COVID-19
ជាតិ
ពលរដ្ឋ១១នាក់ហើយ ដែលវិជ្ជមានកូវីដ-១៩ បានលួចធ្វើដំណើរចូលខេត្តព្រៃវែង
20, Apr 2021 , 11:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
ភ្នំពេញ៖ អាជ្ញាធរខត្តព្រៃវែង បានរកឃើញមនុស្សចំនួន១១នាក់ ដែលវិជ្ជមានកូវីដ-១៩ ហើយបានលើ្មសបម្រាបរដ្ឋាភិបាល ចល័តទីចូលខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ មេសា។  តាមរដ្ឋបាលខេត្តព្រៃវែងជនល្មើសបម្រាបទាំង១១នាក់នេះ នឹងត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌ តាមមាត្រា១០ និង១១នៃច្បាប់ស្តីពីកូវីដ-១៩ ក្រោយព្យាបាលជា និងធ្វើចត្តាឡីស័ករួចរាល់។


អាជ្ញាធរខេត្តព្រៃវែងបានបង្ហាញមុខពលរដ្ឋល្មើសបម្រាបការធ្វើដំណើរឆ្លងខេត្តទាំង១១នាក់នោះ នៅលើទំព័រហ្វេសប៊ុកខ្លួនក្រោយតេស្តវិជ្ជមានកូវីដ-១៩។ តាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងចំណោមពលរដ្ឋទាំង១១នាក់នោះមាន២នាក់ជាអ្នកស្រុកកំចាយមារ, ៥នាក់ ជាអ្នកស្រុកស៊ីធរកណ្ដាល, ម្នាក់ជាអ្នកស្រុកពាមរក៍, អ្នកស្រុកពាមជរម្នាក់, អ្នកស្រុកស្វាយអន្ទរម្នាក់និងម្នាក់ទៀតជាអ្នកស្រុកព្រះស្តេច។ បច្ចុប្បន្នអ្នកទាំង១១នេះ កំពុងទទួលការព្យាបាល ហើយអាជ្ញាធរក៏បន្តស្រាវជ្រាវបន្ថែម ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់និងអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺទាំង១១នាក់នេះដែរ។
 
បន្ទាប់ពីព្យាបាលជាពីជំងឺកូវីដ-១៩ អ្នកល្មើសទាំង១១នាក់ នឹងត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមច្បាប់មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ-១៩។ នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តព្រៃវែង។
 
មាត្រា១០ ច្បាប់ស្តីពីបទមិនគោរពវិធានការរដ្ឋបាល ហើយល្មើសដោយចេតនា នឹងត្រូវពិន័យពី១លានរៀល ទៅ៥លានរៀល។ បើបុគ្គលប្រព្រឹត្តល្មើសច្បាប់មិនបង្កការចម្លជំងឺកូវីដ-១៩ទៅអ្នកដទៃ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ និងពិន័យប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ ហើយបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យប្រាក់ពី ៥លានរៀល ទៅ២០លានរៀល។ 
 
ចំណែកឯមាត្រា១១ ស្តីពីបទរារាំងដល់ការអនុវត្តវិធានការ ដែលជនល្មើសបានបង្កឧបសគ្គដោយចេតនា នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ បើសិនជាបុគ្គលិក ដែលល្មើសច្បាប់នេះហើយបង្កឲ្យមានការចម្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
 
ទាក់ទងនឹងការលួចឆ្លងចូលទឹកដីព្រៃវែងពីប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលហាមឃាត់ការធ្វើដំណើរឆ្លងខេត្តនេះ កន្លងទៅថ្មីៗនេះអភិបាលខេត្តព្រៃវែង លោក ជា សុមេធី បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចាត់វិធានការក្ដៅលើជនល្មើសនិងការរឹតបន្តឹងការឆ្លងកាត់ ព្រមទាំងដាក់ដែលល្មើសបម្រាបឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com