ជាតិ
អាជ្ញាធរព្រៃវែង បិទចរចរាណ៍៣កន្លែង នៅស្រុកស៊ីធរកណ្ដាល ក្រោយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ល្មើសបម្រាម
22, Apr 2021 , 3:07 pm        
រូបភាព
រូបភាពពីរដ្ឋាបាលខេត្តព្រៃវែង
រូបភាពពីរដ្ឋាបាលខេត្តព្រៃវែង
រដ្ឋបាលខេត្តព្រៃវែង បានសម្រេចបិទចរាចរណ៍ចំនួន៣ទីតាំង នៅឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ចាប់ពីថ្ងៃទី២១ទៅ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥នាក់ ដែលបានលើ្មសបម្រាមរដ្ឋាភិបាល ចល័តទីចូលខេត្តព្រៃវែង។



រដ្ឋខេត្តបាលខេត្តព្រៃវែងនាថ្ងៃទី២២ ខែមេសា បានបញ្ជាក់ា ទីតាំងទាំង៣នោះ រួមមាន ចំណុចផ្លូវក្រាលកៅស៊ូលេខ៣៨៥ ព្រំប្រទល់រវាងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល និងឃុំព្រៃព្នៅ ស្រុកពារាំង។ ចំណុចច្រមុះជ្រូក ព្រំប្រទល់រវាងឃុំពោធិ៍ទី និងឃុំព្រៃទីង និងចំណុចចុងភូមិពោធិ៍ទី ឃុំពោធិ៍ទី និងឃុំឫស្សីសាញ់ ស្រុកស៊ីធីរកណ្ដាល។ 
 
រដ្ឋបាលខេត្តបានបញ្ជាក់ថា ការបើកចរាចរណ៍ឡើងវិញ ក្រោយស្ថានភាពរាលដាលនៃជំងឺកូវីដ-១៩ ធូរស្រាល។ 
 
កាលពីថ្ងៃទី២០ មេសា អាជ្ញាធរខត្តព្រៃវែងបានប្រកាសរកឃើញមនុស្សចំនួន១១នាក់ ដែលវិជ្ជមានកូវីដ-១៩ ហើយបានលើ្មសបម្រាមរដ្ឋាភិបាល ចល័តទីចូលខេត្តព្រៃវែង។ ក្នុងចំណោមពលរដ្ឋទាំង១១នាក់នោះ ៥នាក់ ជាអ្នកស្រុកស៊ីធរកណ្ដាល, ១នាក់ជាអ្នកស្រុកពាមរក៍, អ្នកស្រុកកំចាយមារ២នាក់, អ្នកស្រុកពាមជរ១នាក់, អ្នកស្រុកស្វាយអន្ទរ១នាក់ និងម្នាក់ទៀតជាអ្នកស្រុកព្រះស្តេច។ បច្ចុប្បន្នអ្នកទាំង១១នេះ កំពុងទទួលការព្យាបាល ហើយអាជ្ញាធរក៏បន្តស្រាវជ្រាវបន្ថែម ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ និងអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺទាំង១១នាក់នេះដែរ។
 
ទាក់ទងនឹងការលួចឆ្លងចូលទឹកដីព្រៃវែងនេះ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចាត់វិធានការក្ដៅលើជនល្មើសនិងការរឹតបន្តឹងការឆ្លងកាត់ ព្រមទាំងដាក់អ្នកល្មើសបម្រាមឲ្យធ្វើចត្តាឡីស័កត្រឹមត្រូវ។ 
 
គិតមកដល់ពេលនេះ កម្ពុជា មានឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧,៧៤៧ករណី ក្នុងនោះ ៧,២០២នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍។ អ្នកសះស្បើយមាន២,៧៩៤នាក់ និងស្លាប់មានចំនួន៥៦ នាក់៕
 
 

Tag:
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com