កីឡាអន្តរជាតិ
អន្តរជាតិ
Spurs បញ្ចប់តំណែង Mourinho ទំនងពាក់ព័ន្ធការចូលរួមរបស់ខ្លួននៅ ESL ដែលរងការរិះគន់
19, Apr 2021 , 8:24 pm        
រូបភាព
 Tottenham Hotspur បញ្ចប់តំណែងលោក Jose Mourinho ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំបាន១៧ខែ។ ការបញ្ចប់តំណែងនេះ ទំនងជាដោយសារលោក Mourinho មិនពេញចិត្ត បន្ទាប់ពី Spurs ប្រកាសចូលរួមប្រកួតពានរង្វាន់អឺរ៉ុបថ្មី European Super League ដែលរងការរិះគន់យ៉ាងខ្លាំង។ លោក Daniel Levy ប្រធានក្លិប Spurs ថាការចែកផ្លូវដោយសារហេតុផលផ្ទាល់ខ្លួនរបស់ Mourinho ប៉ុណ្ណោះ។


អត្ថបទទាក់ទង

បើតាមការប្រកាសរបស់ក្លិប Spurs មិនត្រឹមតែ Mourinho ម្នាក់នោះទេ សូម្បីសមាជិកគ្រូបង្វឹករបស់លោករួមមានលោក Joao Sacramento, Nuno Santos, Carlos Lalin និង Giovanni Cerra សុទ្ធតែត្រូវបញ្ចប់តំណែងទាំងអស់។

ដំណឹងនៃការចែកផ្លូវគ្នា រវាងក្លិបនិងអ្នកចាត់ការទូទៅរហស្សនាម Special One បានកើតឡើងបន្ទាប់ពីក្លិបមានមូលដ្ឋានក្នុងក្រុងឡុងដ៍មួយនេះ ប្រកាសថាខ្លួនបានចូលរួមជាមួយក្លិបធំៗនៅអឺរ៉ុប១១ផ្សេងទៀត សម្រាប់ព្រឹត្តិការណ៍ European Super League។

ក្លិបទាំង១២ ដែលចូលរួម Super League មាន Liverpool, Manchester United, Arsenal, Chelsea, Manchester City, Tottenham Hotspure, Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan។ ការចូលរួមរបស់ក្លិបទាំង១២ សម្រាប់ការបង្កើតពានថ្មី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការប្រកួត Champions League ទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមជាមួយសហព័ន្ធកីឡាបាល់ទាត់ចំនួន៦ ដែលរួមមានទាំង UEFA ផង។

យ៉ាងណាក៏ដោយ ជុំវិញការបញ្ចប់តំណែងនេះ Spurs បាននិយាយថាមិនមានជាប់ពាក់ព័ន្ធនឹងការចូលរួមរបស់ខ្លួនក្នុងពានរង្វាន់អឺរ៉ុបថ្មី Super League ឡើយ។ ប្រធានក្លិប Spurs លោក Daniel Levy បាននិយាយថា៖ «លោក Mourinho និងបុគ្គលិកគ្រូបង្វឹករបស់លោកបាននៅជាមួយយើងតាមរយៈពេលវេលាដ៏លំបាកបំផុត។ ការចែកផ្លូវអាចជារឿងផ្ទាល់ខ្លួន ខ្ញុំសោកស្តាយដែលអ្វីៗមិនដំណើរការដូចដែលគាត់ និងខ្ញុំបានគិតទុក»។

អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ វ័យ៥៨ឆ្នាំរូបនេះ បានឡើងទៅជំនួសលោក Mauricio Pochettino កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ និង បានដឹកនាំ Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៅ Premier League នៅរដូវកាលមុន។ ហើយបច្ចុប្បន្នក្រុមរហស្សនាមមាន់ខ្នាយមាសធ្វើមិនបានល្អឡើយ ដោយស្ថិតនៅលេខរៀង៧នៃលីគកំពូលអង់គ្លេស និងធ្លាក់ពីក្របខណ្ឌ Europa League ត្រឹមវគ្គ១៦ក្រុមចុងក្រោយកាលពីខែមីនា។

អតីតខ្សែបម្រើ Spurs លោក Ryan Mason នឹងឡើងទៅជំនួសតំណែងលោក Mourinho បណ្តោះអាសន្នសិន រហូតរកបានអ្នកចាត់ការទូទៅថ្មី ស្របពេលក្រុមត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ជាមួយ Manchester City នៅយប់ថ្ងៃទី២៥ ខែមេសានេះ៕




Tag:
 Jose Mourinho
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com