អន្តរជាតិ
រុស្ស៊ី និងអ៊ុយក្រែន បណ្តេញមន្រ្តីទូតទៅវិញទៅមក
18, Apr 2021 , 7:29 pm        
រូបភាព
ស្ថានទូតអ៊ុយក្រែននៅក្នុងទីក្រុងមូស្គូ។ រូបភាព៖ EPA
ស្ថានទូតអ៊ុយក្រែននៅក្នុងទីក្រុងមូស្គូ។ រូបភាព៖ EPA
រុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃទី១៧ ខែមេសា បានប្រាប់មន្រ្តីទូតឱ្យចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង។ ករណីបណ្តេញមន្រ្តីទូតចេញពីប្រទេសនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ីចាប់ខ្លួនមន្រ្តីទូតអ៊ុយក្រែនមួយរូប ដោយសារប្រមូលព័ត៌មានរសើប។ បញ្ហានេះ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អក់កករថែមទៀត។

 
រុស្ស៊ី នៅថ្ងៃទី១៧ ខែមេសា បានប្រកាសថា ទីភ្នាក់ងារFederal Security Service បានចាប់ខ្លួនAlexander Sosonyuk កុងស៊ុលរបស់អ៊ុយក្រែន ប្រចាំនៅទីក្រុងSaint Petersburg ពីបទព្យាយាមលួចព័ត៌មានសំខាន់។ 
 
ជាការឆ្លើយតបក្រសួងការបរទេសអ៊ុយក្រែន បានច្រានចោលព័ត៌មាននោះ និងតវ៉ាថា គឺជាការចាប់ខ្លួនដោយខុសច្បាប់នូវមន្រ្តីទូតរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលក្រុងកៀវ បានដាក់ឱសានវាទឱ្យមន្រ្តីទូតជាន់ខ្ពស់រុស្ស៊ី ត្រូវតែចាកចេញពីប្រទេសរយៈពេល ៧២ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ 
 
ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ី បានបានកោះហៅភារធារីអុយក្រែនលោក Vasyl Pokotylo និងប្រាប់លោកឱ្យចាកចេញពីរុស្ស៊ី ក្នុងរយៈពេល ៧២ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសាដែរ។ «ភាគីរុស្ស៊ី នឹងមិនអនុញ្ញាតឱ្យរឿងបែបនោះកើតឡើងឡើយ»។ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍បែបនេះ ដោយសំដៅលើមន្រ្តីទូតរបស់អ៊ុយក្រែន ដែលបានប្រមូលព័ត៌មានសំខាន់។ 
 
ចំណែកទីភ្នាក់ងារ Federal Security Service បានអះអាងថា សកម្មភាពប្រមូលយកព័ត៌មានសំខាន់ គឺមិនសាកសមសម្រាប់មន្រ្តីទូតឡើយ ហើយវាជាសកម្មភាពបង្ករឿងមកលើរុស្ស៊ី។ 
 
គួររំលឹកថា ទំនាក់ទំនងក្រុងមូស្គូ និងក្រុងកៀវ រងភាពល្អក់កករយ៉ាងខ្លាំងចាប់តាំងពីរុស្ស៊ីដាក់ទឹកដីគ្រីមៀជាឧបសម្ព័ន្ធរបស់ខ្លួនតាំងពីឆ្នាំ២០១៤មក។ លើសពីនេះ រដ្ឋាភិបាលក្រុងកៀវ ក៏កំពុងប្រយុទ្ធជាមួយក្រុមផ្តាច់ទឹកដី ដែលមានរុស្ស៊ីនៅពីក្រោយ នៅភាគខាងកើតអ៊ុយក្រែនផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com