ជាតិ
ការលក់សំបុត្រចូលទស្សនាតំបន់អង្គរ បន្តផ្អាកដល់ថ្ងៃទី២៨មេសា
20, Apr 2021 , 9:59 pm        
រូបភាព
ការលក់សំបុត្រ និងការចូលទស្សនាប្រាសាទនានា នៅរមណីយដ្ឋានអង្គរ នឹងបន្តផ្អាករហូតដល់ថ្ងៃទី ២៨ មេសាខាងមុខ។ ការបន្តផ្អាកនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបន្តបិតំបន់ទេសចរណ៍ទូទាំងប្រទេស និងការធ្វើដំណើរឆ្លងខេត្ត  រហូតដល់ថ្ងៃទី ២៨ មេសា។  ការផ្អាកលក់សំបុត្រ និងការចូលទស្សនារមណីយដ្ឋានអង្គរ បានផ្អាកតាំងពីថ្ងៃទី ៧មេសាមកម្ល៉េះ ជាពេលដែលរដ្ឋាភិបាល ប្រកាសផ្អាកតំបន់ទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។


អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការការលក់សំបុត្រ និងការចូលទស្សនាប្រាសាទនានា នៅរមណីយដ្ឋានអង្គរ នឹងបន្តរហូតដល់ថ្ងៃទី ២៨ មេសា ស្របតាមសេចក្តីសម្រេចថ្មីមួយរបស់រដ្ឋាភិបាល ដែលបានប្រកាសបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ ៧៤៤៤នាក់ ក្នុងនោះ ៦៨៩៩នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន២៥៥៥នាក់ និងស្លាប់៤៩នាក់។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពង់ស្ពឺ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។
 
សម្រាប់ខេត្តសៀមរាប បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៧នាក់។  ការរកឃើញជាបន្តបន្ទាប់នៃអ្នកតេស្តវិជ្ជមានកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ បានបង្ខំឱ្យ   អាជ្ញាធរសៀមរាប សម្រេចបិទខ្ទប់ សង្កាត់ចំនួន៣ គឺសង្កាត់ដង្គំ សាលាកំរើក និងសង្កាត់សៀមរាប ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២៩ មេសាផងដែរ៕
 
 
 

Tag:
 អាជ្ញាធរជាតិអប្សរា
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com