អន្តរជាតិ
ប្រធានាធិបតីឆាដដែលដឹកនាំប្រទេស៣០ឆ្នាំ ពលីក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម
21, Apr 2021 , 11:29 am        
រូបភាព
លោក Idriss Déby បាត់បង់ជីវិតដោយសាររបួសក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម។ រូបថត AFP
លោក Idriss Déby បាត់បង់ជីវិតដោយសាររបួសក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម។ រូបថត AFP
យោធារដ្ឋអាហ្វ្រិកឆាដ ប្រកាសនៅថ្ងៃទី២០ ខែមេសា ថា ប្រធានាធិបតី Idriss Déby បានបាត់បង់ជីវិតហើយក្រោយរងរបួសក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម។ កូនប្រុសរបស់លោក ដែលជាឧត្តមសេនីយ៍យោធា នឹងដឹកនាំប្រទេសអាហ្វ្រិកមួយនេះបណ្ដោះអាសន្ន។

 
 
លោក Idriss Déby វ័យ៦៨ឆ្នាំ បានពលីជីវិតក្នុងសមរភូមិ ប៉ុន្មានថ្ងៃក្រោយទើបឈ្នះការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទី៦ ។ ជាអតីតមន្រ្តីយោធាផងនោះ លោក Déby ដឹកនាំឆាដតាំងពីរដ្ឋប្រហារឆ្នាំ១៩៩០ មក ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំកាន់អំណាចយូរជាងគេមួយនៅអាហ្វ្រិក។
 
«លោក Déby បានដកដង្ហើមចុងក្រោយការពារអធិបតេយ្យជាតិនៅសមរភូមិ។» មន្រ្តីយោធាម្នាក់ប្រកាសបែបនេះតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃទី២០ ខែមេសា។ រដ្ឋាភិបាល និងសភា ត្រូវបានរំលាយ ហើយបម្រាមគោចរត្រូវបានដាក់ ឯព្រំដែនក៏ត្រូវបានបិទបណ្ដោះអាសន្ន។ នេះបើតាមការផ្សាយរបស់ BBC ។
 
តាមពិតទៅ លោក Déby ត្រូវស្នាក់នៅរដ្ឋធានី N'Djamena ក្រោយលទ្ធផលបណ្ដោះអាសន្នបង្ហាញថា លោកឈ្នះឆ្នោតទៅហើយ។ ប៉ុន្តែលោកបានធ្វើដំណើរទៅកាន់សមរភូមិជួរមុខដើម្បីសួរសុខទុក្ខទាហានឆាដក្នុងការប្រយុទ្ធទល់នឹងរណសិរ្សដើម្បីការផ្លាស់ប្ដូរនៅឆាដ (Fact) ។
 
ឧត្តមសេនីយ៍ផ្កាយបួន Mahamat Idriss Déby Itno ដែលជាកូនប្រុសលោក Déby នឹងធ្វើជាប្រធានក្រុមប្រឹក្សាយោធាមួយដែលត្រូវបង្កើតដើម្បីដឹកនាំឆាដក្នុងរយៈពេលអន្តរកាលនេះ។ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នឹងធ្វើឡើងពេលរយៈពេលអន្តរកាលបញ្ចប់។ ទង្វើរបស់យោធា ត្រូវបានមើលឃើញថា ផ្ទុយពីរដ្ឋធម្មនុញ្ញដែលកំណត់ឱ្យប្រធានសភាបន្តដឹកនាំប្រទេស ប៉ុន្តែសភាត្រូវបានរំលាយទៅហើយដែរ។
 
៣០ឆ្នាំនៃការដឹកនាំ លោក Déby ក៏រងការរិះគន់ខ្លាំងចំពោះការបំពានសិទ្ធិមនុស្ស ការបំបិទសេរីភាព និងការធ្វើទុក្ខបុកម្នេញក្រុមប្រឆាំង។ ជាមួយគ្នានេះ លោកក៏ទទួលបានការសរសើរចំពោះតួនាទីរបស់ឆាដក្នុងការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមក្នុងតំបន់ មិនថានៅស៊ូដង់ លីប៊ី ឬម៉ាលីឡើយ៕
 
 

Tag:
 ឆាដ
© រក្សាសិទ្ធិដោយ thmeythmey.com