អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ាចំនួនពីរបន្ថែមទៀត
22, Apr 2021 , 10:09 am        
រូបភាព
រូបថត AFP
រូបថត AFP
អាមេរិក នៅថ្ងៃទី២១ ខែមេសា បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ាចំនួនពីរទៀត ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារ និងការបង្រ្កាបលើប្រជាជនយ៉ាងសាហាវឃោរឃៅពីសំណាក់របបសឹក។ ក្នុងថ្ងៃដដែលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានអះអាងថា ប្រជាជនមីយ៉ាន់ម៉ាជិត ២៥ម៉ឺន នាក់ បានចាកចេញពីផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។

 
 
ជាច្រើនលើកហើយ ដែលក្រុងវ៉ាស៊ីនតោន បានដាក់មេដឹកនាំរបបសឹកជាច្រើនរូប រួមទាំងក្រុមហ៊ុនពាក់ព័ន្ធ ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ យ៉ាងណាមិញ ក្រុមយោធានៅតែមិន បន្ទន់កាយវិការរបស់ខ្លួននៅចំពោះមុខសហគមន៍អន្តរជាតិឡើយ។ 
ជាការដាក់សម្ពាធបន្ថែម អាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋចំនួនពីរបន្ថែមទៀតដែលជាប្រភពធនធានរបស់របបយោធា។
 
«សកម្មភាពថ្ងៃនេះ បង្ហាញការប្តេជ្ញារបស់អាមេរិក ដែលផ្តោតលើប្រព័ន្ធថវិកា និងពង្រឹងគណនេយភាពសម្រាប់អ្នកទទួលខុសត្រូវលើរដ្ឋប្រហារ និងការបង្រ្កាបលើប្រជាជន»។ លោកស្រី Andrea Gacki ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២១ ខែមេសា។ 
 
ក្រុមហ៊ុន ដែលអាមេរិក បានដាក់ក្នុងបញ្ជីខ្មៅនេះ មាន សហគ្រាសឈើ និងសហគ្រាសគុជខ្យង។ ក្រុមហ៊ុនដែលរកស៊ីឈើ និងគុជខ្យងនេះ គឺជាអ្នកផ្គត់ផ្គង់ធនធានដ៏សំខាន់សម្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ 
 
ដោយមានប្រភពហិរញ្ញវត្ថុនៅតែមាន របបយោធាក៏អាចបន្តធ្វើសកម្មឃោឃៅលើប្រជាជនឥតស្រាកស្រាន្ត។
ចាប់តាំងពីមានរដ្ឋប្រហារយោធា និងការបង្រ្កាបលើប្រជាជនមីយ៉ាន់ម៉ាពីសំណាក់របបសឹកមក មនុស្សជិត ២៥ម៉ឺននាក់ បានសម្រេចចាកចេញពីផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ នេះបើតាមលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ 
 
បើតាមប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ពិភពលោក គួរចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ខាងលើ។ 
 
រដ្ឋ Karen ហាក់មានស្ថានភាពភៀសខ្លួនខ្លាំងជាងគេ។ តាមការអះអាងរបស់អ្នកនាំពាក្យកងពលទី៥ នៃក្រុមជនជាតិ Karen លោក Padoh Mann Mann  ប្រជាជន Karen ចំនួន ២ពាន់នាក់ បានឆ្លងព្រំដែនទៅថៃ ខណៈប្រជាជនជាច្រើនពាន់នាក់ផ្សេងទៀត បានរត់ចេញពីផ្ទះសម្បែង និងបានលាក់ខ្លួននៅក្នុងព្រៃក្បែរភូមិរបស់គេ។
 
ចំណែកក្រុម Free Burma Rangers ដែលជាក្រុមមនុស្សធម៌មួយ បានប៉ាន់ប្រមាណថា ប្រជាជនជាង២ម៉ឺននាក់ បានចាកចេញពីផ្ទះ នៅក្នុងរដ្ឋ Karen ដោយសារតែមានការវាយប្រហារផ្លូវអាកាសពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា។ ការផ្លាស់ប្តូរកន្លែងរស់នៅបែបនេះ នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងខ្លាំង ដោយសារតែប្រជាជនទាំងនោះ នឹងប្រឈមការខ្វះស្បៀងអាហារ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ប្រជាជនយ៉ាងហោចណាស់ ចំនួន ៧៣០នាក់បានបាត់បង់ជីវិត ដោយសារតែការបង្រ្កាបពីសំណាក់ក្រុមប៉ូលិសមីយ៉ាន់ម៉ា និងមនុស្សជាច្រើនពាន់នាក់ នៅតែបន្តស្ថិតក្រោមការឃុំខ្លួន៕ 
 

Tag:
 អាមេរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com