ជាតិ
អភិបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ក្នុងស្រុករុក្ខគិរី ក្រោយមានអ្នកឆ្លងកូវីដ-១៩ ភូមិខ្នាចអំពរ ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលអាជ្ញាធរ បិទខ្ទប់ រយៈពេល១៤ថ្ងៃ។ រូបភាព៖ រដ្ឋបាលខេត្ត បាត់ដំបង
× ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់(Lockdown)ភូមិខ្នាចអំពរ ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង រយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២២មេសា ដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១។ លោក រតនៈ បានបញ្ជាក់ថា ការបិទខ្ទប់ភូមិនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ទៅតំបន់ផ្សេងទៀត។
បើតាមសេចក្ដីសម្រេចរបស់លោក ងួន រតនៈ កាលពីថ្ងៃទី២១មេសា ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ការធ្វើដំណើរទាំងអស់របស់ពលរដ្ឋក្នុងទីតាំងនេះ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់មួយចំនួនដូចជា ទៅមន្ទីរពេទ្យ កន្លែងព្យាបាល ឱសថស្ថាន ធ្វើសំណាក និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម។ ចំពោះក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបំពេញបេសកកម្មត្រូវមានការអនុញ្ញាតត្រឹមត្រូវ ដោយមានលិខិតបញ្ជាក់។
អភិបាលខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗរាជធានី-ខេត្ត២៥ តាមទូរសព្ទ ថា ការបិទខ្ទប់ភូមិខ្នាចអំពរ គឺជាលើកដំបូងហើយ ដែលកន្លងមកខេត្តបាត់ដំបងមិនទាន់មានតំបន់មួយណាបិទខ្ទប់ឡើយ។ «កន្លងមកយើងគ្រាន់តែបិទផ្សារធំៗមួយចំនួន ក្នុងក្រុងបាត់ដំបង និងតាមស្រុកផ្សេងៗ ដើម្បីបង្ការជំងឺហ្នឹង[កូវីដ-១៩]។ ប៉ុន្តែ ក្នុងករណីបិទខ្ទប់ភូមិនេះ ព្រោះមានអ្នកកើត[កូវីដ-១៩] អ៊ីចឹង! យើងបិទ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងទៅតំបន់ផ្សេងទៀត»។ លោក ងួន រតនៈ បានរៀបរាប់យ៉ាងដូច្នេះ។
ចំពោះការបិទខ្ទប់នេះ រាល់ការប្រកបអាជីវកម្មដែលមិនមែនជាតម្រូវការចាំបាច់ ក៏ត្រូវហាមឃាត់ លើកលែងតែសមត្ថកិច្ចមានភារកិច្ចច្បាស់លាស់ សេវាផ្គត់ផ្គង់ទឹក ភ្លើង សេវាសុខាភិបាល សង្គ្រោះបន្ទាន់ ឱសថស្ថាន និងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃប៉ុណ្ណោះ។ ចំពោះអ្នកដំណើរដែលចង់ឆ្លងកាត់តំបន់បិទខ្ទប់នេះ ក៏មិនអនុញ្ញាតឲ្យចេញចូលផងដែរ លើកលែងតែ ករណីសង្គ្រោះបន្ទាន់ សេវាដឹកជញ្ជូនចំណីអាហារ ប៉ុណ្ណោះ៕
Tag:
បាត់ដំបូង
Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com