ជាតិ
អាជ្ញាធរ បិទ​ផ្សារ​ទឹកថ្លា និង​ការលក់ដូរ​ជុំវិញ​ផ្សារ មួយទៀត
22, Apr 2021 , 8:19 pm        
រូបភាព
ផ្សារទឹកថ្លា រូបភាពពីរដ្ឋបាលខណ្ឌសែនសុខ
ផ្សារទឹកថ្លា រូបភាពពីរដ្ឋបាលខណ្ឌសែនសុខ
ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​សែន​សុខ សម្រេច​បិទ​ផ្សារ​ទឹកថ្លា និង​ការលក់ដូរ​ជុំវិញ​ផ្សារ​ទឹកថ្លា ដែល​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី​៥ ឧសភា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​អាជីវករ និង​ពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​។


 
​រដ្ឋបាល​ខណ្ឌ​សែន​សុខ បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២២ ខែមេសា​ថា នា​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​អាជីវករ និង​ពលរដ្ឋ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​ស្ថានភាព​នេះ បាន​ឆ្លង​រាលដាល​កាន់តែ​រហ័ស ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​។ 
 
​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​អំពាវនាវ​ដល់​ពលរដ្ឋ  អាជីវករ សន្តិសុខ បុគ្គលិក កម្មករ​រប​ម្រើ​នៅក្នុង​ផ្សារ ដែលមាន​អាការ​សង្ស័យ ប្រញាប់​ទៅធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ នៅ​ផ្លូវ​A ខាងត្បូង​ផ្សារ​ពិភពថ្មី​ឈូក​មាស សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមេសា​។ 
 
​សូមជម្រាបថា បច្ចុប្បន្ន​មាន​ផ្សារ​ចំនួន​១៥ នៅ​រាជធានី​ភ្នំពេញ ដូចជា​ផ្សារ​អូរ​ឬ​ស្សី​, ផ្សារ​ចាស់ ផ្សារ​ដើម​គរ​,​ផ្សារ​នាគ​មាស​, ផ្សារ​ធំ​ទួល​សង្កែ​, បឹងត្របែក​ផ្លា​ហ្សា​, សិន​ជូ​រី​ផ្លា​ហ្សា​, ដេប៉ូ​, ស្ទឹងមានជ័យ​, ត្រពាំង​ថ្លឹង​, ឯករាជ្យ​មួយ ,​ទួល​ពង្រ​, ឈូក​មាស​,​ផ្សារ​រីករាយ  និង​ផ្សារ​ពោធិ៍ចិនតុង ដែល​បាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន រួមទាំង​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com