កីឡាអន្តរជាតិ
អន្តរជាតិ
Woodward លាលែងពីតំណែងអនុប្រធានក្លិប ក្រោយ Man Utd ដកខ្លួនចេញពី ESL
21, Apr 2021 , 2:29 pm        
រូបភាព
លោក Ed Woodward នឹងលាលែងពីតំណែងអនុប្រធានប្រតិបត្តិក្លិប Manchester United នៅចុងឆ្នាំ ២០២១។ នេះបើតាមការប្រកាសរបស់ក្លិបបិសាចក្រហម ស្របពេលគេជឿជាក់ថាការលាលែងនេះ ទំនងពាក់ព័ន្ធការចាកចេញរបស់ក្លិបពី European Super League (ESL)។


ការប្រកាសបញ្ចប់តួនាទីរបស់លោក Woodward ធ្វើឡើងនៅចំពោះមុខក្រុម Man Utd រួមជាមួយក្រុម៥ទៀតនៅ Premier League រួមមាន Manchester City, Liverpool, Arsenal, Chelsea និង Tottenham Hotspure ដែលគាំទ្រគម្រោងពានរង្វាន់អឺរ៉ុបថ្មី ESL ហើយក៏ដកខ្លួនចេញវិញនោះ។ ក្លិប ដែលគាំទ្រការបង្កើតពាន ESL ត្រូវទទួលការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសំណាក់ FIFA និងបណ្តាសហព័ន្ធកីឡាបាល់ទាត់នៅអឺរ៉ុបផ្សេងទៀត។
 
លោក Woodward វ័យ៤៩ឆ្នាំ ដែលជាឥស្សរជននាំមុខគេម្នាក់ក្នុងចំណោមច្រើននាក់ដែលគាំទ្រការបង្កើតពាន ESL បានចូលរួមជាមួយ Man Utd កាលពីឆ្នាំ ២០០៥ និងបានកាន់តួនាទីជាអនុប្រធានក្លិបចាប់តាំងពីឆ្នាំ ២០១២ រហូតសព្វថ្ងៃ។ 
 
យ៉ាងណាក៏ដោយ បន្ទាប់ពីផែនការសម្រាប់គម្រោង ESL ត្រូវបានប្រកាសថាមានក្រុមពាក់កណ្តាលបញ្ចប់វិញ លោក Woodward បានលាឈប់ពីតួនាទីរបស់លោកនៅក្នុងក្រុមប្រឹក្សាយុទ្ធសាស្ត្រអាជីពបាល់ទាត់របស់ UEFA ពោលគឺមុនបញ្ចប់តំណែងខ្លួននៅ Man Utd។
 
អ្នកជំនួញសញ្ជាតិអង់គ្លេសរូបនេះ ត្រូវកំណត់ចាកចេញពីតំណែងរបស់លោកជាមួយបិសាចក្រហមនៅចុងឆ្នាំ២០២១ឯណោះ ប៉ុន្តែលោកបានសម្រេចប្រកាសពីការចែកផ្លូវនេះភ្លាមៗដោយខ្លួនឯងតែម្តង។
 
ក្រោយការប្រកាស លោក Woodward អះអាងថាលោកពិតជាមានមោទកភាពខ្លាំងណាស់ដែលបានបម្រើ Man Utd និងជាកិត្តិយសដែលបានធ្វើការឱ្យក្លិបបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោកអស់រយៈពេល១៦ឆ្នាំ៕
 

Tag:
 Ed Woodward
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com