អាមេរិក៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយសារការគំរាមពីភេរវករប្តូរទៅកន្លែងផ្សេង
អន្តរជាតិ
អាមេរិក៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយសារការគំរាមពីភេរវករប្តូរទៅកន្លែងផ្សេង
19, Apr 2021 , 3:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន ។ រូបភាព៖ AFP
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន នៅថ្ងៃទី១៨ ខែមេសា បានការពារសេចក្តីសម្រេចរបស់អាមេរិកក្នុងការដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយលោកថា ក្រុមភេរវកម្មបានប្តូរទីតាំងទៅប្រទេសផ្សេង ហើយ គោលដៅក្នុងការប្រមាញ់ពួកភេរវករក៏សម្រេចបានផងដែរ។ បើតាមលោក ប្ល៊ីងខិន  ការដកទ័ពនេះ អាចឱ្យអាមេរិកប្រមូលធនធានឡើងវិញ ដើម្បីប្រជែងជាមួយការកើនឡើងឥទ្ធិពលចិន និងជំងឺឆ្លងសកល។


 
 
នៅសប្តាហ៍មុន អាមេរិក បានប្រកាសដកទ័ពចេញពីអាហ្វហ្កានីស្ថានទាំងអស់ចេញពីទឹកដីអាហ្វហ្កានីស្ថាន ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១១ ខែកញ្ញា ដែលជាខួប២០ឆ្នាំ នៃការវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមន្ទីរបញ្ចកោណ កាលពីឆ្នាំ២០០១ ក្រោមស្នាដៃរបស់ក្រុមភេរវកម្មនិយមអាល់កៃដា។ ការដកទ័ព បង្កើតជាក្ដីបារម្ភ ព្រោះក្រុមអាល់កៃដាអាចដណ្ដើមអំណាចពីរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលមានកម្លាំងទ័ពទន់ខ្សោយនៅឡើយ។
 
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន  បានចេញមុខមកការពារការដកទ័ពនេះ។ លោកបញ្ជាក់ថា ការគំរាមកំហែងពីភេរវកម្មនិយមបានប្តូរទៅកន្លែងហើយ។ ក្នុងន័យនេះ ប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់ថា អាមេរិក មានរបៀបវារៈសំខាន់ផ្សេងទៀត រួមទាំងទំនាក់ទំនងជាមួយចិន អាកាសធាតុ និងកូវីដ-១៩ ដែលតម្រូវឱ្យអាមេរិកត្រូវប្រមែប្រមូលថាមពល និងធនធានរបស់ខ្លួន ដើម្បីដោះស្រាយ។ 
 
ថ្លែងប្រាប់សារព័ត៌មាន ABC រដ្ឋមន្រ្តីការបរទេសអាមេរិក បានរំលឹកជាថ្មីពាក្យសម្តីរបស់ប្រធានាធិបតី ចូ បៃឌិន ដែលថ្លែងនៅសប្តាហ៍មុនថា អាមេរិក បានសម្រេចគោលដៅខ្លួន ដែលបានដាក់ចេញកន្លងមកហើយ។ គោលដៅអាមេរិក គឺការលុបបំបាត់ក្រុមភេរវកម្មអាល់កៃដា ហើយពេលនេះ ក្រុមទាំងនោះ បានប្តូរទីតាំងចេញពីអាហ្វហ្កានីស្ថានហើយ។ ម្យ៉ាងមេដឹកនាំធំៗ ក៏បានបាត់បង់ជីវិតផងដែរ។
 
ការដកទ័ពរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន បានកើតឡើងតាំងពីឆ្នាំ២០២០ មកម្លេះ ដែលកាលនោះ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានធ្វើកិច្ចព្រមព្រៀងដកទ័ពជាមួយក្រុមតាលីបង់។ កិច្ចព្រមព្រៀងនោះ បានបញ្ជាក់ថា អាមេរិកនឹងដកកងទ័ពឱ្យអស់ត្រឹមថ្ងៃទី១ ខែឧសភា។ ប៉ុន្តែរដ្ឋបាលអាមេរិកថ្មីក្រោមការដឹកនាំរបស់លោក ចូ បៃឌិន បានពន្យារដល់ថ្ងៃទី១១ ខែកញ្ញា។ 
 
ដោយសារការពន្យារពេលដកទ័ពនេះ ក្រុមតាលីបង់ខឹងសម្បារយ៉ាងខ្លាំង។ ចំណែកលោក  ប្ល៊ីងខិន បានព្រមានយ៉ាងច្បាស់ថា អាមេរិកអាច នឹងមានសង្រ្គាមរយៈពេលវែងជាមួយតាលីបង់ ប្រសិនបើពួកគេធ្វើអ្វីផ្តេសផ្តាស ដែលពាក់ព័ន្ធនឹងការដកទ័ព។ 
 
មកទល់ពេលនេះ ទ័ពអាមេរិក ដែលមានវត្តមាននៅលើទឹកដីអាហ្វហ្កានីស្ថាន គឺមានត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះ រួមទាំងទ័ពរបស់សម្ព័ន្ធមិត្តប្រមាណ ៦ពាន់នាក់ថែមទៀត។ 
 មានសំណួរចោទសួរថាតើរដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចទប់ទល់ជាមួយក្រុមតាលីបង់ដែរឬយ៉ាងណា ស្របពេលក្រុមតាលីបង់មានប្រៀប និងកម្លាំងប្រយុទ្ធខ្លាំងជារដ្ឋាភិបាល។ ក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅសប្តាហ៍មុន លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្កានីស្ថានថា កងទ័ពរបស់លោក អាចទប់ទល់ជាមួយកម្លាំងរបស់ពួកតាលីបង់បាន៕ 
 

Tag:
 អាហ្វហ្កានីស្ថាន
  អាមេរិក
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com