COVID-19
ជាតិ
នៅផ្ទះបាន តែជួយស្បៀងផង!
19, Apr 2021 , 12:40 pm        
រូបភាព
សាលរាជធានីភ្នំពេញ រៀបចំស្បៀងយកទៅចែកជូនពលរដ្ឋ ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺនរៀល។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ
សាលរាជធានីភ្នំពេញ រៀបចំស្បៀងយកទៅចែកជូនពលរដ្ឋ ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺនរៀល។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ
ការចែកស្បៀងដល់ពលរដ្ឋខ្វះខាត ក្នុងអំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ គឺជារឿងដ៏សំខាន់មួយ ដែលអាជ្ញាធរ គួរយកចិត្តទុកដាក់ខ្ពស់បំផុត។



ពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលជាភូមិសាស្រ្តត្រូវបិទខ្ទប់ជាបណ្តោះអាសន្ន យល់ព្រមសម្ងំនៅក្នុងផ្ទះ តាមការសម្រេចរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែ ជាមួយគ្នានេះ ពលរដ្ឋខ្លះ ពិបាកនឹងទ្រាំនៅក្នុងផ្ទះណាស់ ដ្បិតពួកគាត់ មានជីវភាពខ្សត់ខ្សោយខ្លាំង។

ពលរដ្ឋខ្លះទៀត មិនខ្សត់ខ្សោយខ្លាំងនោះទេ តែស្ថិតក្នុងអំឡុងនៃការបិទខ្ទប់នេះ ពួកគាត់ មិនអាចចេញទៅបំពេញការងារជាប្រក្រតីបាន ដែលជាហេតុធ្វើឲ្យពួកគេ ជួបបញ្ហាជីវភាពដែរ ជាពិសេសការហូបចុកប្រចាំថ្ងៃ។

ពលរដ្ឋមួយចំនួន ក្នុងចំណោមពលរដ្ឋដែលខ្វះខាតទាំងនោះ ដាច់ចិត្តថតវីដេអូនិងរូបភាព បង្ហាញពីការខ្វះខាតនិងស្ថានភាពលំបាកក្នុងគ្រួសាររបស់ពួកគាត់ ហើយបង្ហោះលើបណ្តាញសង្គម ដើម្បីដង្ហើយហៅឲ្យរដ្ឋាភិបាលនិងអាជ្ញាធរជួយផ្គត់ផ្គង់ស្បៀងអាហារ។ តាមពិតទៅ មិនមែនរដ្ឋាភិបាល ភ្លេចគិតពីការចែកស្បៀងដល់ពលរដ្ឋខ្វះខាតនោះទេ។

រដ្ឋាភិបាល បានរៀបចំស្បៀងបម្រុងទុករួចទៅហើយ សម្រាប់យកទៅចែកចាយដល់ពលរដ្ឋ ដែលខ្វះខាតក្នុងអំឡុងនៃការបិទខ្ទប់នេះ។ ប៉ុន្តែ ទំនងជាអាជ្ញាធរ មិនទាន់អាចស្រង់ទិន្នន័យបានអស់ភ្លាមៗពីចំនួនពលរដ្ឋខ្វះខាត ទើបធ្វើឲ្យអាជ្ញាធរ មិនទាន់បានដើរចែកស្បៀងដល់ពួកគាត់ឲ្យបានគ្រប់គ្នា។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសារជាសំឡេងទៅកាន់អភិបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយណែនាំឲ្យយកចិត្តទុកក្នុងការផ្តល់ស្បៀងដល់ពលរដ្ឋខ្វះខាតឲ្យទាន់ពេលវេលា។ សារជាសំឡេងរបស់លោក ឃួង ស្រេង បានឲ្យដឹងថា ប្រមុខរដ្ឋាភិបាល បានផ្តល់អំណោយជាអង្ករ១៤០តោន ទៅកាន់ខណ្ឌទាំង១៤ ដោយខណ្ឌនីមួយៗ ទទួលបាន១០តោន សម្រាប់យកទៅចែកពលរដ្ឋខ្វះខាត។

អភិបាលរាជធានីភ្នំពេញ ដាក់បញ្ជាទៅអភិបាលខណ្ឌទាំង១៤ដូច្នេះថា៖«ក្នុងករណី [ពលរដ្ឋ] គាត់ ដង្ហើយហៅសុំស្បៀងអាហារ សូមអភិបាលខណ្ឌទាំងអស់ រៀបចំស្បៀង អង្ករ មី ទៅចុះដល់ផ្ទះគាត់ជាបន្ទាន់»។

បន្ថែមពីនេះ អាជ្ញាធរ បានបង្កើតក្រុមតេឡេក្រាមួយឈ្មោះ «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់» (https://t.me/foodsupport) ដើម្បីឲ្យប្រជាពលរដ្ឋ ដែលខ្វះខាត មានភាពងាយស្រួល ក្នុងការស្នើសុំស្បៀងពីគណៈកម្មការជាតិគ្រប់គ្រងការបិទខ្ទប់ (គ.ប.ខ)។ ពលរដ្ឋ ដែលខ្វះខាត អាចចូលទៅដាក់សំណើសុំស្បៀង តាមតេឡេក្រាមនេះ។

បើគ្រួសារណាមួយ ខ្វះខាតខ្លាំង ហើយមិនទទួលបានការឧបត្ថម្ភស្បៀងពីអាជ្ញាធរ សមាជិកនៃគ្រួសារនោះ អាចនឹងត្រូវបង្ខំចិត្តចេញក្រៅផ្ទះ ដើម្បីស្វែងរកចំណូលទៅផ្គត់ផ្គង់គ្រួសារ។ ដូច្នេះ ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុមងខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អាចនឹងមិនសូវមានប្រសិទ្ធភាព។

ដើម្បីឲ្យវិធានការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដំណើរការទៅល្អ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ត្រូវធានាថា ភាគច្រើនបំផុត ក្នុងចំណោមពលរដ្ឋខ្វះខាត គឺទទួលបានការឧបត្ថម្ភស្បៀង។ ហើយបើអាជ្ញាធរ អាចចែកស្បៀងដល់ពលរដ្ឋខ្វះខាតឲ្យបានគ្រប់គ្នានោះ គឺកាន់តែប្រសើរ៕

Tag:
 COVID-19
  ពលរដ្ឋខ្វះខាត
  ចែកស្បៀង
  បិទខ្ទប់ភ្នំពេញ-តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com