ជាតិ
ព្រះសីហនុ៖ ១២៣នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ១២២នាក់ ជាអាជីវករផ្សារលើ និងក្រុមគ្រួសារ
19, Apr 2021 , 4:59 pm        
រូបភាព
មនុស្សចំនួន ១២៣នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះមាន ១២២នាក់ ជាអាជីវករ និងក្រុមគ្រួសារ។ ចំណែកម្នាក់ទៀត ជា ពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១។  រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ចេញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទាំង១២៣នាក់ នៅរសៀលថ្ងៃទី១៩ មេសានេះ។

 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ១២៣នាក់ មានក្មេង ចំនួន៨នាក់។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ ដែលបានបន្តថា តួលេខនេះ ជាលទ្ធផលតេស្តសំណាក នាថ្ងៃទី ១៨ ខែមេសា។ រដ្ឋបាលខេត្តព្រះសីហនុ បានបន្តអំពាវនាវដល់ អាជីវករ និងពលរដ្ឋ ដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ករណីមានរោគសញ្ញាសង្ស័យ ត្រូវទំនាក់ទំនងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខ ០១២ ៧៩៤ ៨៩៦ និង០១៦ ៥២៦ ៥២០។  
 
សូមជម្រាបថា អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើ ក្រុងព្រះសីហនុ បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៩មេសា បន្ទាប់ពីរកឃើញអាជីវករក្នុងផ្សារមានវិជ្ជមានកូវីដ-១៩។ ក្រៅពីបិទផ្សារ អាជ្ញាធរ ក៏តម្រូវឱ្យអាជីវករទាំងអស់ ទៅធ្វើតេស្តរកកូវីដ-១៩ ផងដែរ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវផងដែរ។ 
 
មកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩សរុប ៦៣៨៩ ដោយ ៥៨៤៦ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុប ២៤៧៦ នាក់ និង៤៥នាក់បានទទួលមរណភាព៕  
 
 

Tag:
 អាជីវករ
  ផ្សារលើ
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com