COVID-19
ជាតិ
គ្រប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅភ្នំពេញ ត្រូវបិទបណ្តោះអាសន្ន ទិដ្ឋភាពនៅផ្សារទូលទំពូង នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ (រូបដោយ កញ្ញា អ៊ូ សុខមាន)
× ទីបំផុត រដ្ឋបាលរាជធានីភ្នំពេញ មិនរង់ចាំផ្អាកដំណើរការផ្សារម្តងមួយៗទៀតទេ ដោយសម្រេចផ្អាកដំណើរការគ្រប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់តែម្តង។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចេញនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
ការផ្អាកដំណើរផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញនេះ គឺមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ លោក ឃួង ស្រេង បញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ការផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំអស់ គឺដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩។
សេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង បានឲ្យដឹងថា ផ្សារដ្ឋនិងផ្សារមិនរៀបរយទាំងអស់ ដែលត្រូវផ្អាកដំណើរការបណ្តោះអាសន្ន មានដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សារោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និង ផ្សារតាមចិញ្ចើមផ្លូវជាដើម។
អភិបាលរាជធានីភ្នំពេញ ដាស់តឿនថា ដើម្បីចៀសវាងការពិន័យនិងការទទួលខុសត្រូវចំពោះមុខច្បាប់ អាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និង ក្រុមគ្រួសារអាជីវករទាំងអស់ ដែលបានបន្តអាជីវកម្ម ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១មក ត្រូវទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ ជាមួយគ្នានេះ លោក ណែនាំឲ្យពួកគាត់ទាំងអស់ ធ្វើចត្តាឡីស័កតាមផ្ទះឲ្យបានត្រឹមត្រូវក្នុងរយៈពេល១៤ថ្ងៃ ក្រោយពីទៅផ្តល់សំណាករួច។
មុននឹងឈានដល់សម្រេចផ្អាកដំណើរការផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបិទផ្សារជិត២០រួចមកហើយ។ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវរដ្ឋាភិបាល បិទខ្ទប់បណ្តោះអាសន្ន ក្រោយជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំង៕ © រក្សាសិទ្ធិដោយ thmeythmey.com