កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបយក្សនៅអឺរ៉ុប១២ គាំទ្របង្កើតពាន Super League ទោះ FIFA និង UEFA ព្រមាន
19, Apr 2021 , 11:03 am        
រូបភាព
ក្លិបកីឡាបាល់ទាត់ធំៗនៅតំបន់អឺរ៉ុបចំនួន ១២ បានប្រកាសគាំទ្រឱ្យបើកដំណើរការពានរង្វាន់អឺរ៉ុប European Super League ដែលមានតម្លៃជាង៤ពាន់លានដុល្លារ។ ស្របពេលគេជឿងជាក់ថាព្រឹត្តិការណ៍ថ្មីនេះ នឹងធ្វើឱ្យរញ្ជួយពិភពបាល់ទាត់ ប៉ុន្តែក្លិបទាំង១២ ក៏ត្រូវបានចោទថាលោភលន់នឹងប្រាក់ ហើយប្រឈមមិនបានលេង Champions League ថែមទៀត។


បើតាមការចុះផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១៩ ខែមេសា ក្លិបទាំង១២នោះ មាន៦ក្លិបមកពីលីគកំពូលអង់គ្លេស Premier League ដូចជា Liverpool, Manchester United, Arsenal, Chelsea, Manchester City និង Tottenham Hotspure។ ក្លិបពី La Liga របស់អេស្ប៉ាញមាន Real Madrid, Barcelona និង Atletico Madrid រួមជាមួយ Juventus, Inter Milan និង AC Milan ដែលមកពី Serie A របស់អ៊ីតាលី។
 
ក្លិបនិមួយៗដែលចូលរួមប្រកួតប្រជែងពានរង្វាន់ Super League នឹងទទួលបានប្រាក់ក្នុងចំណោមទឹកប្រាក់សរុប ៤,១៩ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
យ៉ាងណាក៏ដោយ ការចូលរួមរបស់ក្លិបទាំង១២ សម្រាប់ការបង្កើតពានថ្មី Super League ដែលវាអាចនឹងប៉ះពាល់ដល់ការប្រកួត Champions League ត្រូវបានចោទប្រកាន់ភ្លាមៗពីភាពលោភលន់ ខណៈសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមជាមួយសហព័ន្ធកីឡាបាល់ទាត់ចំនួន៦ ដែលរួមមានទាំង UEFA ផង សុទ្ធតែប្រឆាំងនឹងការគាំទ្រខាងលើ។
 
សហព័ន្ធកីឡាបាល់ទាត់ទាំង៦ទ្វីប ដែលគាំទ្រចំណាត់ការរបស់ FIFA រួមមាន សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC), សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF), សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង (Concacaf), សហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (Conmebol), សហព័ន្ធកីឡាបាល់ទាត់អូសេអានី (OFC) និង សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។
 
FIFA ធ្លាប់ប្រកាសមិនទទួលស្គាល់ពាន Super League នេះម្តងរួចមកហើយ និងថែមទាំងប្រមានកីឡាករណាដែលចូលរួមព្រឹត្តិការណ៍នេះ នឹងត្រូវរារាំងមិនឲ្យលេងក្នុងការប្រកួត World Cup ឬជំនួបអន្តរជាតិផ្សេងៗ។
 
នៅក្នុងសេចក្តីប្រកាសរបស់ UEFA ដែលមិនពេញចិត្តនឹងការគាំទ្ររបស់ក្លិបទាំង១២ ស្ថាប័នគ្រប់គ្រងកីឡាតំបន់អឺរ៉ុបមួយនេះ បានអរគុណចំពោះក្លិបដែលបដិសេធមិនចូលរួម ជាពិសេសក្លិបយក្សនៅបារាំង និងអាល្លឺម៉ង់។
 
«យើងសូមអំពាវនាវដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ អ្នកគាំទ្រ និងអ្នកនយោបាយទាំងអស់ចូលរួមជាមួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងគម្រោងបែបនេះប្រសិនបើវាត្រូវបានប្រកាស។ យើងមានពានរង្វាន់ សម្រាប់ការប្រកួតប្រជែងគ្រប់គ្រាន់ហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ UEFA តាមរយៈវេបសាយផ្លូវការរបស់ខ្លួន។
 
ស្របពេលគ្នានេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងក្របខណ្ឌ Premier League ផង បានថ្កោលទោសក្លិបទាំង៦របស់ខ្លួន ចំពោះការគាំទ្រឱ្យមានការបង្កើតពានរង្វាន់ អឺរ៉ុប Super League នេះផងដែរ៕
 

Tag:
 FIFA
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com