អន្តរជាតិ
លិខិតឆ្លងដែនវ៉ាក់សាំង! ថៃ ចេញលិខិតអនុញ្ញាតឱ្យធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់
21, Apr 2021 , 3:59 pm        
រូបភាព
រដ្ឋាភិបាលថៃ ប្រកាសថា ខ្លួននឹងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដែលជាវិញ្ញាបនប័ត្រសម្គាល់ការ ទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីធ្វើជាឯកសារផ្លូវការមួយសម្រាប់ការអនុញ្ញាតឱ្យធ្វើ ដំណើររបស់អ្នកដែលទទួលបានវ៉ាក់សាំង និងការឆ្លងដែនទៅប្រទេសផ្សេងទៀត។


ជាប្រទេសទីមួយអាស៊ីអាគ្នេយ៍ ថៃ បានបញ្ចេញលិខិតអនុញ្ញាតឱ្យអ្នកទទួលបានវ៉ាក់សាំងក្នុងការ ប្រើប្រាស់សម្រាប់ការធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងការផ្សាយ ក្នុងរាជកិច្ចថៃ នៅថ្ងៃទី២០ ខែមេសា គេឃើញទម្រង់លិខិតបញ្ជាក់ ដែលមានឈ្មោះបុគ្គលលេខសម្គាល់ អត្តសញ្ញាណបណ្ណ ឬលេខលិខិតឆ្លងដែន។  
 
អ្នកដែលអាចទទួលបានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងនេះ ត្រូវតែជាអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ រួចរាល់ជាស្ថាពរ។ លើសពីនេះ វ៉ាក់សាំងនោះ ក៏ត្រូវតែជាវ៉ាក់សាំងដែលបាន ចុះបញ្ជី និងយល់ព្រមឱ្យប្រើនៅថៃ ឬបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២១ ខែមេសា។
 
លើសពីនេះ លិខិតបញ្ជាក់នេះ ត្រូវតែមានហត្ថលេខារបស់មន្រ្តីគ្រប់គ្រងជំងឺ ដើម្បីបញ្ជាក់ថា មាន សុពលភាពក្នុងការប្រើប្រាស់។ ថៃបានអនុញ្ញាតឱ្យមន្រ្តី៦រូប មានសិទ្ធិចុះហត្ថលេខាលើលិខិតនេះ។ មន្រ្តីទាំង៦រូបនេះត្រូវបានចាត់តាំង ឱ្យធ្វើការស្របតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទាក់ទងនឹងការចេញវិញ្ញាបនប័ត្រវ៉ាក់សាំងនេះ។ 
ជាងនេះទៅទៀត វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង អាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ មិនមែន សម្រាប់ការប្រើប្រាស់ជាក្រុមទេ។ ដោយឡែក សម្រាប់កុមារដែលមានអាយុក្រោម៧ឆ្នាំ ត្រូវតែមាន ហត្ថលេខារបស់ឪពុកម្តាយពួកគេ ខណៈអ្នកដែលមិនអាចសរសេរបានតម្រូវឱ្យផ្តិតមេដៃលើលិខិតនេះ ជំនួសវិញ។
 
សូមបញ្ជាក់ថា មិនមែនមានតែថៃនោះទេដែលអនុម័តឱ្យមានការប្រើប្រាស់វិញ្ញាបនបត្រវ៉ាក់សាំង សម្រាប់គោលដៅធ្វើដំណើរ។ កន្លងទៅ ចិន ក៏បានចេញលិខិតនេះសម្រាប់ប្រជាជនរបស់ខ្លួនដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅក្នុង និងទៅក្រៅប្រទេស ហើយក៏មានបណ្តាប្រទេសនៅអឺរ៉ុប មួយចំនួនដូចជា ដាណឺម៉ាក ស៊ុយអ៊ែត និងអេស្តូនី ដែលចង់ធ្វើលិខិតធ្វើដំណើរបែបនេះឱ្យអ្នកទទួល បានវ៉ាក់សាំងរួចរាល់ក្នុងប្រទេសខ្លួនដែរ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com