កីឡាអន្តរជាតិ
អន្តរជាតិ
Norwich បានកៅអីមក Premier League វិញ ខណៈ Sheffield ធ្លាក់ទៅ Championship
19, Apr 2021 , 1:39 pm        
រូបភាព
Norwich City ទទួលបានកៅអីឡើងទៅលេងក្របខណ្ឌ Premier League វិញនារដូវកាលក្រោយដោយស្វ័យប្រវត្តិ ក្រោយឈ្នះជើងឯក Championship សម្រាប់រដូវកាល ២០២០-២១នេះ ទោះនៅសល់៤ប្រកួតទៀត។ Sheffield United ធ្លាក់ទៅលីគទី២ ដ្បិតអស់ឱកាសប្រជែងពិន្ទុនៅលីគកំពូលអង់គ្លេស។


ឆ្លងកាត់ការប្រកួត៤២លើក Norwich City រកបាន៩០ពិន្ទុ នាំមុខក្រុមលេខ២ Watford ចំនួន៨ពិន្ទុ និងលេខ៣ Swansea City ចំនួន១៤ពិន្ទុដាច់ ខណៈការប្រកួតនៅ Championship សល់តែ៤លើកទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះ។
 
តាមរយៈពិន្ទុនាំមុខដាច់នេះ មានន័យថា Norwich បានកៅអីដោយស្វ័យប្រវត្តិ ក្នុងការត្រឡប់ទៅលីគកំពូលអង់គ្លេសវិញនារដូវកាលក្រោយ។ Watford ក៏មានឱកាសច្រើនដែរ ក្នុងការវិលទៅ Premier League វិញ។ Watford ដែលធ្លាក់ទៅ Championship ជាមួយ Norwich មាន៨២ពិន្ទុក្នុងដៃ លើសក្រុម Swansea City ចំនួន៦ពិន្ទុ។ ក្រុមដែលទទួលបានចំណាត់ថ្នាក់ទី១ និងទី២នៅ Championship នឹងទទួលបានកៅអីទៅ Premier League ខណៈក្រុមលេខ៣ដល់លេខ៦ត្រូវប្រកួតជម្រុះ Play-off យកមួយ១ក្រុម។
 
ស្របពេលគ្នានេះ Sheffield United បានអស់ឱកាសរក្សាកៅអីលេងនៅលីគកំពូលរដូវកាលក្រោយហើយ បើទោះនៅសល់ការប្រកួត៦លើកទៀតក៏ដោយ។ ឆ្លងកាត់ការប្រកួត៣២លើក Sheffield រកបានតែ១៤ពិន្ទុប៉ុណ្ណោះ ដោយតាមពីក្រោយក្រុមលេខ១៧ Burnley ចំនួន១៩ពិន្ទុឯណោះ។
 
Fulham និង West Bromwich Albion ប្រឈមធ្លាក់ទៅ Championship ដូចគ្នាដែរ ខណៈបច្ចុប្បន្នកំពុងស្ថិតនៅតំបន់គ្រោះថ្នាក់ស្រាប់។ Fulham ឈរចំណាត់ថ្នាក់ទី១៨ មាន២៧ពិន្ទុ ពីការប្រកួត៣៣លើក ឯ West Bromwich នៅលេខ១៩ មាន២៤ពិន្ទុ តែទើបប្រកួត៣១លើក៕
 

Tag:
 Norwich City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com