អន្តរជាតិ
អបិយជំនឿជ្រុល! សង្ឃថៃមួយអង្គធ្វើអត្តឃាតខ្លួនឯងដើម្បីថ្វាយព្រះ
21, Apr 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
ព្រះសង្ឃថៃមួយអង្គ បានធ្វើអត្តឃាតដោយកាត់ករបស់ខ្លួននាថ្ងៃខួបកំណើត ដើម្បីឧទ្ទិសដល់ព្រះពុទ្ធដោយសារមានជំនឿថា ខ្លួននឹងទទួលបានផលបុណ្យនៅជាតិក្រោយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានថៃ Coconuts Bangkok។

 
ព្រះអង្គ Thammakorn Wangpreecha ព្រះជន្ម៦៨ព្រះវស្សា គង់នៅវត្ត Phu Hin នៃខេត្ត Nong Bua Lamphu ប្រទេសថៃ។ ព្រះអង្គបានសង់រូបសំណាកមួយក្នុងបរិវេណវត្ត ដែលបង្ហាញឃើញព្រះអង្គមួយកាត់ព្រះកេសថ្វាយព្រះ។
 
ក្នុងព្រះផ្នួសប្រមាណ១១ឆ្នាំ ព្រះអង្គ Thammakorn តែងប្រាប់ពុទ្ធបរិស័ទថា ព្រះអង្គនឹងចាកចេញពីពួកគេ ដោយគ្រាន់តែមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដប៉ុណ្ណោះ។ ការធ្វើអត្តឃាតនេះ គឺព្រះអង្គកាត់កដោយម៉ាស៊ីនមួយដែលច្នៃដោយខ្លួនឯង។
 
លោក Booncherd Boonrod ដែលជាប្អូនប្រុសរបស់ព្រះអង្គ Thammakorn បានអះអាងប្រាប់អ្នកសារព័ត៌មានថា បងប្រុសខ្លួនបន្សល់នូវលិខិតមួយច្បាប់ ដែលក្នុងនោះព្រះអង្គបានបញ្ជាក់ពីគម្រោងអត្តឃាតអស់រយៈពេល៥ឆ្នាំមកហើយ។


 
«ព្រះអង្គកាត់ព្រះកេសខ្លួនដើម្បីថ្វាយដល់ព្រះ ដោយមានជំនឿថា នឹងទទួលបានបុណ្យខ្ពស់នាជាតិខាងមុខ»។ លោកបានរៀបរាប់យ៉ាងដូច្នេះ។
 
ពិធីបុណ្យព្រះសពមានអ្នកចូលរួមប្រមាណ៣០០អង្គ/នាក់ ដោយអាជ្ញាធរពុទ្ធសាសនានៅក្នុងប្រទេសថៃ សុំការសហការពីអាជ្ញាធរដែនដី ដើម្បីផ្សព្វផ្សាយដល់ពុទ្ធបរិស័ទកុំឲ្យមានជំនឿបែបនេះ ដោយប្តូរទៅជាការប្រឹងធ្វើទានដល់ជនខ្វះខាត និងការដោះលែងសត្វជាដើម ទើបជារឿងប្រសើរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com