COVID-19
ជាតិ
មនុស្ស ១៨នាក់ ដែលលួចធ្វើដំណើរទៅខេត្តពោធិ៍សាត់ កំពុងដាក់ឱ្យធ្វើចត្តាឡីស័ក
19, Apr 2021 , 7:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់
រូបភាពពីទំព័រហ្វេសប៊ុក លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់
ដោយ:
មនុស្ស ១៨នាក់ បានលួចធ្វើដំណើរពីរាជធានីភ្នំពេញ បាត់ដំបង កំពត និងកំពង់ចាម ទៅកាន់ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរខេត្តពោធិ៍សាត់បានបញ្ជូន អ្នកទាំង ១៨នេះ ឱ្យទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករលាំង ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។


លោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អ្នកទាំង ១៨នាក់នេះ កំពុងដាក់នៅមណ្ឌលចត្តាឡីស័ករលាំង និងបានយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ហើយ។ បើតាមលោក គឹមលាង អាជ្ញាធរខេត្តពោធិ៍សាត់មិនបានផាកពិន័យជាអន្តរការណ៍ ទៅលើបុគ្គលទាំងនេះនោះទេ។
 
លោក អុឹង គឹមលាង ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « យើងអត់មានការផាកពិន័យទេ ដោយសារពួកគាត់បានចូលមកជ្រុលហើយ គាត់ពិបាកត្រឡប់ទៅវិញ។ និយាយរួមគាត់មិនមែនល្មើសនឹងច្បាប់ទេ ដោយសារគាត់ចង់មកស្រុកកំណើត ដូច្នេះយើងក៏មានការយោគយលដែរ យើងក៏ដាក់គាត់ធ្វើចត្តាឡីស័ក និងយកសំណាកតែម្ដងទៅ »។ 
 
កន្លងមកអាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានពិន័យទឹកប្រាក់ ១លានរៀល និងឃាត់ខ្លួនបុរសម្នាក់ ដែលបានរត់ពីការធ្វើចត្តាឡីស័កនៅខេត្តកណ្ដាល មកខេត្តពោធិ៍សាត់ផងដែរ។ នេះបើតាមលោក អ៊ឹង គឹមលាង។
 

រូបភាព៖ ទំព័រហ្វេសប៊ុក លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់

ចំពោះស្ថានភាពក្នុងខេត្តពោធិ៍សាត់លោក អុឹង គឹមលាង លើកឡើងថា ការទប់សា្កត់ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ខេត្ពពោធិ៍សាត់បច្ចុប្បន្ននេះ មានសភាពល្អប្រសើរ ដោយមានតែមនុស្សចំនួន១០ នាក់ប៉ុណ្ណោះ វិជ្ជមានកូវីដ-១៩ ហើយសុទ្ធតែជាអ្នកចំណាកស្រុក។ ក្នុងចំណោម ១០នាក់ មាន ៥នាក់ ហើយដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។ ។ នេះជាការបញ្ជាក់របស់អភិបាលរងខេត្តពោធិ៍សាត់។
 
រដ្ឋាភិបាល បានបន្តបិទការធ្វើដំណើរឆ្លងខេត្តរហូតដល់ថ្ងៃទី ២៨ ខែមេសា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងប្រទសកម្ពុជា ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ។ 
សូមជម្រាបផងដែរថា គិតមកដល់ពេលនេះ កម្ពុជា មានឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧០១៣ករណី ក្នុងនោះ ៦៤៧០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍។ អ្នកសះស្បើយមាន២៥២៤នាក់ និងស្លាប់មានចំនួ៤៥ នាក់៕
 

Tag:
 ThmeyThmey25
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com