អន្តរជាតិ
កូវីដ-១៩៖ ជប៉ុន ចង់ដាក់ទីក្រុងតូក្យូនិងខេត្ត៣ទៀតក្នុងគ្រាអាសន្នរយៈពេលខ្លី តែមានប្រសិទ្ធភាព
23, Apr 2021 , 5:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋាភិបាលជប៉ុន នឹងរៀបចំដាក់ទីក្រុងតូក្យូ អូសាកា ក្យូតូ និង Hyogo ឱ្យនៅក្រោមស្ថានភាពអាសន្ន រយៈពេលខ្លី តែមានវិធានការខ្លាំង ជាជាងការដាក់ភាពអាសន្នរយៈពេលវែងដែលបង្កផលប៉ះពាល់ខ្លាំង ។ មន្រ្តីជាន់ខ្ពស់ជប៉ុនបញ្ជាក់បែបនេះនៅថ្ងៃទី២៣ ខែមេសា ស្របពេលជប៉ុនកំពុងព្យាយាមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដែលទើបតែផ្ទុះឡើងខ្លាំងជាថ្មីឱ្យបានមុនព្រឹត្តិការណ៍កីឡាអូឡាំពិក។


 
ជប៉ុន នៅថ្ងៃទី២២ ខែមេសា មានករណីឆ្លងកូវីដ-១៩ ចំនួន៨៦១ករណី ដែលជាចំនួនច្រើនបំផុត គិតចាប់ពីចុងខែមករាមក។ ជាមួយករណីឆ្លងផ្ទុះខ្លាំង ជប៉ុនក៏បានស្វែងរកការរៀបចំដាក់ទីក្រុងតូក្យូ និងខេត្តមួយចំនួនក្នុងគ្រាអាសន្នដើម្បីទប់ទល់នឹងរលកទី៤ នៃការវាយប្រហារជំងឺកូវីដ-១៩។ 
 
«យើងត្រូវតែរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជន ហើយយើងត្រូវធ្វើវាដោយភាពម៉ឺងម៉ាត់»។ រដ្ឋមន្រ្តី សេដ្ឋកិច្ចជប៉ុន Yasutoshi Nishimura បានលើកឡើងដូចនេះ នៅថ្ងៃទី២៣ ខែមេសា។ សម្រាប់ វិធានការលើកនេះ លោក Nishimura អះអាងថា ជប៉ុនត្រូវការវិធានការដែលមានឥទ្ធិពលខ្លាំង ដោយ ប្រើរយៈពេលខ្លី។  
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅក្រោមចំណាត់ការភាពអាសន្នថ្មីដែលគ្រោងដាក់ចេញថ្ងៃទី ២៥ ខែមេសាដល់ថ្ងៃទី១១ ខែឧសភា រដ្ឋាភិបាលជប៉ុននឹងឱ្យភោជនីយដ្ឋាន បារ និងហាងខារ៉ាអូខេ ដែលបម្រើគ្រឿងស្រវឹងឱ្យបិទទ្វាអំឡុពេលនោះ ហើយព្រឹត្តិការណ៍កីឡាធំៗ នឹងត្រូវធ្វើឡើងដោយ គ្មានអ្នកចូលរួមទស្សនា។ 
 
ចំណែកហាងលក់ទំនិញ និងការិយាល័យលក់ផ្សេងទៀតដែលមានទំហំធំជាងមួយពាន់ម៉ែត្រការ៉េ ក៏ នឹងត្រូវស្នើឱ្យបិទទ្វារផងដែរ។ ក្រុមហ៊ុននាននឹងផ្តល់ប្រាក់ឧបត្ថម្ភកាន់តែច្រើនសម្រាប់ប្រជាជនដែល ធ្វើការពីផ្ទះ។
 
សូមបញ្ជាក់ថា រលកទី៤ នៃការវាយប្រហាររបស់កូវីដ-១៩ មកលើជប៉ុនបានធ្វើឱ្យប្រទេសនេះជួប បញ្ហាកង្វះគ្រែមន្ទីរពេទ្យសម្រាប់អ្នកជំងឺនៅតាមតំបន់ខ្លះ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងរបស់ជប៉ុន នៅតែមានភាពយឺតយ៉ាវ។ រហូតមកដល់ពេលនេះ ជប៉ុនមានករណីវិជ្ជមានកូវីដ-១៩ សរុបប្រមាណ ៥៥ម៉ឺនករណីមកហើយ និងមានអ្នកស្លាប់ជាង៩ពាន់នាក់៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com