អន្តរជាតិ
ជប៉ុន ប្តេជ្ញាពង្រឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ២០៣០
23, Apr 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី២២ ខែមេសា បានប្រកាសថា ជប៉ុនមានគោល បំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤៦ភាគរយត្រឹមឆ្នាំ ២០៣០។ ការប្តេជ្ញាចិត្ត នេះធ្វើឡើងមុនកិច្ចប្រជុំស្តីពីអាកាសធាតុដែលអាមេរិកជាម្ចាស់ផ្ទះ។


«យើងមានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៤៦ភាគរយក្នុងឆ្នាំ២០៣០ ជំនួស គោលដៅដែលបានកំណត់ពីឆ្នាំ២០១៣»។ លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ លើកឡើង ដូចនេះមុនកិច្ចប្រជុំមេដឹកនាំពិភពលោកស្ដីពីអាកាសធាតុដែលដឹកនាំដោយ ប្រធានាធិបតីអាមេរិក ចូ បៃឌិន។ 
 
គោលដៅថ្មី៤៦ភាគរយនេះ កើនឡើង២០ភាគរយ ធៀបនឹងគោលដៅដាក់ចេញនៅឆ្នាំ២០១៣ ដែល ជប៉ុនដាក់គោលដៅសម្រេចឱ្យបានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន២៦ភាគរយនៅឆ្នាំ២០៣០ ដូចគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
 
តាមពិតទៅ ការដាក់គោលដៅមិនសូវខ្ពស់បែបនេះ ក៏ព្រោះតែជប៉ុននៅតែពឹងផ្អែកខ្លាំងលើការប្រើ ប្រាស់ថាមពលដែលប្រើប្រេងឥន្ធនៈ។ បញ្ហានៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរនៅ Fukushima ក្រោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ បន្តយាយីជប៉ុនដដែល។ ការប្រើប្រាស់ ឥន្ទនៈនេះ ក៏ជាហេតុផលមួយផ្នែកនៃការបំភាយឧស្ម័នផ្ទះកញ្ជក់ទៅក្នុងបរិយាកាសយ៉ាងច្រើន។ 
 
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ លោក ស៊ូហ្កា ក៏បានកំណត់យកគោលដៅអព្យាក្រឹតកាបូនសម្រាប់ ជប៉ុននៅត្រឹមឆ្នាំ២០៥០ សំដៅសម្រេចឱ្យគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងបារីសស្តីពីបម្រែបម្រួល អាកាសធាតុក្នុងការកំណើនសីតុណ្ហភាពផែនដីមិនឱ្យកើនលើសពី១,៥អង្សា។ ការប្តេជ្ញានេះនាំជប៉ុន ឱ្យឡើងមកស្មើអឺរ៉ុប ដែលបានកំណត់យកឆ្នាំ២០៥០ ក្នុងការធ្វើអព្យាក្រឹតកាបូននេះដែរ តែនាំមុខចិន ដែលបានកំណត់ធ្វើឱ្យបាននៅឆ្នាំ២០៦០។ 
 
អំឡុងពេលកិច្ចប្រជុំខាងលើ ប្រទេសជាច្រើន ក៏បានប្រកាសកែប្រែគោលដៅខ្លួនលើការបំភាយឧស្ម័ន ផ្ទះកញ្ចក់ ព្រមទាំងមានការប្តេជ្ញាជាច្រើនទៀត ដែលត្រូវរំពឹងនឹងអនុវត្តនៅពេលអនាគត។ ក្នុងនោះ អង់គ្លេសក៏ប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នេះឱ្យបាន៧៨ភាគរយត្រឹមឆ្នាំ ២០៣៥ដែរ ខណៈកូរ៉េខាងត្បូងប្រកាសលែងផ្ដល់ជំនួយបរទេសលើគម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូថ្ម៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com