COVID-19
ជាតិ
សម្តេច ស ខេង ឲ្យសមត្ថកិច្ចប្រកាន់អហិង្សា ទោះបីពួកគាត់ជួបផលលំបាកច្រើនលើការបិទខ្ទប់
21, Apr 2021 , 6:08 pm        
រូបភាព
កម្លាំងសមត្ថកិច្ចពេលចុះអនុវត្តវិធានការណ៍បិទខ្ទប់នៅតំបន់ក្រហមក្នុងភូមិសាស្ត្រស្ទឹងមានជ័យ នាល្ងាចថ្ងៃទី២១ ខែមេសា។ ថតដោយ អ៊ូ សុខមាន
កម្លាំងសមត្ថកិច្ចពេលចុះអនុវត្តវិធានការណ៍បិទខ្ទប់នៅតំបន់ក្រហមក្នុងភូមិសាស្ត្រស្ទឹងមានជ័យ នាល្ងាចថ្ងៃទី២១ ខែមេសា។ ថតដោយ អ៊ូ សុខមាន
ដោយ: រួបរួម
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែមេសា នេះ បានផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។



ក្នុងសារលិខិត សម្តេច ស ខេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់លើការអនុវត្តគោលការណ៍នានារបស់រដ្ឋាភិបាល ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

«សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល»។ នេះជាការក្រើនរំលឹករបស់សម្តេច ស ខេង។

រដ្ឋមន្ត្រីមហាផ្ទៃ បានអះអាងថា សម្តេចយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែសម្តេចជំរុញទឹកចិត្តឲ្យរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ សម្តេច ស ខេង បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩៕



© រក្សាសិទ្ធិដោយ thmeythmey.com