ជាតិ
សេដ្ឋកិច្ច
ផ្លូវ៦០ម៉ែត្រ ក្លាយជាកន្លែងបោះដុំបន្លែ របស់អាជីវករមួយចំនួន
20, Apr 2021 , 9:00 pm        
រូបភាព
បន្ទាប់ពីផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញដូចជា ផ្សារដើមគ ផ្សារនាគមាស ផ្សារអូរឬស្សី ផ្សារបឹងត្របែកជាដើម បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយសារមានពាក់ព័ន្ធនឹងករណីឆ្លងជំងឺកូវីដ-១៩នោះ មានអាជីវករដឹកបន្លែពីស្រុកស្អាងខេត្តកណ្តាល មកលក់បោះដុំ នៅលើចិញ្ចើមមហាវីថីសម្តេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) ដែលមានទីតាំងជាប់នឹងផ្លូវបំបែកក្បាលថ្នល់។ បើតាមអាជីវករបោះដុំបន្លែទាំងនោះ ការលក់បន្លែនៅលើផ្លូវ៦០ម៉ែត្រនេះ គឺទើបតែមានវត្តមាននាពេលល្ងាចថ្ងៃទី២០មេសា ឆ្នាំ២០២១។

 
សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូខាងក្រោម ដែលអាជីវករមួយចំនួនយកបន្លែមកលក់នៅលើផ្ឡូវ៦០ម៉ែត្រ៖ 


 
បើតាមលោក ប៉ែត យូគៀង ជាអាជីវករបោះដុំបន្លែមួយរូប នៅលើផ្សារ៦០ម៉ែត្រនេះ  ការដាក់បន្លែលក់នៅទីនេះនៅល្ងាចថ្ងៃទីមួយ គឺមិនសូវមានប្រជាពលរដ្ឋ ឬអ្នកទិញបន្លែសម្រាប់លក់បន្ត ដោយសារ អ្នកទាំងនោះមិនទាន់ស្គាល់ទីតាំងថ្មីនេះ និងពិបាកធ្វើដំណើរមកទិញបន្លែ ព្រោះតែការបិទខ្ទប់ការ(Lockdown)នៅភ្នំពេញ និងទីក្រុងតាខ្មៅ។ 
 



ជាមួយគ្នានេះ លោក កូ ស្រេងហាក់ ដែលជាអាជីវករបោះដុំបន្លែដែរនោះ បានអះអាងប្រាប់សារព័ត៌មានthmeythmey នាល្ងាចថ្ងៃទី២០មេសា  ឆ្នាំ២០២១ ថា បន្លែដែលដាក់លក់នៅទីនេះ គឺមានប្រភពមកពីស្រុកស្អាង ខេត្តកណ្តាល ហើយមានតម្លៃសមរម្យ ដោយមិនឡើងថ្លៃឡើយ។  លោកបានបញ្ជាក់បន្ថែមថា បន្លែមួយថង់ទម្ងន់១០គីឡូក្រាម មានតម្លៃពី១៥,០០០រៀល ទៅ២,៥០០០រៀល ដោយអាស្រ័យទៅប្រភេទបន្លែនីមួយៗ៕

















Tag:
 បន្លែ
  ផ្សារដើមគ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com