អន្តរជាតិ
នូវែលសេឡង់ថា នឹងចាត់ចែងទំនាក់ទំនងជាមួយចិនខ្លួនឯង មិនឱ្យប្រទេសផ្សេងលូកលាន់ឡើយ
20, Apr 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ Nanaia Mahuta ។ រូបថត AFP
នូវែលសេឡង់ បានបញ្ជាក់នៅថ្ងៃទី១៩ ខែមេសា ថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមប្រទេសទាំង៥ (Five Eyes Alliance) ដឹកមុខដោយអាមេរិក ចូលពាក់ព័ន្ធ ឬផ្ដល់ការណែនាំអ្វីក្នុងគោលនយោបាយរបស់ខ្លួនជាមួយចិនឡើយ។ ប្រមុខការទូតនូវែលសេឡង់ Nanaia Mahuta និយាយចំៗថា ប្រទេសទាំង៥ មិនគួរធ្វើអ្វីហួសពីគោលដៅដើមក្នុងការចែករំលែកព័ត៌មានសម្ងាត់រវាងគ្នានឹងគ្នាឡើយ។

 
ទំនាក់ទំនងនូវែលសេឡង់ជាមួយចិន ទុកឱ្យនូវែលសេឡង់ជាអ្នកចាត់ចែង។ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ បញ្ជាក់បែបនេះនៅថ្ងៃទី១៩ ខែមេសា ដែលវាបានបង្ហាញពីការដកខ្លួនកាន់តែឆ្ងាយរបស់នូវែលសេឡង់ពីក្រុមប្រទេសទាំង៥ (Five Eyes Alliance) ដែលដឹកនាំដោយអាមេរិក។ នូវែលសេឡង់ មានទំនាក់ទំនងល្អប្រសើរជាមួយចិន ដែលខុសពីអូស្ត្រាលីដែលចេញមុខប្រឆាំងតាមអាមេរិករហូតត្រូវចិនដាក់ការរឹតត្បិតទំនិញរាប់មុខ។
 
សម្ពន្ធភាពប្រទេស៥មានសមាជិកដូចជាអាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ និងអូស្ត្រាលី។ កន្លងមក ប្រទេសទាំង៥នេះ ចេញមុខរិះគន់ចិនខ្លាំងៗមិនបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ហុងកុង ឬតៃវ៉ាន់ឡើយ។ ប៉ុន្តែខុសពីអូស្ត្រាលីក្បែរខាង នូវែលសេឡង់ ហាក់ប្រកាន់ជំហរទន់ភ្លន់ជាងគេក្នុងទំនាក់ទំនងជាមួយចិន។ 
 
ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់នូវែលសេឡង់ ហើយប្រទេសទាំងពីរទើបដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅពេលថ្មីៗនេះផង។
 
កន្លងទៅ ទីក្រុងវែលីងតុន មិនធ្លាប់បញ្ជាក់ជំហររបស់ខ្លួនឱ្យច្បាស់ពីបញ្ហានេះឡើយ ប៉ុន្តែលោកស្រី Mahuta អះអាងថា នូវែលសេឡង់ ចង់មានគោលនយោបាយផ្ទាល់ខ្លួនសម្រាប់ទំនាក់ទំនងជាមួយចិន។ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សានូវែលសេឡង់-ចិននៅថ្ងៃទី១៩ ខែមេសា លោកស្រី Mahuta និយាយមិនលាក់លៀមទៀតថា នូវែលសេឡង់មិនចង់ឱ្យសម្ពន្ធភាពនេះ ទៅហួសពីការចែករំលែកព័ត៌មានទៅវិញទៅមកឡើយ ហើយនូវែលសេឡង់បានប្រាប់រឿងនេះទៅកាន់ប្រទេស៤ទៀតរួចហើយដែរ។
 
លោកស្រី Mahuta ដែលជាជនជាតិដើម Maori ក្លាយជារដ្ឋមន្រ្តីការបរទេសក្នុងរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន ក្រោយការបោះឆ្នោតឆ្នាំ២០២០ ។ ការអធិប្បាយខាងលើនេះ បង្ហាញពីការដើរផ្លូវខុសគ្នារវាងនូវែលសេឡង់និងសម្ពន្ធមិត្តជិតស្និទ្ធអូស្ត្រាលីជុំវិញបញ្ហាចិនផងដែរ។ លោកស្រី Mahuta ក៏នឹងជួបជាមួយសមភាគីអូស្ត្រាលី ម៉ារីស ផេន នៅប៉ុន្មានថ្ងៃទៀតដែរ៕
 
 

Tag:
 នូវែលសេឡង់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com