អន្តរជាតិ
ឥណ្ឌា កំពុងខ្វះគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈករណីឆ្លងបន្តកើនឡើងឥតឈប់ឈរ
19, Apr 2021 , 11:29 pm        
រូបភាព
ូបភាព Reuters
ូបភាព Reuters
ករណីកូវីដ-១៩ នៅឥណ្ឌាក្នុងថ្ងៃទី១៩ ខែមេសានេះ បានកើនឡើងបន្ថែមដល់ទៅជាង ២៧ម៉ឺនករណី។ ការកើនឡើងចំនួនអ្នកឆ្លងឥតឈប់ឈរនេះបានធ្វើឱ្យឥណ្ឌា ជួបបញ្ហាខ្វះខាតគ្រែនៅតាមមន្ទីរពេទ្យ និងសម្ភារព្យាបាលសម្រាប់អ្នកជំងឺកូវីដ-១៩ ។


ស្ថានភាពជំងឺកូវីដ-១៩ នៅឥណ្ឌា ដូចជាមិនមានការថមថយឡើយ បើទោះជាប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ការរីករាលដាលក៏ដោយ។ ដោយសារតួលេខអ្នកឆ្លងប្រចាំថ្ងៃមានចំនួនកើនឡើងជាលំដាប់ មន្ទីរពេទ្យរបស់ឥណ្ឌាក៏បានជួបបញ្ហាកង្វះគ្រែសម្រាកព្យាបាល និងអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ដល់អ្នកជំងឺជាច្រើន។ នៅមន្ទីរពេទ្យក្នុងរដ្ឋធានីញូវដេលី អ្នកជំងឺពីរនាក់ត្រូវដេកលើគ្រែតែមួយ។
 
ស្របគ្នានេះ នៅលើបណ្តាញសង្គមរបស់ឥណ្ឌា គេក៏ឃើញមានពាក្យត្អូញត្អែររបស់ប្រជាជនជាច្រើន ពាក់ព័ន្ធអំពីបញ្ហា កង្វះគ្រែពេទ្យ បំពង់អុកស៊ីសែន រួមទាំងឱសថព្យាបាលនេះផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្នុងស្ថានភាពបែបនេះ ទីផ្សារធំៗជាច្រើន នៅក្នុងទីក្រុងរបស់ឥណ្ឌាដែលស្ថិតក្នុងតំបន់មានការឆ្លងរាលដាលខ្លាំង ក៏បានប្រកាសបិទ រហូតដល់ថ្ងៃទី២៥ ខែមេសា ដើម្បីចួលរួមទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មីដែរ។
 
បើទោះបីជាមានការឆ្លងរាលដាលយ៉ាងខ្លាំងក៏ដោយ ឥណ្ឌានៅតែបន្តធ្វើពិធីបុណ្យសាសនាផ្សេងៗ ហើយអ្នកនយោបាយឥណ្ឌា នៅតែបន្តប្រមូលផ្តុំគ្នានៅទូទាំងប្រទេសសម្រាប់ដំណើរការបោះឆ្នោតនៅរដ្ឋខ្លះ ដែលមានអ្នកចូលរួមម្តងៗរាប់ពាន់នាក់។ មតិរិះគន់ជាច្រើន ក៏ធ្លាក់លើយុទ្ធសាស្ត្រ ដែលរដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី ប្រើដើម្បីគ្រប់គ្រងរលកទី២  ដោយត្រូវមើលឃើញថាគ្មានប្រសិទ្ធភាពសោះឡើយ។
 
គិតត្រឹមថ្ងៃទី១៩ ខែមេសា ឥណ្ឌាបានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង១២៣,៩ លានដូសមកហើយ ដែលជាចំនួនច្រើនបំផុតនៅលើពិភពលោក បន្ទាប់ពីអាមេរិក និងចិន។ ទោះយ៉ាងណា ឥណ្ឌាមានករណីឆ្លងកូវីដ-១៩សរុបកើនលើស ១៥លានករណីទៅហើយ គឺស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីអាមេរិក ខណៈករណីស្លាប់ក្នុងថ្ងៃទី១៩ មានចំនួនដល់ទៅ ១៦១៩នាក់ឯណោះ៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com