ជាតិ
សេដ្ឋកិច្ច
ក្រុមវារីវប្បករស្នើឲ្យរដ្ឋជួយទិញត្រីពីកសិករដើម្បីផ្គត់ផ្គង់តម្រូវការនាអំឡុងពេលបិទខ្ទប់
20, Apr 2021 , 8:59 pm        
រូបភាព
ត្រីឆ្តោ ដែលអាវីករនៅផ្សារទូលទំពូងលក់កាលពីល្ងាចថ្ងៃទី១៨មេសា ឆ្នាំ២០២១ មានតម្លៃ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
ត្រីឆ្តោ ដែលអាវីករនៅផ្សារទូលទំពូងលក់កាលពីល្ងាចថ្ងៃទី១៨មេសា ឆ្នាំ២០២១ មានតម្លៃ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
សមាគមវារីវប្បករកម្ពុជា នឹងដាក់សំណើទៅក្រសួងពាណិជ្ជកម្មឱ្យជួយប្រមូលទិញត្រីរបស់កសិករដែលកំពុងចាល់នៅពេញស្រះក្នុងតម្លៃសមរម្យ ដើម្បីយកមកផ្គត់ផ្គង់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នាក្នុងអំឡុងពេលបិទខ្ទប់(Lockdown)។ នេះជាការលើកឡើងរបស់ លោក សុខ រ៉ាដែន ប្រធានសហគមវារីវប្បករកម្ពុជា ដោយលោក បានកត់សម្គាល់ឃើញក្នុងថា រយៈពេលប៉ុន្មានថ្ងៃមកនេះនៃការ Lockdown  តម្លៃត្រីនៅលើទីផ្សារបានឡើងថ្លៃសឹងទ្វេដង ខណៈឈ្មួញទាំងនោះបញ្ជាទិញត្រីពីអ្នកចិញ្ចឹមផ្ទាល់ក្នុងតម្លៃមិនរួចដើមផង។

 
ក្នុងរយៈពេលLockdown ភ្នំពេញ និងទីក្រុងតាខ្មៅ បាន៥ថ្ងៃកន្លងមកនេះ ឈ្មួញមួយចំនួនបានឆក់យកឱកាសនេះ ដំឡើងតម្លៃត្រីនៅលើទីផ្សារ ដោយត្រីអណ្តែងជាធម្មតាមានតម្លៃត្រឹមតែ១ម៉ឺនរៀល បានថ្លៃឡើងដល់១,៥ម៉ឺនរៀល ឬឈានទៅដល់១,៨ម៉ឺនរៀល។ រីឯត្រីឆ្តោវិញ ដែលមានតម្លៃ១,២ម៉ឺនរៀល បានឡើងទៅដល់២ម៉ឺនរៀលឬលើសពីនេះ និងត្រីប្រាឡើងថ្លៃរហូតដល់១,៥ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ដោយឈ្មួញ ឬអាជីវករទាំងនោះលើកឡើងថា កសិករឬវារីវប្បករចិញ្ចឹមត្រីមិនសូវបាន។
ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្ថានភាពដ៏លំបាក និងឆ្លើយតបនឹងការលើកឡើងរបស់ឈ្មួញដែលមានបំណងចង់តែនាំចូលត្រីពីប្រទេសវៀតណាមនោះ លោក រ៉ាដែន  បានអះអាងថា សមាជិតរបស់សមាគមវារីវប្បករកម្ពុជា មានត្រីប្រា ត្រីពោ ត្រីឆ្តោ និងត្រីអណ្តែង រហូតជាង១,២ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ។  លោក បានរៀបរាប់ថា ក្នុងចំណោមបរិមាណត្រីជាង១,២ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារនេះ មានត្រីប្រា មាន៩ ៣៩៥តោន, ត្រីឆ្តោ មាន១ ៨៦៥តោន, ត្រីពោ មាន៩១៥តោន និងត្រីអណ្តែង មាន២០៩តោន។ ក្រៅពីត្រីទាំងនេះ ក៏មានត្រីក្រាញ់ និងត្រីឆ្ពិន ផងដែរ។ 
 
ដោយសារតែ បរិមាណត្រីរបស់កសិករចិញ្ចឹមបានច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែកសិករឬវារីវប្បករមិនមានទាំងនោះលទ្ធផលដឹកជញ្ជូនត្រីមកផ្គត់ផ្គង់តម្រូវការរបស់ពលរដ្ឋបាន ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនេះ ហើយ ខណៈឈ្មួញកំពុងកេងចំណេញយ៉ាងច្រើនពីឱកាសនេះ សមាគមវារីវប្បករកម្ពុជា នឹងស្នើទៅក្រសួងពាណិជ្ជកម្មឱ្យជួយប្រមូលទិញត្រីនានារបស់ប្រជាកសិករក្នុងនិងក្រៅសមាគមដែលចិញ្ចឹមត្រីបាន យកផ្គត់ផ្គង់ពលរដ្ឋនៅភ្នំពេញ ក្នុងតម្លៃសមរម្យ។


 លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា។

លោក សុខ រ៉ាដែន បាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម នាល្ងាចថ្ងៃទី២០មេសា ឆ្នាំ២០២១ ដូច្នេះ៖« យើងនឹងសំណូមពរឱ្យក្រសួងពាណិជ្ជកម្មជួយទិញត្រី[របស់កសិករយើង] យកមកលក់នៅភ្នំពេញ»។ លោកបន្តថា៖«កន្លងមកក្នុងពេលបិទខ្ទប់ភ្នំពេញ និងទីក្រុងតាខ្មៅ ក្រសួងពាណិជ្ជកម្មមានអង្ករ និងមី លក់ជូនពលរដ្ឋក្នុងតម្លៃសមរម្យ។ អ៊ីចឹង! យើងនឹងដាក់សំណើ ឬអំពាវនាវទៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យជួយប្រមូលទិញត្រីពីកសិករយើងមក ដើម្បីលក់ចាកចាយឱ្យបងប្អូន ឬ ពលរដ្ឋនៅ ភ្នំពេញ»។
 
ប្រធានសមាគមន៍វារីវប្បករកម្ពុជារូបនេះបន្ថែមថា  រដ្ឋាភិបាល តាមរយៈ ក្រសួងពាណិជ្ជកម្ម ក៏ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អាចសហការគ្នា ក្នុងការប្រមូលទិញត្រីពីប្រជាកសិករ នៅក្នុងតម្លៃសមរម្យ ដើម្បីបំពេញសម្រេចត្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងស្ថាននៅក្នុងស្ថានភាពបិទខ្ទប់ នៃការរាតត្បាតជំងឺកូវីដ-១៩។ «ត្រីដែលរដ្ឋទិញបានពីកសិករ គឺអាចក្លេស្សេឱ្យត្រជាក់ឬបង្កកត្រីទាំងនោះ ហើយរៀចំឬវេចខ្ចប់ជាកញ្ចប់ៗ[ទម្ងន់២គីឡូក្រាម, ៣គីឡូក្រាម និង៥គីឡូក្រាម... ទៅតាមប្រភេទត្រីនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការលក់ជូនពលរដ្ឋ នៅតំបន់បិទខ្ទប់»។ លោក សុខ រ៉ាដែន បានរៀបរាប់យ៉ាងដូច្នេះ។ 
 
បើប្រធានសហគមវារីវប្បករកម្ពុជារូបនេះ ការប្រមូលទិញត្រីគ្រប់ប្រភេទរបស់រដ្ឋាភិបាល តាមរយៈក្រសួងមានសមត្ថកិច្ចពីប្រជាកសិករនៅតាមបណ្តាខេត្តដែលកំពុងច្រាល់ពេញស្រះនេះ មិនត្រឹមជាដំណោះដ៏ល្អសម្រាប់ដោះស្រោយបញ្ហាទីផ្សាររបស់កសិករ ឬវារីវប្បករនានា ដែលបានជួបប្រទះតាំងពីចុងឆ្នាំ២០២០មក ម្លេះទេ គឺថែមទាំងអាចមានលទ្ធភាពផ្គត់ផ្គង់ត្រីដែលមានគុណភាព និងសុវត្ថិភាព ជូនពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ភ្នំពេញ និងទីក្រុងតាខ្មៅ ក្នុងតម្លៃសមរម្យ ថែមទៀត។
 
វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ មានរយៈពេល១៤ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ ២៨មេសា ឆ្នាំ២០២១។ ក្នុងករណីស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ មិនអាចគ្រប់គ្រងបាន រដ្ឋាភិបាលនឹងពិចារណាបន្តបិទខ្ទប់តំបន់សំខាន់ទាំងពីរនេះ ថែមទៀត៕ 
 
 
 
 
 

Tag:
 ត្រី
  សមាគមវារីវប្បករកម្ពុជា
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com