អន្តរជាតិ
ក្រុមហ៊ុន AstraZeneca អាចមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បំប្លែងខ្លួននៅចុងឆ្នាំ២០២១
19, Apr 2021 , 8:59 pm        
រូបភាព
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលអភិវឌ្ឍឡើងដើម្បីប្រឆាំងជំងឺកូវីដ-១៩ ទម្រង់ថ្មីរកឃើញ នៅអាហ្វ្រិកខាងត្បូង អាចនឹងផលិតរួចរាល់នៅចុងឆ្នាំ២០២១ ។ មន្រ្តីរបស់ក្រុមហ៊ុនឱសថ AstraZeneca ប្រចាំអូទ្រីសលើកឡើងបែបនេះ នៅថ្ងៃទី១៨ ខែមេសា។


ជំងឺកូវីដ-១៩ បំប្លែងខ្លួនដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ត្រូវគេជឿថា ធ្វើឱ្យវ៉ាក់សាំងជាច្រើន មានប្រសិទ្ធភាពខ្សោយរាប់ទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផង។  លោកស្រី Sarah Walters អ្នកគ្រប់គ្រងក្រុមហ៊ុន AstraZeneca ប្រចាំអូទ្រីស ប្រាប់កាសែត Kurier ថា ការសិក្សាទៅ លើវ៉ាក់សាំងកន្លងមក បានបង្ហាញថាវ៉ាក់សាំងបច្ចុប្បន្នរបស់ AstraZeneca មានប្រសិទ្ធភាពតិច ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួននៅអាហ្រ្វិកខាងត្បូង។
 
«បច្ចុប្បន្ននេះ ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca និងសាកលវិទ្យាល័យ Oxford បានចាប់ផ្តើមកែតម្រូវ វ៉ាក់សាំងសម្រាប់ការពារកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលរីលរាលដាល នៅអាហ្វ្រិកខាងត្បូង ហើយយើង រំពឹងថា វានឹងរួចរាល់នៅដំណាច់ឆ្នាំនេះ»។ លោកស្រី Walters លើកឡើងបែបនេះក្នុងកិច្ចសម្ភាស ផ្សាយថ្ងៃទី១៨ ខែមេសា។ 
 
ក្នុងកិច្ចសម្ភាសដដែល លោកស្រី Walters ក៏និយាយពីបញ្ហាប្រឈមដែល AstraZeneca ជួបប្រទះ ពិសេសការពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងនៅសហភាពអឺរ៉ុប។ លោកពន្យល់ថា ដំណើរការស្មុគស្មាញ នៃការផលិតវ៉ាក់សាំង គួបផ្សំនឹងតម្រូវការវ៉ាក់សាំងកើនឡើងយ៉ាងខ្លាំងធ្វើឱ្យបញ្ហាប្រឈមកាន់តែ ពិបាកដោះស្រាយ។ ប៉ុន្តែមន្ត្រីក្រុមហ៊ុន AstraZeneca រូបនេះជឿជាក់ថា វ៉ាក់សាំង៣០០លានដូស នឹងត្រូវដឹកឱ្យអឺរ៉ុបតាមកិច្ចសន្យា។
 
យ៉ាងណាមិញ បញ្ហាសុវត្ថិភាពវ៉ាក់សាំងរបស់ AstraZeneca នៅតែបន្តមាននៅឡើយ។ អឺរ៉ុប បាន ដាក់ស្លាកព្រមានលើវ៉ាក់សាំងនេះទាក់ទងទៅនឹងបញ្ហាកំណកឈាម ឯដាណឺម៉ាកវិញ បានបញ្ឈប់ការ ប្រើប្រាស់វ៉ាក់សាំងនេះទាំងស្រុងទៅហើយ ខណៈអង់គ្លេស បានណែនាំប្រជាជនអាយុក្រោម៣០ឆ្នាំ ឱ្យទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅអូទ្រីសវិញ ប្រជាជនរាប់ពាន់នាក់លុបចោលការណាត់ជួបដើម្បីចាក់វ៉ាក់សាំង AstraZeneca ផងដែរ។ ត្រង់នេះ លោកស្រី Walters បានអះអាងថា ផែនការរបស់ AstraZeneca គឺបន្តផ្តល់ ព័ត៌មានប្រកបដោយតម្លាភាពចំពោះប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំងដល់គ្រូពេទ្យ ដើម្បីឱ្យពួកគេ អាចជូនដំណឹងដល់ប្រជាជនបន្តឱ្យបានពេញលេញអំពីអត្ថប្រយោជន៍ និងហានិភ័យរបស់វ៉ាក់សាំង។ 
 
លើរឿងប្រសិទ្ធភាពនេះ និយ័តករឱសថរបស់ក្រភពអង់គ្លេស និងអឺរ៉ុបបានបញ្ជាក់ថា អត្ថប្រយោជន៍ ទូទៅនៃការប្រើប្រាស់វ៉ាក់សាំងនេះ មានចំនួនច្រើនជាងហានិភ័យនៃកំណកឈាមដែលជាករណីកម្រ ។ គួររំលឹកថា វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ត្រូវបានរកឃើញថា មាន ប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ B117 ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com