច់ពាក់ម៉ាស់ និងអាចជួបជុំមនុស្សច្រើនផងដែរ លើកលែងតែក្នុងករណីខ្លះពេលរកឃើញករណីឆ្លងដែលរដ្ឋត្រូវបិទតំបន់ណាមួយនោះ។ លើសពីនោះ ប្រជាជនអូស្ត្រាលី ក៏អាចធ្វើដំណើរក្នុងប្រទេសផងដែរ ហើយចាប់ពីថ្ងៃទី១៩ ខែមេសា ពួកគេ ក៏អាចធ្វើដំណើរទៅនូវែលសេឡង់ក្បែរខាង ដោយមិនចាំបាច់សុំការលើកលែង ឬត្រូវធ្វើចត្តាឡីស័កដែរ។
 
ពីទីក្រុង Adelaide លោក ម៉ូរីសុន ក៏ស្នើឱ្យប្រជាជនទូទៅ និងអ្នកដែលមានអាយុចាប់៥០ឆ្នាំឡើង ត្រូវទទួលវ៉ាក់សាំងផងដែរ នៅពេលដល់វេនពួកគេ។ នៅថ្ងៃទី១៨ ខែមេសា គណៈរដ្ឋមន្រ្តីអូស្ត្រាលី នឹងជជែកពីកម្មវិធីចាក់វ៉ាក់សាំងឡើងវិញ ក្រោយមានអនុសាសន៍ឱ្យផ្ដល់វ៉ាក់សាំង Pfizer ឱ្យក្រុមប្រជាជនមានអាយុក្រោម៥០ឆ្នាំ ជំនួសវ៉ាក់សាំងរបស់ AstraZeneca ដែលមានព័ត៌មានទាក់ទងកំណកឈាម៕
 
 
 
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com