អន្តរជាតិ
ថៃមានករណីប្រចាំថ្ងៃដល់ទៅជាង១៧០០នាក់ ហើយអ្នកស្លាប់កើនលើស១០០នាក់
18, Apr 2021 , 8:29 pm        
រូបភាព
ប្រជាជនថៃ ឈរតម្រង់ជួរចាំធ្វើតេស្តកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា។ រូបភាព៖ AFP
ប្រជាជនថៃ ឈរតម្រង់ជួរចាំធ្វើតេស្តកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា។ រូបភាព៖ AFP
អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី១៨ ខែមេសា បានអះអាងថា ថៃមានករណីឆ្លងកូវីដ-១៩ ចំនួន ១៧៦៧ករណី និងអ្នកស្លាប់ពីរនាក់។ ចំនួនអ្នកស្លាប់សរុប ដោយសារកូវីដ-១៩ នៅថៃ បានកើនដល់ ១០១នាក់ហើយ។

 
រយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅថៃ នៅតែបន្តហក់ឡើងដដែល។ នៅថ្ងៃទី១៨ ខែមេសា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 ថៃ (CCSA) បានរាយការណ៍ថា ករណីឆ្លងមានចំនួន ១៧៦៧ ករណី និងអ្នកស្លាប់មានចំនួន ២នាក់។ តំបន់ដែលមានករណីឆ្លងច្រើនជាងគេ គឺនៅទីក្រុងបាងកក ខេត្តឈុនបុរី ខេត្តឈៀងម៉ៃ និងបណ្តាខេត្តផ្សេងទៀត។ 
 
ដោយសារតែករណីឆ្លងនៅតែបន្តហក់ឡើងបែបនេះ តំបន់ខ្លះ ដូចជានៅខេត្តឈៀងម៉ៃជាដើម កំពុងប្រឈមខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩។ បញ្ហានេះ អ្នកជំងឺកូវីដ-១៩ មួយចំនួន ត្រូវផ្ទេរទៅក្រុងបាងកក ឬខេត្តផ្សេង ដើម្បីព្យាបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
មកទល់ពេលនេះ កូវីដ-១៩ របស់ថៃ បានរីកសាយដល់ខេត្តរបស់ថៃទាំងអស់ ដែលមានចំនួន ៧៧ខេត្ត។ ក្នុងចំណោមនោះ ខេត្តចំនួន ៤៤ បានដាក់ចេញវិធានការរឹតត្បិតលើអ្នកដែលចូលមកក្នុងខេត្តទាំងនោះ។ 
 
លើសពីនេះ ថៃបានហាមឃាត់ការជួបជុំទ្រង់ទ្រាយធំ បិទបារ តៀមស្រា ភោជនីយដ្ឋានជាដើម និងកន្លែងកម្សាន្តផ្សេងទៀត ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែមេសា តទៅ រយៈពេល ២សប្តាហ៍។ 
 
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៤២៣៥២ករណី និងអ្នកស្លាប់មានចំនួន ១០១នាក់។ អ្នកជាសះស្បើយមានចំនួន ២៨៧៥០នាក់។ ស្របគ្នានេះ ថៃក៏បានចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួន បានចំនួនជាង ៦០ម៉ឺនដូសផងដែរ៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com