ជាតិ
ដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត ក្នុងដំណាក់កាលកូវីដ-១៩ តើមនុស្សគួរធ្វើអ្វីខ្លះ?
22, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ភាពតានតឹងចិត្ត ថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត អាចកើតមានឡើងគ្រប់ពេល ក្នុងដំណាក់កាលកូវីដ-១៩នេះ ជាពិសេសចំពោះអ្នកនៅក្នុងតំបន់បិទខ្ទប់ ដែលរស់ក្នុងមជ្ឈដ្ឋានតូចចង្អៀត មិនអាចចេញទៅក្រៅផ្ទះបាន ហើយកំពុងមានវិបត្តិសេដ្ឋកិច្ចគ្រួសារ។ អ្នកស្រី សុខ ផាណែត អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្តនៃអង្គការ TPO បានផ្ដល់ដំបូន្មានថា ដើម្បីដោះស្រាយបញ្ហាថប់បារម្ភ ឬធ្លាក់ទឹកចិត្តបាន លុះត្រាណាមនុស្ស គិតនិងធ្វើរឿងក្នុងបច្ចុប្បន្នឱ្យបានល្អប្រសើរ ដោយចៀសវាងការបារម្ភទៅថ្ងៃអនាគត និងគិតរឿងដែលកន្លងផុតទៅខ្លាំងពេក។


ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរនេះ មនុស្សត្រូវបានរឹតបន្តឹងការធ្វើដំណើរ ក៏ដូចជាការចេញទៅក្រៅផ្ទះផង។ ការព្រួយបារម្មណ៍អំពីការងារ មុខជំនួញ សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាការសិក្សាជាដើម សុទ្ធតែជាដើមហេតុនាំឱ្យមនុស្សគិតព្រួយច្រើន ទៅដល់ថ្ងៃអនាគត ដែលទាំងនេះហើយ ជាដើមហេតុនាំឱ្យមនុស្សមានបញ្ហាថប់បារម្ភ។
 
ការរស់នៅក្នុងកន្លែងតូចចង្អៀត មិនអាចធ្វើអ្វីដែលខ្លួនចង់ធ្វើបាន ស្របពេលដែលសេដ្ឋកិច្ចគ្រួសារជួបវិបត្តិផង និងបានជួបបញ្ហាមួយចំនួនទៀត អារម្មណ៍តានតឹងអាចនឹងកើតមានឡើង ដែលធ្វើឱ្យពួកគេគិតរឿងមិនល្អៗ កាលពីអតីតកាល ហើយចាប់ផ្ដើមបន្ទោសខ្លួនឯង ឬអ្នកដទៃ នោះគឺជារោគសញ្ញានៃការធ្លាក់ទឹកចិត្ត។
 
ដើម្បីជ្រាបលម្អិតពីរោគសញ្ញា និងការដោះស្រាយបញ្ហាធ្លាក់ទឹកចិត្ត ក៏ដូចជាបញ្ហាថប់បារម្ភ សូមលោកអ្នកស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន និងអ្នកស្រី សុខ ផាណែត អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្តនៃអង្គការ TPO ដូចតទៅ៖




អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្តនៃអង្គការ TPO អ្នកស្រី សុខ ផាណែត បានផ្ដល់ដំបូន្មានថា ក្នុងដំណាក់កាលនេះ មនុស្សគួរគិតថា តើខ្លួនត្រូវធ្វើរឿងណាមួយឱ្យបានល្អក្នុងពេលបច្ចុប្បន្ននេះ ប្រសើរជាងការគិតរឿងអនាគត និងរឿងអតីតកាលដែលមិនមានចម្រើយជាក់លាក់។
 
វិធីមួយចំនួនដែលអាចជួយគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនបាន គឺត្រូវអនុវត្តសកម្មភាពប្រចាំថ្ងៃឱ្យបានទៀងទាត់ ដូចជាការទទួលទានអាហារ ការចូលឬក្រោកពីដំណេក ការបង្កើតភាពរីករាយក្នុងគ្រួសារ ការគិតរឿងបច្ចុប្បន្នភាពផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ និងការធ្វើកិច្ចការងារក្នុងផ្ទះ ដើម្បីឱ្យខ្លួនមានពលកម្មជាដើម ដោយអ្នកស្រី សុខ ផាណែត ថា កាយហើយនឹងចិត្តមានទំនាក់ទំនងគ្នា ដូច្នេះបើផ្នែកណាមួយមានបញ្ហា នោះផ្នែកមួយទៀតក៏ជួបបញ្ហាដូចគ្នា។
 
ប្រសិនបើលោកអ្នកមានបញ្ហាថប់បារម្ភ ឬធ្លាក់ទឹកចិត្ត នោះលោកអ្នកអាចទាក់ទងសុំការប្រឹក្សាយោបល់ពីអ្នកជំនាញ តាមរយៈលេខទូរសព្ទ ០១៧ ២២២ ៣៧២, ០១០ ២២២ ៤៧៨, ០៩៧ ៩១ ១១ ៩១៨ ដោយឥតគិតថ្លៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ៕
 

Tag:
 វិបត្តិផ្លូវចិត្ត
  ថប់បារម្ភ
  បាក់ទឹកចិត្ត
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com