COVID-19
ជាតិ
នៅមានពលរដ្ឋមួយចំនួន ដង្ហោយសុំស្បៀងពីអាជ្ញាធរ ខណៈពួកគាត់ មិនអាចចេញក្រៅផ្ទះទៅរកចំណូល
21, Apr 2021 , 8:59 pm        
រូបភាព
ពលរដ្ឋ រស់នៅក្នុងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាថតរូបបង្ហោះលើបណ្តាញសង្គម រៀបរាប់ការលំបាកនិងសុំឲ្យអាជ្ញាធរជួយឧបត្ថម្ភស្បៀង។ រូបពីគណនីហ្វេសប៊ុក រី៚ យ៉ា៚
ពលរដ្ឋ រស់នៅក្នុងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាថតរូបបង្ហោះលើបណ្តាញសង្គម រៀបរាប់ការលំបាកនិងសុំឲ្យអាជ្ញាធរជួយឧបត្ថម្ភស្បៀង។ រូបពីគណនីហ្វេសប៊ុក រី៚ យ៉ា៚
ប្រជាពលរដ្ឋខ្វះខាតមួយចំនួន មិនទាន់ទទួលបានការឧបត្ថម្ភស្បៀងពីអាជ្ញាធរនោះទេ ខណៈស្ថានភាពគ្រួសាររបស់ពួកគាត់ កាន់តែលំបាក ដោយសារតែការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ធ្វើឲ្យពួកគាត់ ពិបាកចេញទៅរកប្រាក់ចំណូល។ ពួកគាត់ ទទូចសុំឲ្យអាជ្ញាធរប្រញាប់ផ្តល់ជំនួយដល់ពួកគាត់។

 

រដ្ឋាភិបាលនិងអាជ្ញាធរដែនដី ហាក់សស្រាកស្រាំយ៉ាងខ្លាំង ក្នុងការចែកស្បៀងដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដែលជាភូមិសាស្រ្តត្រូវបិទខ្ទប់បណ្តោះអាសន្ន។ តែមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋខ្វះខាតមួយចំនួន មិនទាន់ទទួលបានការឧបត្ថម្ភស្បៀងពីសំណាក់អាជ្ញាធរនោះទេ។ ប្រជាពលរដ្ឋខ្លះ ក្នុងតំបន់បិទខ្ទប់ ជាពិសេសក្នុងតំបន់ក្រហម បានត្អូញត្អែរពីទុក្ខលំបាកនិងការខ្វះខាតរបស់ពួកគាត់ ហើយអំពាវនាវសុំឲ្យអាជ្ញាធរ ជួយឧបត្ថម្ភស្បៀងជាបន្ទាន់។
 
មធ្យោបាយ ដែលប្រជាពលរដ្ឋ ផ្តល់ដំណឹងពីការខ្វះខាតរបស់ពួកគាត់ ទៅអាជ្ញាធរ ដើម្បីឲ្យអាជ្ញាធរ ជួយឧបត្ថម្ភស្បៀង គឺការបង្ហោះវីដេអូនិងរូបភាពតាមបណ្តាញសង្គម។ ជាមួយគ្នានេះ សារព័ត៌មានថ្មីៗ សង្កេតឃើញថា ក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋដល់ទៅរាប់រយនាក់ ដែលបានចូលទៅដាក់សំណើក្នុងក្រុមតេឡេក្រាមរបស់គណៈកម្មការជាតិគ្រប់គ្រង់ការបិទខ្ទប់ ដើម្បីស្នើសុំស្បៀង។ គណៈកម្មការជាតិគ្រប់គ្រងការបិទខ្ទប់ បានបង្កើតក្រុមតេឡេក្រាមឈ្មោះ «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់» ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំស្បៀង។
 
ចាប់តាំងពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់មក ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចេញមកត្អួញត្អែរជាបន្តបន្ទាប់។ សម្រាប់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ក្រហម គឺកាន់តែជួបការលំបាក់ ដ្បិតតំបន់ក្រហមនេះ ត្រូវអាជ្ញាធរ ដាក់ចេញវិធានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ 
 
ប្រជាពលរដ្ឋ ដែលស្ថិតក្នុងបិទខ្ទប់ អាចមានសេរីភាពធ្វើដំណើរខ្លះ ដូចជា ចេញទៅផ្សារ ឬទៅកន្លែងលក់ដូរ។ ប៉ុន្តែ ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ក្រហម គឺត្រូវហាមឃាត់ជាដាច់ខាតមិនឲ្យចេញពីលំនៅឋាននោះទេ កុំថាឡើយចេញទៅទិញអាហារហូបចុក ទៅតាមផ្សារឬកន្លែងលក់ដូរផ្សេងៗ។ ផ្សារនិងកន្លែងលក់ដូរ ក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការនោះទេ។  
 
មានតែ៣ករណីប៉ុណ្ណោះ ដែលប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម អាចចេញពីលំនៅឋានបាន គឺទី១ មានបញ្ហាសុខភាព ត្រូវទៅមន្ទីរពេទ្យបន្ទាន់ ទី២ ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និង ទី៣ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ (ដូសទី២)។ 
 
ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកក្នុងការរៀបចំដឹកជញ្ជូនស្បៀង និងគ្រឿងបរិភោគ ទៅលក់ឲ្យប្រជាពលរដ្ឋដល់មុខផ្ទះ ក្នុងតំបន់ក្រហម។ ប្រជាពលរដ្ឋ ក៏អាចបញ្ជាទិញតាមប្រព័ន្ធទូរស័ព្ទឬតាមអនឡាញផងដែរ។
 
ក្នុងតំបន់ក្រហម ប្រជាពលរដ្ឋ ដែលមានជីវភាពធូរធា មិនសូវជួបការលំបាកឡើយ។ ប៉ុន្តែ ចំពោះប្រជាពលរដ្ឋ ដែលខ្សត់ខ្សោយ នឹងជួបការលំបាកខ្លាំង ដោយសារតែពួកគាត់ មិនអាចចេញទៅប្រកបមុខរបរឬបំពេញការងារ ដើម្បីទទួលបានប្រាក់ចំណូល។ ដូច្នេះហើយ គឺទាមទារឲ្យអាជ្ញាធរ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋ ដែលខ្សត់ខ្សោយ ក្នុងតំបន់ក្រហម។
 
យ៉ាងណា បច្ចុប្បន្ន អាជ្ញាធរ បានយកស្បៀងទៅចែកជូនប្រជាពលរដ្ឋខ្វះខាតជារៀងរាល់ថ្ងៃ។ កន្លងមក ប្រជាពលរដ្ឋខ្លះ មិនត្រឹមតែទទួលបានស្បៀង ដូចជា អង្ករ មី ត្រីខ នោះទេ តែនៅទទួលបានថវិកា៣០ម៉ឺនរៀលក្នុង១គ្រួសារថែមទៀត។ ប៉ុន្តែ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ (ម្សិលមិញ) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលុបចោលការផ្តល់ជំនួយជាថវិកា៣០ម៉ឺនរៀលក្នុង១គ្រួសារ ហើយបង្វែរជំនួយជាថវិកា៣០ម៉ឺនរៀលនេះ ទៅជាជំនួយស្បៀងអាហារវិញ។
 
រាជធានីភ្នំពេញនិងក្រុងតាខ្មៅ នឹងបន្តបិទខ្ទប់រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ក្រោយសេចក្តីសម្រេចលើកទី១នេះ អស់សុពលភាពឬផុតថ្ងៃកំណត់ រដ្ឋាភិបាល នឹងចេញសេចក្តីសម្រេចម្តងទៀតថា បន្តបិទខ្ទប់ ឬបញ្ឈប់៕ 
 
 
 

Tag:
 COVID-19
  ពលរដ្ឋខ្វះខាត
  ស្បៀង
  តំបន់បិទខ្ទប់
  តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com