កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមយក្សអង់គ្លេសទាំង៦ ដកខ្លួនចេញពី ESL វិញ ក្រោយរងប្រតិកម្មខ្លាំង
21, Apr 2021 , 9:59 am        
រូបភាព
Manchester City, Liverpool, Manchester United, Arsenal, Chelsea និង Tottenham Hotspure បានដកខ្លួនចេញពីគម្រោង European Super League ជាផ្លូវការវិញហើយ ក្រោយរងការរិះគន់ខ្លាំង និងប្រតិកម្មពីអ្នកគាំទ្រក្លិបពួគេ។ លោក Aleksander Ceferin ប្រធាន UEFA សាទរចំពោះឥរិយាបថដ៏ប្រពៃនេះ។


ចំណោមក្រុម Premier League ទាំង៦ Manchester City ជាក្លិបដំបូងគេដែលប្រកាសដកខ្លួនចេញពី ESL បន្ទាប់មក Chelsea។ ចំណែក ៤ ក្រុមទៀតរួមមាន Arsenal, Liverpool, Man Utd និង Spurs សុទ្ធសឹងតែបានអនុវត្តតាមក្រោយ។
 
ដំបូងឡើយក្រុមនៃលីគកំពូលទាំង៦នេះ រួមទាំងក្រុមយក្សនៅអឺរ៉ុប៦ទៀត មាន Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan បានប្រកាសគាំទ្រការបង្កើតពានថ្មីឈ្មោះ European Super League នេះ បើទោះមានការព្រមានពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និង សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ក៏ដោយ។
 
ក្លិបទាំង១២ ទទួលការរិះគន់មិនសំចៃមាត់ពីជនល្បីៗក្នុងវិស័យបាល់ទាត់ ក្រុមអ្នកគាំទ្រ គ្រូបង្វឹក រួមទាំងកីឡាកររបស់ពួកគេផ្ទាល់តែម្តង ជុំវិញការគាំទ្រគម្រោងបង្កើតពានថ្មី ESL ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកមួយនេះ។
 
ការរិះគន់ និងការព្រមានខ្លាំងៗពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និង FIFA ជាពិសេសអ្នកគាំទ្រពួកគេ ពិតជាទទួលបានផ្លែផ្កា។ ក្រុមបិសាចក្រហមបានអះអាងក្រោយដកខ្លួនចេញពី ESL បន្ទាប់ពីខ្លួន មើលឃើញពីប្រតិកម្មរបស់អ្នកគាំទ្រខ្លួន រដ្ឋាភិបាលអង់គ្លេសនិងភាគីពាក់ព័ន្ធដទៃទៀត។
 
កាំភ្លើងធំ Arsenal បានផ្ញើលិខិតសុំទោសទៅកាន់អ្នកគាំទ្រ ហើយបាននិយាយថាក្លិបបានសាងកំហុសមួយ ប៉ុន្តែពួកគេបានគេចចេញពីកំហុសនោះហើយ ដោយការធ្វើលិខិតចាកចេញពីគម្រោងគាំទ្រ ESL។
 
ដោយឡែក លោកលោក Daniel Levy ប្រធានក្លិប Spurs បានបង្ហាញការសោកស្តាយចំពោះ ការធ្វើឱ្យថ្នាំងថ្នាក់ដល់អារម្មណ៍អ្នកគាំទ្រ និងអ្នកពាក់ព័ន្ធក្នុងវិស័យកីឡាបាល់ទាត់ ជុំវិញសំណើរខាងលើនេះ។ Man City, Chelsea និង Liverpool សុទ្ធិតែបានរៀបចំលិខិតដើម្បីផ្តាច់ខ្លួនរៀងៗខ្លួនពី ESL។ 
 
លោក Aleksander Ceferin ប្រធាន UEFA បានស្វាគមន៍ និងសារទរចំពោះការផ្លាស់ប្តូររបស់ក្លិបអង់គ្លេសទាំង៦នេះ និងសង្ឃឹមថានឹងបញ្ចប់គម្រោង ESL ដោយបន្ថែមក្រុមនៅ Champions League ពី៣២ ទៅ៣៦ក្រុម ដើម្បីមានការប្រកួតប្រជែងកាន់តែអស្ចារ្យ។
 
យ៉ាងណាក៏ដោយ ក្លិប៦ទៀតរួមមាន Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan នៅមិនទាន់ប្រកាសដកខ្លួននៅឡើយនោះទេ។ ក្នុងនោះដែរប្រធានក្លិបយក្សអេស្ប៉ាញ Real Madrid លោក Florentino Perez និងជាប្រធានគម្រោង ESL ផងអះអាងថាការបង្កើតពានថ្មីនេះគឺជាការ «សង្គ្រោះបាល់ទាត់»។ លោក Perez បន្ថែមថា ការប្រកួតប្រជែងសព្វថ្ងៃនៅមានគុណភាពអន់នៅឡើយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com