រុស្ស៊ី បណ្ដេញមន្រ្តីទូតឆែកចេញពីប្រទេស ដើម្បីសងសឹក
អន្តរជាតិ
រុស្ស៊ី បណ្ដេញមន្រ្តីទូតឆែកចេញពីប្រទេស ដើម្បីសងសឹក
19, Apr 2021 , 9:59 pm        
រូបភាព
រុស្ស៊ី នៅថ្ងៃទី១៨ ខែមេសា បានបណ្តេញមន្រ្តីទូតឆែកឱ្យចាកចេញពីប្រទេស ដើម្បីជាការសងសឹកនឹងរដ្ឋាភិបាលក្រុងប្រាក បណ្តេញមន្រ្តីទូតខ្លួន។ មន្ត្រីទូតឆែកមានពេល២៤ម៉ោងដើម្បីចាកចេញ។



 
ឆែក នៅថ្ងៃទី១៧ ខែមេសា បានបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន១៨នាក់។ ការបណ្តេញមន្រ្តីទូតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងបា្រក បានចោទចារកិច្ចរុស្ស៊ីថាមានទាក់ទិននឹងការបំផ្ទុះឃ្លាំងផ្ទុកគ្រាប់មួយកន្លែង នៅក្នុងភូមិ Vrbetice កាលពីឆ្នាំ២០១៤ ។ 
 
ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ី បានដាក់ឱសានវាទឱ្យមន្រ្តីទូតឆែកចំនួន ២០រូប ចាកចេញពីប្រទេសរយៈពេល ២៤ម៉ោង។ ការបណ្តេញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី បានកោះហៅអគ្គរដ្ឋទូតឆែក លោក Vitezslav Pivonka ។ ក្រសួងការបរទេសរុស្ស៊ី បានចាត់ទុកការបណ្តេញមន្រ្តីទូតរបស់ខ្លួន គឺគ្មានហេតុផលត្រឹមត្រូវ និងមិនធ្លាប់មានពីមុនមក។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន DW។ 
 
ទន្ទឹមនេះ រដ្ឋាភិបាលក្រុងមូស្គូ បានចាត់ទុកសកម្មភាពរបស់ទីក្រុងប្រាក ជាការយកចិត្តក្រុងវ៉ាស៊ីនតោន ដែលបានដាក់ទណ្ឌកម្មលើ និងបណ្តេញមន្រ្តីទូតរុស្ស៊ីនាពេលថ្មីៗនេះ។ បន្ទាប់ពីការបណ្តេញ មន្រ្តីទូតរុស្ស៊ីពីសំណាក់ទីក្រុងប្រាក រដ្ឋបាលអាមេរិក បានចេញមុខគាំទ្រជំហររដ្ឋាភិបាលឆែក ប្រឆាំងនឹងទង្វើរបស់រុស្ស៊ី។ ចំណែកប៉ូឡូញ ក៏គាំទ្រសេចក្តីសម្រេចរបស់ឆែកផងដែរ។ 
 
នៅក្នុងថ្ងៃទី១៨ ខែមេសា ដដែលនេះ ឆែក បានប្រាប់ពីការបំផ្ទុះកន្លែងស្តុកគ្រាប់កាលពីឆ្នាំ២០១៤ ទៅ NATO និងសហភាពអឺរ៉ុបផងដែរ។ ប្រសិនគ្មានការប្រែប្រួលទេ រដ្ឋមន្រ្តីការបរទេសអឺរ៉ុបត្រូវរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃទី១៩ ខែមេសា ដើម្បីជជែកពីបញ្ហារុស្ស៊ី និងបញ្ហាសុខភាពរបស់អ្នកនយោបាយប្រឆាំងក្រុងមូស្គូ លោក Alexei Navalny។ 
 
មកទល់ពេលនេះ រុស្ស៊ី ជាមួយនឹងបណ្តាប្រទេសចំនួន៣ ក្នុងនោះរួមមានអាមេរិក អ៊ុយក្រែន និងឆែកបានបណ្តេញមន្រ្តីទូតទៅវិញទៅមក ដោយផ្អែកជម្លោះរៀងៗខ្លួន៕
 

Tag:
 រុស្ស៊ី
  ឆែក
© រក្សាសិទ្ធិដោយ thmeythmey.com