Leicester ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup លើកដំបូងក្នុងពេល៥២ឆ្នាំ ដោយត្រូវប៉ះ Chelsea ​
កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup លើកដំបូងក្នុងពេល៥២ឆ្នាំ ដោយត្រូវប៉ះ Chelsea ​
19, Apr 2021 , 4:29 pm        
រូបភាព
Leicester City ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល ៥២ឆ្នាំ ក្រោយយកឈ្នះ Southampton ១-០ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Wembley នៅថ្ងៃទី១៨ ខែមេសា។ លោក Brendan Rodgers ប្តេជ្ញាចិត្តជួយក្រុមរហស្សនាមកញ្រ្ជោងបង្កើតប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមយកពានរង្វាន់ FA Cup ពី Chelsea នៅវគ្គផ្តាច់ព្រ័ត្រ។


ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់៤ពាន់នាក់ ខ្សែប្រយុទ្ធ Kelechi Iheanacho ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះលើក្រុម Southampton នៅនាទី៥៥ ដើម្បីនាំ Leicester ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៩មក។ ក្រុមកញ្រ្ជោងដែលធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពី៥២ឆ្នាំមុន មិនដែលស្គាល់រស់ជាតិលើកពាន FA Cup នេះឡើយ។ 
ស្របពេលគ្នានេះដែរ លោក Rodgers ដែលមិនទាន់បានឈ្នះពានអ្វីទាល់តែសោះនៅអង់គ្លេសនិយាយថា នឹងផ្តល់ការចងចាំជាប្រវត្តិសាស្ត្រសម្រាប់ក្រុម Leicester ក្នុងនាមលោកអ្នកចាត់ការទូទៅ។
 
«យើងមានឱកាសបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្លិប។ នៅពេលយើងមកដល់ទីនេះ គឺដោយសារតែមហិច្ឆតារបស់យើង។ យើងនៅសល់តែមួយជំហ៊ានទៀតប៉ុណ្ណោះ ដើម្បីឆ្ពោះទៅរកសុបិនក្លាយជាការពិត»។ នេះជាការអះអាងរបស់អ្នកចាត់ការទូទៅសញ្ជាតិអៀរឡង់វ័យ៤៨ឆ្នាំ។
 
Leicester នឹងត្រូវតទល់ជាមួយ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ FA Cup សម្រាប់រដូវកាល ២០២០-២១ នេះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១។ Chelsea ដែលគ្រងពាន FA Cup ៨សម័យបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ តាមរយៈការយកឈ្នះ Manchester City នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០។
 
 

Tag:
 Leicester City
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com