COVID-19
ជាតិ
គ្រប់រោងចក្រសម្លៀកបំពាក់និងស្បែកជើង នៅភ្នំពេញ-តាខ្មៅ ត្រូវបិទបណ្តោះអាសន្ន
19, Apr 2021 , 8:04 pm        
រូបភាព
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបកាលពីឆ្នាំ២០១៣ ថតដោយភ្នាក់ងារសារព័ត៌មាន AFP។
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបកាលពីឆ្នាំ២០១៣ ថតដោយភ្នាក់ងារសារព័ត៌មាន AFP។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ទៅគ្រប់រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រស្បែកជើង និង រោងចក្រផ្នែកផលិតផលធ្វើដំណើរ ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលជាភូមិសាស្រ្តត្រូវបិទខ្ទប់ ឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នសិន។



តាមរយៈសេចក្តីអំពាវនាវចេញនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បញ្ជាក់ដូច្នេះថា៖«វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរ មិនត្រូវបានចាត់ទុកជាវិស័យចាំបាច់ ដែលត្រូវបើកដំណើរការប្រតិបត្តិការ ក្នុងអំឡុងការបិទខ្ទប់នេះទេ ហេតុដូច្នេះ យើង ត្រូវតែបិទដំណើរការ។ ការបិទខ្ទប់នេះ ក៏កំពុងបណ្តាលឲ្យមានការរាំងស្ទះដល់វិស័យព័ស្តុភារ ហើយយើង មិនអាចដឹកជញ្ជូនវត្ថុធាតុដើមនិងផលិតផលសម្រេច បានដោយសេរីទេ»។

សមាគមរោងចក្រកាត់ដេរកម្ពុជា បន្តថា រោងចក្រមួយចំនួន មិនស្ថិតក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដែលជាភូមិសាស្រ្តបិទខ្ទប់នោះទេ តែក៏រងការប៉ះពាលនិងមិនអាចដំណើរការបានដែរ ដោយសារតែកម្មករ-កម្មការិនី រស់នៅក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅបំពេញការងារ។

សមាគមរោងចក្រកាត់ដេរកម្ពុជា បានអំនាវនាវឲ្យរោងចក្រជាសមាជិក មានការយោគយល់ ចំពោះការតម្រូវឲ្យផ្អាកដំណើរការនេះ និងអំពាវនាវឲ្យជួយសម្រួលដល់ស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីការរាលដាលជំងឺកូវីដ-១៩។ សមាគមរោងចក្រកាត់ដេរកម្ពុជា ថែមទាំងស្នើកុំឲ្យភាគីពាក់ព័ន្ធ ដាក់ទោសទណ្ឌលើសមាជិករបស់ខ្លួន ចំពោះស្ថានភាពដ៏លំបាកនេះ។

សូមបញ្ជាក់ថា ពេលចាប់ផ្តើមបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ រដ្ឋាភិបាល បានផ្អាកដំណើរការរាល់អាជីវកម្ម ដែលមិនចាំបាច់និងមិនបម្រើតម្រូវការប្រចាំរបស់ប្រជាពលរដ្ឋ។  មានតែប្រភេទអាជីវកម្មនិងរោងចក្រ ដែលបម្រើតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ពិសេសផ្នែកគ្រឿងបរិភោគ ចំណីអាហារ បន្លែ ត្រីសាច់ និង ការផលិតទឹក ជាដើម ទើបអនុញ្ញាតឲ្យបន្តដំណើរការ។

ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនេះ មានរយៈពេល១៤ថ្ងៃទី គឺចាប់ថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៕

Tag:
 COVID-19
  បិទរោងចក្រ
  បិទខ្ទប់ភ្នំពេញ-តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com